អាកាសធាតុ

ចិន នាំមុខគេលើការប្តេជ្ញាកាត់បន្ថយផលប៉ះពាល់ដល់បម្រែបម្រួលអាកាសធាតុ


ធ្លាប់ជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេនៅលើពិភពលោក នៅពេលនេះប្រទេសចិន បានក្លាយជាប្រទេសនាំមុខគេលើការប្តេជ្ញាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ តាមការប្តេជ្ញាចិត្តរបស់មហាយក្សចិន ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០៣៥ ខ្លួនសន្យានឹងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ពី៧ទៅ១០% ស្របពេលដែលសហរដ្ឋអាម៉េរិក កំពុងដើរក្នុងទិសដៅផ្ទុយពីចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អាកាសធាតុ
ដោយ

មហាយក្សចិន បានក្លាយជាប្រទេសនាំមុខគេក្នុងការប្តេជ្ញាចិត្តកាត់បន្ថយផលប៉ះពាល់ ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ ស្របពេលសហរដ្ឋអាម៉េរិក កំពុងដើរនយោបាយបញ្ច្រាស​ទិសគ្នា។ ថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូល ស្តីពី បញ្ហាអាកាសធាតុ ដែលរៀបចំដោយអង្គការសហប្រជាជាតិ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយក្នុងសារជាវីដេអូផ្ទាល់ពីទីក្រុងប៉េកាំងថា នៅឆ្នាំ២០៣៥ ចិនប្តេជ្ញានឹងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពី៧% ទៅ១០%។ ជាមួយគ្នានេះ ចិនប្តេជ្ញានឹងបង្កើនសមត្ថភាពទាញយកថាមពលខ្យល់ និងពន្លឺព្រះអាទិត្យឱ្យបាន៦ដងពីកម្រិតឆ្នាំ២០២០ ដើម្បីជំរុញការកាត់បន្ថយតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈក្នុងស្រុក។

ជាមួយគ្នានេះ លោក ស៊ី ជំរុញឱ្យមានការធ្វើសកម្មភាពឆ្លើយតបនឹងបញ្ហាបំពុលផ្សេងៗ ដែលនាំឲ្យមានបម្រែបម្រួលអាកាសធាតុកាន់តែខ្លាំងពីបណ្តាប្រទេសអភិវឌ្ឍន៍នៅលើពិភពលោក។ ទោះបីមិនបានបញ្ចេញឈ្មោះប្រទេសណាមួយក៏ដោយ តែអ្នកវិភាគបានវាយតម្លៃថា ការលើក​ឡើងរបស់លោក ស៊ី ទំនងជាចង់សំដៅដល់សហរដ្ឋអាម៉េរិក។

ពាក់ព័ន្ធបញ្ហានេះដែរ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានថ្លែងការពារការដកខ្លួនរបស់សហរដ្ឋអាម៉េរិក ពីកិច្ចព្រមព្រៀងស្តីអំពីបម្រែបម្រួលអាកាសធាតុទីក្រុងប៉ារីស ខណៈដែលបច្ចុប្បន្នសហរដ្ឋអាម៉េរិក ជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់លំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីចិន។

លោក លី ស៊ូ (Li Shuo) នាយកមជ្ឈមណ្ឌលអាកាសធាតុចិន នៅអង្គការ Asia Society បាននិយាយថា ការគ្រប់គ្រងរបស់ចិន លើបច្ចេកវិទ្យាបៃតង និងការដកថយរបស់ទីក្រុងវ៉ាស៊ីន​តោន អាចជំរុញឱ្យប្រទេសចិន មានសកម្មភាពកាន់តែសកម្មក្នុងការកាត់បន្ថយផលប៉ះពាល់បង្កឡើងដោយបម្រែបម្រួលអាកាសធាតុនៅលើឆាកអន្តរជាតិ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិកនឹងឈានទៅបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបណ្តាប្រទេសនៅអាស៊ានឆាប់ៗនេះ

តំណាងពាណិជ្ជកម្មអាម៉េរិក លោក ជេមីសុន ក្រៀ (Jamieson Greer) បានអះអាងថា អាម៉េរិកនឹងឈានទៅបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មពាក់ព័ន្ធប…

ហុងកុង ស្រីលង្កា ឈីលី និងបង់ក្លាដែសកំពុងស្វែងរកការចូលរួមជាមួយកិច្ចព្រមព្រៀង RCEP

ប្រទេសដែលជាសមាជិកភាពនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលហៅកាត់ថា RCEP អាចនឹងពង្រីកសមាជិកភាពបន្ថែមទៀត ដើម្បីជំរុញ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ