គ្រប់គ្រងឋានព្រះចន្ទ

ប្រទេសចិនច្រានចោលការចោទប្រកាន់របស់អង្គការណាសាអាមេរិក ដែលថា «ចិននឹងគ្រប់គ្រងឋានព្រះចន្ទ»


ប្រទេសចិនកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានចេញមកច្រានចោលការព្រមានពីប្រធានអង្គការណាសារបស់អាមេរិក ដែលថាប្រទេសចិនអាច «កាន់កាប់» ឋានព្រះចន្ទ ព្រោះវាជាផ្នែកមួយនៃកម្មវិធីយោធារបស់ចិន។ ប្រទេសចិនបានចាត់ទុក ការលើកឡើងរបស់ប្រធានអង្គការអាវកាសមួយនេះថា គឺជាការលាបពណ៌ដោយគ្មានការទទួលខុសត្រូវ។
ប្រទេសចិនច្រានចោលការចោទប្រកាន់របស់អង្គការណាសាអាមេរិក ដែលថា «ចិននឹងគ្រប់គ្រងឋានព្រះចន្ទ»

ក្រៅ​តែ​ពី​ច្រានចោល​ចំពោះ​ការ​លើក​ឡើង​នេះ ប្រទេស​ចិន​បាន​អះអាង​ទៀត​ថា ខ្លួន​តែងតែ​អំពាវនាវ​ឱ្យ​មានការ​កសាង​សហគមន៍​នៃ​គ្រប់​ប្រជាជាតិ​ទាំងអស់​នៅ​ក្នុង​លំហ​អវកាស ពោល​គឺ​មិន​ដែល​ចាត់​លំហ​អាកាស​ជា​ដែន​ផ្ដាច់មុខ​របស់​ចិន ឬ​ប្រទេស​ណាមួយ​នោះ​ឡើយ​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

ក្រុមហ៊ុន​អវកាស​ដ៏​សំខាន់​មួយ​របស់​ប្រទេស​ចិន​បាន​និយាយ​នា​ពេល​ថ្មី​ៗ​នេះ​ថា ប្រទេស​ចិន​ត្រូវ​គេ​រំពឹង​ថា នឹង​បាញ់​បង្ហោះ​គ្រាប់​រ៉ុក្កែត​ជំនាន់​ថ្មី​បំផុត​របស់​ខ្លួន​នៅ​ឆ្នាំ​២០២៨ ដែល​មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការ​បញ្ជូន​យានអវកាស​យានិក​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​។

លោក លីវ ពីង (Liu Bing) អ្នក​រចនា​ប្លង់​ម្នាក់​នៅ​ក្រុមហ៊ុន​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​អវកាស​ចិន​បាន​និយាយ​ថា គ្រាប់​រ៉ុក្កែត​ធុន​ធ្ងន់​ថ្មី​បំផុត​នេះ នឹង​អាច​ដាក់​យានអវកាស​ទម្ងន់​ចន្លោះ​ពី ១៥ តោន​ទៅ ៥០ តោន នៅ​លើ​គន្លង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​។

ទេស​ចិន​បាន​បង្កើន​ល្បឿន​នៃ​កម្មវិធី​អវកាស​របស់​ខ្លួន​នៅ​ក្នុង​រយៈពេល​១​ទសវត្សរ៍​មកនេះ ដោយ​ផ្ដោត​លើ​ការ​រុករក​នៅ​លើ​ព្រះ​ចន្ទ​ជា​ចម្បង​។ ប្រទេស​ចិន​បាន​ចុះ​ចត​យានអវកាស​គ្មាន​មនុស្ស​បើក​នៅ​ឋាន​ព្រះ​ចន្ទ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១៣ ហើយ​រំពឹង​ថា​នឹង​បាញ់​បង្ហោះ​រ៉ុក្កែត​ដែល​មាន​កម្លាំង​គ្រប់គ្រាន់ ដើម្បី​បញ្ជូន​អវកាសយានិក​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ឆ្ពោះទៅ​ចុង​ទសវត្សរ៍​នេះ​។

ប្រធាន​អង្គការ NASA លោក Bill Nelson បាន​ប្រាប់​កាសែត​អា​ល្លឺ​ម៉​ង់ Bild ក្នុង​បទ​សម្ភាសន៍​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ពួក​គេ​ត្រូវ​តែ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដែល​ប្រទេស​ចិន​កំពុង​ចុះ​ចត​នៅ​លើ​ឋាន​ព្រះ​ចន្ទ ហើយ​លោក Nelson ថែម​ទាំង​បាន​ពោល​ទៀត​ថា ប្រទេស​ចិន​នឹង​អាច​និយាយ​ថា «​ឋាន​ព្រះ​ចន្ទ​គឺជា​របស់​ពួក​គេ អ្នក​ផ្សេង​កុំ​ចង់ទៅ​ចូល​ទៅ​ឲ្យ​សោះ​»​។

ប្រធាន​ទីភ្នាក់ងារ​អវកាស​អា​មេ​រិ​ក​រូប​នេះ​បាន​និយាយ​ទៀត​ថា កម្មវិធី​អវកាស​របស់​ចិន​គឺជា​យោធា ហើយ​ថា​ចិន​បាន​លួចគំនិត​និង​បច្ចេកវិទ្យា​ពី​អ្នក​ដទៃ​។

ជុំវិញ​ការ​ចោទប្រកាន់​នេះ លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ចេញ​មក​ឆ្លើយ​តប​ខ្លាំង​ៗ ចំពោះ​ការ​អះអាង​របស់​អង្គការ​ណា​សា ដោយ​និយាយ​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ប្រធាន​រដ្ឋបាល​អាកាសចរណ៍ និង​អវកាស​ជាតិ​សហរដ្ឋអាមេរិក (NASA) មិន​អើពើ​នឹង​ការ​ពិត និង​តែង​និយាយ​ដោយ​គ្មាន​ការ​ទទួលខុសត្រូវ​អំពី​ប្រទេស​ចិន​។

មន្ត្រី​នាំពាក្យ​ចិន​រូប​នេះ​បាន​បញ្ជាក់​ថា ភាគី​សហរដ្ឋអាមេរិក​បាន​បង្កើត​យុទ្ធនាការ​លាប​ពណ៌​ជា​និច្ច​ដើម្បី​ប្រឆាំង​នឹង​ការ​ខិតខំ​ប្រឹងប្រែង​ផ្នែក​លំហ​អាកាស​ជា​ទូទៅ និង​សម​ហេតុផល​របស់​ចិន ហើយ​ចិន​តែង​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​លើក​ឡើង​ដែល​គ្មាន​ទំនួល​ខុស​ត្រូវ​បែប​នេះ​។

លោក Zhao Lijian បាន​បន្ថែម​ទៀត​ថា ប្រទេស​ចិន​តែងតែ​ជំរុញ​ឱ្យ​មានការ​កសាង​អនាគត​រួម​គ្នា​សម្រាប់​មនុស្សជាតិ​នៅ​ក្នុង​លំហ​អវកាស ហើយ​ប្រឆាំង​នឹង​ការ​បំពាក់អាវុធ​របស់​ខ្លួន និង​ការ​ប្រណាំងប្រជែង​សព្វាវុធ​ណាមួយ​នៅ​ក្នុង​លំហ​អវកាស​។

ស្ថិត​ក្រោម​កម្មវិធី Artemis របស់​អង្គការ NASA គឺ​អង្គការ​នេះ​គ្រោង​នឹង​បញ្ជូន​បេសកកម្ម​ផ្ទុក​អវកាសយានិក​ទៅ​កាន់​គន្លង​ព្រះ​ចន្ទ​នៅ​ឆ្នាំ​២០២៤ និង​ធ្វើការ​ចុះ​ចត​នៅ​ជិត​ប៉ូ​ល​ខាងត្បូង​តាម​ដំណើរ​គន្លង​នៃ​ឋាន​ព្រះ​ចន្ទ​នៅ​ឆ្នាំ​២០២៥​។

ហើយ​ប្រទេស​ចិន​ឯណោះ​វិញ​ក៏​គ្រោង​នឹង​រៀបចំ​ផែនការ​បញ្ជូន​បេសកកម្ម​គ្មាន​អវកាសយានិក​ទៅ​កាន់​ប៉ូ​ល​ខាងត្បូង​នៃ​ឋាន​ព្រះ​ចន្ទ​នៅ​ក្នុង​ពេល​ណាមួយ​នៅ​ក្នុង​ទសវត្សរ៍​នេះ​ផង​ដែរ​៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ធនាគារ SME រំពឹងគម្រោងហិរញ្ញប្បទាន ១៥០លានដុល្លារ សម្រាប់អាជីវកម្មទេសចរណ៍ នឹងបញ្ចេញអស់នៅត្រឹមដំណាច់ឆ្នាំនេះ

ព័ត៌មាន
ថ្នាក់ដឹកនាំធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា(SME Bank) បានអះអាងថា ទំហំទឹកប្រាក់កម្ចី១៥០លានដុល្លារ ដែលរាជរដ្ឋាភិបាល និងវិស័យឯកជន ប…

រោងចក្រដំឡើងរថយន្ដ Ford នៅកម្ពុជា ដំឡើងរថយន្ដបាន៥០គ្រឿងហើយ ក្រោយបើកដំណើរការបានកន្លះខែ

ព័ត៌មាន
ក្រោយពីរោងចក្រដំឡើងរថយន្ដ Ford នៅក្នុងខេត្តពោធិ៍សាត់ បើកដំណើរការបានជាង២សប្ដាហ៍រួចមក ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ