អ្នកវិភាគនិយាយថា ចំណាត់ការចុងក្រោយបំផុតនេះដែលធ្វើឡើងដោយគណៈកម្មការកំណែទម្រង់និងអភិវឌ្ឍន៍ជាតិរបស់ប្រទេសចិន ទំនងជាការសងសឹងចំពោះរដ្ឋាភិបាលអូស្ត្រាលីដែលថ្មីៗនេះបានលុបចោលកិច្ចព្រមព្រៀងខ្សែក្រវាត់និងផ្លូវចំនួន ២ រវាងទីក្រុងប៉េកាំង និងរដ្ឋវិចតូរៀ ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានអូស្ត្រាលី ABC ។
សេចក្ដីថ្លែងការណ៍របស់គណៈកម្មការកំណែទម្រង់និងអភិវឌ្ឍន៍ជាតិរបស់ចិន បានចោទប្រកាន់អូស្ត្រាលីថា វាយប្រហារទៅលើប្រទេសចិនដោយមិនត្រឹមត្រូវ ។
ប៉ុន្តែ អ្នកវិភាគមើលឃើញថា ការសម្រេចចិត្តរបស់ចិនទំនងជាមានផលប៉ះពាល់ជាក់ស្ដែងតិចតួចប៉ុណ្ណោះ ទៅលើអូស្ត្រាលី ។
កិច្ចសន្ទនាសេដ្ឋកិច្ចយុទ្ធសាស្ត្រចិន-អូស្ត្រាលីលើកចុងក្រោយបង្អស់ បានធ្វើឡើងកាលពីឆ្នាំ២០១៧ ដែលកាលណោះ រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី Steve Ciobo បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងដើម្បីកិច្ចចរចាគ្នា ។
ប៉ុន្តែ ទំនាក់ទំនងទ្វេភាគីនេះបានកើតមានបញ្ហាល្អក់កករតាំងពីពេលនោះមកម្ល៉េះ ហើយកាន់តែអាក្រក់ថែមទៀត កាលពីឆ្នាំទៅមិញ បន្ទាប់ពីរដ្ឋាភិបាលក្រុងកង់ប៊ែរ៉ាអំពាវនាវឲ្យមានការស៊ើបអង្កេតជាអន្តរជាតិទៅលើប្រភពដើមនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលនាំឲ្យមានការសងសឹកផ្នែកពាណិជ្ជកម្មពីសំណាក់ក្រុងប៉េកាំង ។
អ្នកវិភាគ លោក Jeffrey Wilson មកពីមជ្ឈមណ្ឌល Perth US Aisa បាននិយាយថា ការសម្រេចចិត្តព្យួរកិច្ចសន្ទនានេះពីភាគីចន គឺគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ ដោយពុំមានផលប៉ះពាល់អ្វីដុំកំភួនទេ ។ លោកថា វាហាក់បង្ហាញថា ចិន«អស់គ្រាប់»បាញ់អូស្ត្រាលីហើយ ។
លោក Wilson បាននិយាយថា ចិនបានដាក់ទណ្ឌកម្មលើវិស័យនាំចេញធំៗទាំងអស់របស់អូស្ត្រាលីរួចហើយ, ការវិនិយោគទ្វេភាគីក៏បានដួលរលំ ហើយកិច្ចពិភាក្សាអន្តររដ្ឋាភិបាលក៏លែងមានទៀតដែរ ៕