ក្រុងប៉េកាំងព្រមានអាមេរិក

ទីប្រឹក្សាក្រុងប៉េកាំងព្រមានអាមេរិកថា វិធានការទប់ស្កាត់ការនាំចេញវត្ថុធាតុដើមរបស់ចិន គឺគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ


ទីប្រឹក្សាគោលនយោបាយពាណិជ្ជកម្មចិនដ៏មានឥទ្ធិពលមួយរូបបាននិយាយកាលពីថ្ងៃពុធថា ការទប់ស្កាត់ការនាំចេញរបស់ចិនលើលោហធាតុដែលប្រើក្នុងការផលិតបន្ទះឈីបគឺ«គ្រាន់តែជាការចាប់ផ្តើម»ប៉ុណ្ណោះ ខណៈទីក្រុងប៉េកាំងបង្កើនការប្រយុទ្ធផ្នែកបច្ចេកវិទ្យាប្រឆាំងនឹងក្រុងវ៉ាស៊ីនតោននៅប៉ុន្មានថ្ងៃមុនទស្សនកិច្ចរបស់រដ្ឋមន្ត្រីរតនាគារអាមេរិក លោកស្រី ជេណិត យេឡិន (Janet Yellen) នៅប្រទេសចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ ទីភ្នាកងារសារព័ត៌មានរើយធើរាយការណ៍អំពីរឿងនេះ។
ទីប្រឹក្សាក្រុងប៉េកាំងព្រមានអាមេរិកថា វិធានការទប់ស្កាត់ការនាំចេញវត្ថុធាតុដើមរបស់ចិន គឺគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ

កាលពីថ្ងៃពុធ លោកស្រី យេឡិន ត្រូវបានគេឃើញចាកចេញពីក្រុងវ៉ាស៊ីងតោនឆ្ពោះទៅទីក្រុងប៉េកាំងប្រទេសចិន ហើយក៏ទំនងជាបានធ្វើដំណើរទៅដល់ទឹកដីប្រទេសចិនហើយដែរនៅថ្ងៃព្រហស្បតិ៍។ ទស្សនកិច្ចរបស់លោកស្រី យេឡិន លើកនេះ ជាផ្នែកមួយនៃការជំរុញរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២, រក្សាស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី, និងកាត់បន្ថយហានិភ័យបណ្ដាលមកពីការគិតខុសនៅពេលមានការខ្វែងគំនិតគ្នា។

ប៉ុន្តែនៅមុនពេលលោកស្រី យេឡិន ធ្វើដំណើរទៅដល់ក្រុងប៉េកាំង អតីតអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក វ៉េ ជាំងហ្គូ (Wei Jianguo) បានប្រាប់កាសែត China Daily ដែលទំនងជាចង់សំដៅទៅរកអាមេរិកថា បណ្តាប្រទេសនានាគួរតែត្រៀមខ្លួនបន្ថែមទៀត ប្រសិនបើពួកគេបន្តដាក់សម្ពាធលើប្រទេសចិន។ លោកបានចាត់ទុកវិធានការគ្រប់គ្រងការនាំចេញរបស់ចិនថាជា«កណ្តាប់ដៃធ្ងន់មានប្រសិទ្ធភាព» និង«គ្រាន់តែជាការចាប់ផ្តើម»ប៉ុណ្ណោះ។

លោក វ៉េ អតីតអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៨ និងបច្ចុប្បន្នជាអនុប្រធាននៃមជ្ឈមណ្ឌលសម្រាប់ការដោះដូរសេដ្ឋកិច្ចអន្តរជាតិ (China Center for International Economic Exchanges) បានបន្ថែមថា ប្រសិនបើការរឹតត្បិតរបស់បស្ចិមលោកនិងសម្ព័ន្ធមិត្តលើវិស័យបច្ចេកវិទ្យាទំនើបរបស់ប្រទេសចិន នៅតែបន្ត នោះវិធានការតបតរបស់ចិនក៏នឹងកើនឡើងដែរ។

សេចក្តីប្រកាសភ្លាមៗរបស់ប្រទេសចិនអំពីការគ្រប់គ្រងដែលចូលជាធរមានចាប់ពីថ្ងៃទី១ ខែសីហាទៅលើការនាំចេញផលិតផលហ្គាលីយ៉ូម និងជើម៉ានីញ៉ូមមួយចំនួន ដែលប្រើក្នុងរថយន្តអគ្គិសនី និងខ្សែកាបអុបទិកនោះ បានធ្វើឱ្យក្រុមហ៊ុនជាច្រើនព្យាយាមធានាការផ្គត់ផ្គង់ និងដំឡើងថ្លៃផលិតផលទាំងនេះ។

ការប្រកាសពីការគ្រប់គ្រងការនាំចេញរបស់ចិននេះបានធ្វើឡើងនៅមុនថ្ងៃបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិក និងមុនពេលលោកស្រី យេឡិន ទៅទស្សនកិច្ចនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃព្រហស្បតិ៍។ ក្រុមអ្នកវិភាគមើលឃើញថា វាបានកំណត់ពេលវេលាយ៉ាងច្បាស់ដើម្បីផ្ញើសារទៅកាន់រដ្ឋបាលរបស់លោក បៃដិន ដែលបានហាមឃាត់ការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន និងជំរុញសម្ព័ន្ធមិត្តដូចជាជប៉ុន និងហូឡង់ ឱ្យធ្វើតាមខ្លួនអ៊ីចឹងដែរ។

ចំណាត់ការរបស់ប្រទេសចិនបែបនេះក៏បានបង្កើនកង្វល់ដែរថា ប្រទេសចិនអាចនឹងរឹតបន្តឹងលើការនាំចេញវត្ថុធាតុកម្រៗបន្ថែមទៀតក្នុងពេលខាងមុខ ដោយក្រុមអ្នកវិភាគបានចង្អុលបង្ហាញឱ្យឃើញការទប់ស្កាត់ការនាំចេញដែលប្រទេសចិនធ្លាប់បានអនុវត្តកាលពី១២ឆ្នាំមុននៅក្នុងជម្លោះជាមួយប្រទេសជប៉ុន៕




អត្ថបទបន្ទាប់


គណៈរដ្ឋមន្ត្រីចាំផ្ទះថៃទុកបំណុលជាង២ពាន់លានដុល្លារ ឱ្យគណរដ្ឋមន្រ្តីថ្មីដោះស្រាយ

ព័ត៌មាន
កញ្ចប់បំណុលដែលមានតម្លៃជិត ៧៩ ពាន់លានបាត ឬជាង២ពាន់២រយលានដុល្លារ ដែលរដ្ឋបាលរាជធានីបាងកកជំពាក់ប្រតិបត្តិកររថភ្លើងលើអាកាសនៅក្នុងទីក្រុង ត្…

តើគេគួរបារម្ភអំពីការបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលសមុទ្រដែរឬទេ?

ព័ត៌មាន
រដ្ឋាភិបាលជប៉ុនចង់ចាប់ផ្តើមបញ្ចេញទឹកមានវិទ្យុសកម្មដែលបន្សាបរួច ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima នៅដើមខែសីហា។ អ្នកជំនាញខ្លះនិយាយថា ក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ