Advertisement
ផ្សារ​ថ្មី​បឹងតាមោក

រដ្ឋបាលរាជធានីភ្នំពេញ ច្រានចោលរឿង រុះរើផ្សារដើមគរ ទៅផ្សារថ្មីនៅបឹងតាមោក


រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃនេះ បានចេញមុខធ្វើសន្និសីទច្រានចោល រឿងបែកធ្លាយថា ផ្សារដើមគរ នឹងត្រូវផ្លាស់ប្តូរទីតាំងទៅកន្លែងថ្មី នៅបឹងតាមោក ដែលជាទីតាំងថ្មី ទើបតែត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតផ្ដល់ដីទំហំ ២០ ហិកតាសម្រាប់សង់ផ្សារថ្មី និងកន្លែងចតយានយន្ដនៅទីនោះ។
អាជីវករ​លក់បន្លែ​នៅផ្សារដើមគរ ពេលយប់ (រូបភាពពី ហ្វេសប៊ុក រដ្ឋាបាលរាជធានីភ្នំពេញ)
ដោយ
Advertisement

ក្រោយពីមាន​​ការចុះផ្សាយ​​យ៉ាងព្រោងព្រាត​​ពីសំណាក់​សារព័ត៌មាន​​ជាច្រើន ដោយអមជា​មួយ​នឹង​លិខិត​​មួយច្បាប់ ដែល​បង្ហាញពី ការអនុញ្ញាត​ពីរាជ​រដ្ឋភិបាល ក្នុងការ​ផ្ដល់ដី ២០ ហិកតានៅ​បឹងតាមោក សម្រាប់​​សាងសង់ផ្សារថ្មី​រួច​មក ឃើញថា មានមតិនៅ​លើបណ្ដាញ​សង្គមខ្លះ បានសម្ដែង​​ការត្រេក​អរ ពេលឭថា​​មាន​ផ្សាថ្មីនៅតំបន់នោះ ខណៈដែល​​ខ្លះទៀត រិះគន់មិន​ចៃមាត់​អំពីការ​ស្នើ​​ដកផ្សារ​ដើមគរ​ ទៅសង់​នៅតំបន់​បឹងតាមោក​នេះ ពិសេស​​គឺពួកគេ​រិះគន់​ចំពោះ​ការចាក់​ដី​លុប​​បឹង ដើម្បី​បង្កើត​ជាផ្សារ​នេះ ព្រោះថា​​បឹងនេះ គឺជា​កន្លែង​​បណ្ដោះ​ទឹក​​ដ៏សំខាន់​មួយចេញ​ពីរាជធានី​ភ្នំពេញ ពិសេស​​គឺទឹក​​កខ្វក់​តែម្ដង។

លិខិត​អនុញ្ញាត​ផ្ដល់ដី ២០ ហិកតា​នៅបឹង​តាមោក សម្រាប់​សាងសង់ផ្សារ​បន្លែថ្មី និងកន្លែងចតយានយន្ដ

ទោះយ៉ាងណា​ នៅថ្ងៃនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញមុខ ធ្វើការ​បដិសេធ​អំពីរឿង​​រុះរើ​​ផ្សារ​ដើមគរ​ទៅរក​ទីតាំង​ថ្មីនេះ ដោយបាន​អះអាង​ថា អាជ្ញាធរ ពុំមាន​គម្រោង​រុះរើផ្សារ​ដើមគរ ឬតម្រូវ​ឲ្យអាជីវករ​កំពុង​លក់ដូរ​នៅផ្សារ​​ដើមគរ ធ្វើការ​ផ្លាស់ប្តូរ​ទីតាំង​អាជីវកម្ម​របស់​ខ្លួន ទៅទីតាំង​ថ្មីណា​មួយ​ឡើយ។

ដោយឡែក គម្រោង​សាងសង់​ផ្សារនៅ​បឹងតាមោក​នេះ ត្រូវបាន​​រដ្ឋបាល​​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឲ្យដឹងថា គឺនឹង​ត្រូវសាង​សង់​ជាផ្សារ​ផ្គត់ផ្គង់​បន្លែ ផ្លែឈើ និងជា​ចំណត​រថយន្ត ក្នុងន័យ​បន្ថែម​ជាទីតាំង​ផ្សារបោះដុំ​មួយកន្លែង​ផ្សេង​ទៀត ដើម្បីជួយ​សម្រួល​ដល់ការ​ប្រកប​អាជីវកម្ម ក៏ដូចជា​ដើម្បី​កាត់បន្ថយ​ និងឈាន​ដល់ការលុប​បំបាត់​ការរំលោភ​យកចិញ្ចើម​ផ្លូវ ទ្រូងផ្លូវ​សាធារណៈ ដើម្បីធ្វើជា​ទីតាំង​លក់បន្លែ​ផ្លែឈើ ដែលបង្ក​ការកកស្ទះ​ចរាចរណ៍ ប៉ះពាល់​ដល់​បរិស្ថាន សណ្តាប់ធ្នាប់ និងអនាម័យ​តាម​ដងផ្លូវ។

រដ្ឋបាល​​រាជធានីភ្នំពេញ ក៏បាន​​សំណូម​ពរឲ្យ ប្រជាពលរដ្ឋ ពិសេស​អាជីវករ​ផ្សារដើមគ​រ​មេត្តាជ្រាប និងរក្សាភាព​ស្ងប់ស្ងាត់ ប្រកបរបរ​ទទួលទាន​ជាធម្មតា និងផ្តល់​ជំនឿទុកចិត្ត​មកលើ​អាជ្ញាធរ ដែលជានិច្ច​ជាកាល យកចិត្ត​ទុកដាក់​ចំពោះជីវភាព​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវករលក់​ដូរ​នៅតាម​ទីរួមផ្សារ​នានា​ក្នុងរាជធានី​ភ្នំពេញ។

គួរជម្រាបថា បឹងតាមោកនេះ គឺជាបឹង​ដ៏ធំជាង​គេមួយ នៅរាជ​ធានី​ភ្នំពេញ ដែលនៅ​សេសសល់​ពីការចាក់​ដីលុប​សម្រាប់​ធ្វើការ​អភិវឌ្ឍ ដូចជាបឹងកក់ និងបឹង​ទំពន់​​ជាដើម ហើយ​កន្លងមក ប្រមុខ​​រាជរដ្ឋា​ភិបាល​​​កម្ពុជា ក៏ធ្លាប់​​បានចេញ​​មុខ​ការពារ​​​បឹងតាមោក​នេះ ពីការរំលោភ​បំពាន​​ចាក់ដី​លុប​​ពីបណ្ដា​ពួកឈ្មួញ​ដីផងដែរ។

ទោះយ៉ាងណា​ មហាជន​​នៅតែ​មិន​ទាន់អស់​ចិត្តនៅ​ឡើយថា ហេតុអ្វី គ្រាន់តែ​​ជាការ​បង្កើត​ផ្សារ​បន្លែ និងកន្លែង​ចតយានយន្ដ​មួយសោះ ហេតុអ្វី​ក៏ត្រូវការ​ដីច្រើន​ដល់ម្លឹង​ ​រហូតដល់ ២០ហិកតា?

ជុំវិញទៅនឹង​បញ្ហានេះដែរ យើងនឹងរង់​ចាំមើល​ទាំងអស់​គ្នាថា តើ​នៅពេល​បាន​សិទ្ធិ​អភិវឌ្ឍ​​ហើយ តើ​អាជ្ញាធរ​ នឹងធ្វើការ​អភិវឌ្ឍ​កម្រិត​ណា? និងមាន​ការសាទរ​​​ពីប្រជាពលរដ្ឋ​កម្រិតណា? ​

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាំចេញ នាំចូលរបស់កម្ពុជានៅតែខ្លាំងមែនទេ នៅដំណាច់ឆ្នាំ២០១៨?

ព័ត៌មាន
និយាយពីវិស័យនាំចេញ នាំចូលរបស់ប្រទេសកម្ពុជា ក្នុងមួយឆ្នាំពេញ ២០១៨ នៅតែរក្សាបានលំនឹងជញ្ជីងពាណិជ្ជកម្មចេញចូលដដែល ពោលទំហំនៃការនាំចេញនា...

អ្នកជំនាញ៖ ១០ឆ្នាំទៀត វិស័យ Fintech អាចនឹងប៉ះពាល់ដល់កម្លាំងពលកម្មប្រមាណ ២០%

ព័ត៌មាន
ដ្បិតតែវិស័យ បច្ចេកវិទ្យាហិរញ្ញវត្ថុ ឬហៅថា Fintech កំពុងមាននិន្នាការរីកលូតលាស់គួរឲ្យចាប់អារម្មណ៍ ក្នុងទីផ្សារកម្ពុជាក៏ពិតមែន ប៉ុន្ដែ អ្...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ