ការលក់អាវុធរបស់សហរដ្ឋអាម៉េរិកទៅឱ្យកោះតៃវ៉ាន់ គឺជាប្រភពដែលបង្កភាពតានតឹងជាញឹកញាប់រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំង ដោយសារមហាយក្សចិន បានចាត់ទុកកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយរបបប្រជាធិបតេយ្យថា ជាទឹកដីរបស់ខ្លួនរហូតមក ប៉ុន្តែការអះអាងនេះក៏ត្រូវបានកោះតៃវ៉ាន់ច្រានចោលរហូតមកដែរ។ ការដាក់ទណ្ឌកម្មនេះ គឺកើតមានឡើងនៅមុនការបោះឆ្នោតប្រធានាធិបតី និងជ្រើសតាំងតំណាងរាស្ត្រនៅកោះតៃវ៉ាន់ នៅថ្ងៃទី១៣ ខែមករា ដ៏ខ្លីខាងមុខ ដែលមហាយក្សចិន បានបង្ខំឱ្យកោះតៃវ៉ាន់ ជ្រើសរើសរវាងសង្រ្គាម និងសន្តិភាព។
ក្រសួងការបរទេសសហរដ្ឋអាម៉េរិក កាលពីខែមុន បានអនុម័តលក់ឧបករណ៍ក្នុងទំហំ៣០០លានដុល្លារ ដើម្បីជួយទ្រទ្រង់ដល់ប្រព័ន្ធព័ត៌មានជាយុទ្ធសាស្ត្ររបស់កោះតៃវ៉ាន់។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍ថា ការលក់សព្វាវុធនាកាលពីពេលថ្មីៗនេះទៅឱ្យកោះតៃវ៉ាន់ បានធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់យ៉ាងធ្ងន់ធ្ងរផងដែរ។
ក្រុមហ៊ុនអាម៉េរិក ដែលនឹងរងទណ្ឌកម្មពីចិន រួមមានក្រុមហ៊ុន ប៊ីអេអ៊ី ស៊ីសស្ទឹម លែន អែន អាម៉ាមឹន (BAE Systems Land and Armaments) ក្រុមហ៊ុន អឺឡាយអិន ថិកស៊ីសស្ទឹម អុបភើរេសិន (Alliant Techsystems Operations) ក្រុមហ៊ុន អ៊ែរ៉ូវ៉ាយរ៉ុនមឹន (AeroVironment) ក្រុមហ៊ុនវ៉ាយអឺសាត (Viasat) និងក្រុមហ៊ុនដាតា លីង សូលូសិន (Data Link Solutions)។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងថា ប្រទេសចិន នឹងបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំងនេះ និងហាមប្រាមបុគ្គល ឬអង្គភាពនានានៅក្នុងប្រទេសចិនមិនឱ្យពាក់ព័ន្ធនឹងក្រុមហ៊ុនទាំងនេះឡើយ។
ទោះជាយ៉ាងណា ស្ថានទូតអាម៉េរិកប្រចាំទីក្រុងប៉េកាំង ប្រទេសចិន មិនបានឆ្លើយតបភ្លាមៗទេចំពោះសំណើសុំការឆ្លើយបំភ្លឺជុំវិញបញ្ហានេះ៕
ដោយ: តែម សុខុម