
ធនាគារកណ្តាលចិននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានសម្រេចរក្សាអត្រាការប្រាក់ឱ្យនៅដដែលក្នុងកម្រិតពី៣,១%ទៅ៣,៦% ដោយអត្រាការប្រាក់នេះបានដាក់ចេញតាំងពីអំឡុងខែតុលា ឆ្នាំ២០២៤ មកម្ល៉េះ។ ការមិនផ្លាស់ប្តូរអត្រាការប្រាក់របស់ទីក្រុងប៉េកាំងនេះ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុរបស់ខ្លួន ចំពេលជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកកំពុងឡើងកម្តៅ។ ការរក្សាអត្រាការឱ្យនៅដដែលរបស់ធនាគារកណ្តាលចិននេះ ធ្វើឡើងចំពេលធនាគារកណ្តាលអាម៉េរិកបានបរក្សាអត្រាការប្រាក់ចន្លោះពី៤,២៥%ទៅ៤,៥% ដែលបានដាក់ចេញកាលពីខែធ្នូឆ្នាំ២០២៤ ឱ្យនៅដដែលដូចគ្នា។
ពាក់ព័ន្ធបញ្ហានេះ លោក ប្រ៊ុច ប៉ាង (Bruce Pang) សាស្ត្រាចារ្យរងនៅសកលវិទ្យាល័យចិននៅទីក្រុងហុងកុងបានលើកឡើងថា អ្នកបង្កើតគោលនយោបាយទទួលស្គាល់ពីសន្ទុះកំណើនដ៏រឹងមាំរបស់ប្រទេសចិន តែពួកគេនៅតែមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារចិននៅតែបន្តរងសម្ពាធដោយសារសង្រ្គាមពន្ធ។
សេដ្ឋកិច្ចរបស់ប្រទេសចិន បានបង្ហាញពីការកើនឡើងតិចតួចក្នុងរយៈពេលពីរខែដំបូងឆ្នាំនេះ ដោយស្ថិតិនៃការលក់រាយបានកើនឡើង៤% បើធៀបនឹងរយៈពេលកាលពីឆ្នាំមុន តែកំណើននេះខ្ពស់ជាងកាលពីខែធ្នូ ដែលមានត្រឹមតែ៣,៧%។ បច្ចុប្បន្នទីក្រុងប៉េកាំងកំពុងផ្តោតលើការជំរុញការប្រើប្រាស់ក្នុងស្រុកជាអាទិភាពគោលនយោបាយកំពូល ដើម្បីទប់ស្កាត់ផលប៉ះពាល់ពីសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើនឡើង៕
ដោយៈ សរ សុជាតិ