សារព័ត៌មាន Yahoo News បានចុះផ្សាយថា ប្រទេសចិន បានប្រកាសចាត់វិធានការប្រឆាំងនឹងក្រុមហ៊ុនដែលមានទំនាក់ទំនងនឹងផលិតកម្មអាវុធសហរដ្ឋអាម៉េរិក ចំនួន៩ កាលពីថ្ងៃទី១៨ ខែកញ្ញា ជុំវិញការលក់អាវុធរបស់សហរដ្ឋអាម៉េរិក ទៅឱ្យកោះតៃវ៉ាន់។ ទីក្រុងប៉េកាំង បានប្រកាសថា ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំងនេះ ដែលមាននៅក្នុងប្រទេសចិន គឺត្រូវបានបង្កក ដែលជាវិធានការចុងក្រោយ ដើម្បីដាក់សម្ពាធបន្ថែមលើសហរដ្ឋអាម៉េរិក ឱ្យបញ្ឈប់ការលក់អាវុធរបស់ខ្លួនទៅកាន់កោះតៃវ៉ាន់។
សេចក្តីថ្លែងការណ៍បាននិយាយថា ស្ថាប័ន និងបុគ្គលនានានៅក្នុងប្រទេសចិន ត្រូវបានអាជ្ញាធរចិនចេញបម្រាមហាមឃាត់មិនឱ្យធ្វើប្រតិបត្តិការជាមួយក្រុមហ៊ុនទាំងនេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាម៉េរិក បញ្ឈប់ជាបន្ទាន់នូវនិន្នាការដ៏គ្រោះថ្នាក់នៃការបំពាក់អាវុធដល់កោះតៃវ៉ាន់។
គូររំលឹកថា មុនពេលចិន ដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនទាំង៩ខាងលើ ចិនបានដាក់ទណ្ឌកម្ម និងហាមឃាត់ក្រុមហ៊ុននានា មិនឱ្យមានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនផលិតអាវុធអាម៉េរិកមួយចំនួនរួចហើយ រួមទាំងក្រុមហ៊ុន Lockheed Martin ផងដែរ។
ចិនបាននិយាយថា ខ្លួនប្រឆាំងដាច់ខាតចំពោះការលក់អាវុធរបស់អាម៉េរិក ទៅឲ្យតៃវ៉ាន់ ហើយបានជំរុញឲ្យក្រុងវ៉ាស៊ីនតោន ដកអាវុធទាំងនោះចេញជាបន្ទាន់ ហើយប្រទេសចិន ក៏បានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដើម្បីគាបសង្កត់ រដ្ឋបាលទីក្រុងតៃប៉ិផងដែរ៕
ដោយៈ សរ សុជាតិ