យន្តហោះចិនហោះចូលក្នុងដែនអាកាសរបស់តៃវ៉ាន់ម្តងហើយម្តងទៀត!

តៃវ៉ាន់បញ្ជូនយន្តហោះ ឲ្យហោះដេញព្រមានយន្តហោះចិន២៩គ្រឿង ចេញពីដែនអាកាសរបស់ខ្លួនសាជាថ្មី


មិនទាន់បានមួយខែស្រួលបួលផង កោះតៃវ៉ាន់កាលពីថ្ងៃអង្គារនេះ បានបញ្ជាឲ្យយន្តហោះចម្បាំងរបស់ខ្លួន ហោះដេញស្ទាក់ដើម្បីព្រមានដល់យន្តហោះចម្បាំងចិនចំនួន ២៩ គ្រឿង ដែលបានហោះចូលក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ដោយគគ្លើនសាជាថ្មីម្តងទៀត ដោយក្នុងនោះ រួមទាំងយន្តហោះទម្លាក់គ្រាប់បែកផងដែរ ដែលហេតុការណ៍នេះ បានបង្កើនតានតឹងថែមមួយកម្រិតថែមទៀតសម្រាប់បញ្ហាដ៏រសើបនៃកោះតៃវ៉ាន់ ចាប់តាំងពីចុងខែឧសភាកន្លងទៅ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
តៃវ៉ាន់បញ្ជូនយន្តហោះ ឲ្យហោះដេញព្រមានយន្តហោះចិន២៩គ្រឿង ចេញពីដែនអាកាសរបស់ខ្លួនសាជាថ្មី

ដែនកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងអះអាងថា ជាផ្នែកមួយនៃប្រទេសចិននោះ បានត្អូញត្អែរក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះថា កងទ័ពអាកាសចិនបានធ្វើបេសកកម្មម្តងហើយម្តងទៀត ដែលយន្តហោះចិនបានតែងតែហោះចូលក្នុងតំបន់ភាគនិរតីនៃតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់ (ADIZ) និងក្បែរកោះប្រាតាសផងដែរ។

លើសពីនេះ តៃវ៉ាន់ហៅសកម្មភាពយោធាដដែលៗរបស់ចិនដីគោកនោះថា ជាសកម្មភាពប្រុងជើងការដើម្បីត្រៀមប្រយុទ្ធ ដែលរៀបចំឡើងដើម្បីលុបបំបាត់កម្លាំងយោធារបស់តៃវ៉ាន់ ហើយក៏ដើម្បីសាកល្បងការឆ្លើយតបរបស់តៃវ៉ាន់ផងដែរ។

ទោះជាយ៉ាងណា កោះតៃវ៉ាន់បាននិយាយថា បេសកកម្មចុងក្រោយរបស់ចិននេះ រួមមានយន្តហោះចម្បាំង ១៧ គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែកប្រភេទ H-6 ចំនួន ៦ គ្រឿង ក៏ដូចជាការវាយប្រហារតាមប្រព័ន្ធអេឡិចត្រូនិច និងយន្តហោះប្រឆាំងនាវាមុជទឹកជាដើម។

សូមគូសបញ្ជាក់ថា បើយោងតាមផែនទី ដែលក្រសួងការពារជាតិតៃវ៉ាន់បានផ្តល់ឲ្យ យន្តហោះមួយចំនួនរបស់ចិន បានហោះទៅភាគឦសាននៃកោះប្រាតាស Pratas ហើយនិងយន្តហោះទម្លាក់គ្រាប់បែក អមដោយយន្តហោះស៊ើបការណ៍សង្ងាត់ បានហោះចូលទៅក្នុងច្រកសមុទ្របាស៊ី (Bashi channel) ហើយឆ្ពោះចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក មុនពេលត្រឡប់ទៅប្រទេសចិនវិញតាមផ្លូវដដែល។

ទន្ទឹមនឹងនេះ តៃវ៉ាន់បានបញ្ជូនយន្តហោះចម្បាំងទៅហោះព្រមានយន្តហោះចិនភ្លាមៗផងដែរ ខណៈដែលប្រព័ន្ធមីស៊ីលបានដាក់ត្រួតពិនិត្យ ថែមទាំងប្រើការឆ្លើយតបរបស់ខ្លួនដោយម៉ឹងម៉ាត់បំផុតចំពោះសកម្មភាពរបស់យោធាចិននេះ។ មែនទែនទៅ វាគឺជាការរំលោភបំពានដ៏ធំបំផុតតបស់ចិនចាប់តាំងថ្ងៃទី ៣០ ខែឧសភាកន្លងទៅ ដែលមានយន្តហោះចម្បាំងចិនចំនួន ៣០ គ្រឿងបានហោះចូលក្នុងដែនអាកាសតៃវ៉ាន់ការពារ។

ទោះបីជាបែបនេះក្តី ប្រទេសចិនមិនទាន់ចេញសេចក្តីអត្ថាធិប្បាយទាក់ទងទង្វើនេះនៅឡើយទេ ប៉ុន្ដែ សកម្មភាពដូចគ្នានេះ កាលពីលើកមុនៗ ទីក្រុងប៉េកាំងបានអះអាងថា វាគ្រាន់តែជាសមយុទ្ធក្នុងគោលបំណងការពារអធិបតេយ្យភាពរបស់ប្រទេសចិនតែប៉ុណ្ណោះ។

មន្ត្រីជាន់ខ្ពស់តៃវ៉ាន់ បាននិយាយកាលពីថ្ងៃពុធថា សមយុទ្ធទ្រង់ទ្រាយធំដោយយោធាចិននេះ បានបង្ហាញថា ការគំរាមកំហែងផ្នែកយោធារបស់ចិនមកលើតៃវ៉ាន់គឺ "កាន់តែធ្ងន់ធ្ងរជាងពេលណាៗទាំងអស់" ។ ទោះជាយ៉ាងនេះក្តី ថ្នាក់ដឹកនាំតៃវ៉ាន់អះអាងថា "តៃវ៉ាន់គ្មានផ្លូវទៅលុនតួ ឬលះបង់អធិបតេយ្យភាព និងលទ្ធិប្រជាធិបតេយ្យទៅឲ្យអ្នកគំរាមគំហែង ឬប្រទេសណាមួយនោះទេ។

បន្លែមពីនេះទៀត អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកមួយរូបបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រតាមអ៊ីមែលថា ទីក្រុងប៉េកាំងគួរតែ "បញ្ឈប់ការដាក់សម្ពាធផ្នែកយោធា ការទូត និងសេដ្ឋកិច្ច និងការបំភិតបំភ័យប្រឆាំងនឹងតៃវ៉ាន់តទៅទៀតទៅ"។

គួរជម្រាបថា នៅរយៈពេលចុងក្រោយនេះ ចិនបានបង្កើនការដាក់សម្ពាធគ្រប់បែបយ៉ាងលើកោះតៃវ៉ាន់ឱ្យទទួលយកអធិបតេយ្យភាពរបស់ខ្លួន។ ប៉ុន្ដែ តៃវ៉ាន់សច្ចាថាខ្លួនចង់បានសន្តិភាពណាស់ ប៉ុន្តែក៏ត្រូវការពារខ្លួនឯងដែរប្រសិនបើមានការវាយប្រហារណាមួយនោះ៕

អត្ថបទ៖ ហ៊ុន គន្ធថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដា និង Western Union ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេស តាមរយៈ អេស៊ីលីដាម៉ូបាល

ព័ត៌មាន
ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជា ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត បានប្រកាសជាសាធារណៈនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២ អំពីកិច្ចសហការគ្នាជ…

ប្រទេសថៃកំពុងប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈនាពេលខាងមុខ ខណៈការនាំចូលឧស្ម័នធម្មជាតិរាវឡើងថ្លៃខ្ពស់

ព័ត៌មាន
ប្រទេសថៃកំពុងកំពុងធ្វើការទប់ស្កាត់ការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ដោយសារតម្លៃរបស់វាហក់ឡើងថ្លៃខ្ពស់ពេក ដែលកត្តានេះ នឹងត្រូវឲ្យប្រទេសថៃនឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ