ចលនាបាតុកម្ម

តើមានមូលហេតុចម្បងអ្វីខ្លះធ្វើឱ្យពលរដ្ឋនៅតាមបណ្តាប្រទេសជាច្រើននៅតំបន់អឺរ៉ុបនាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់?


ប្រជាពលរដ្ឋនៅតាមបណ្តាប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុបកំពុងធ្វើបាតុកម្ម ដោយសារបញ្ហាតម្លៃលំនៅឋាន ការកើនឡើងថ្លៃចំណាយលើការរស់នៅ កង្វះឱកាសការងារ និងបញ្ហាក្នុងវិស័យអប់រំ។ ការតវ៉ានៅបារាំង អេស្ប៉ាញ ព័រទុយហ្គាល់ និងអ៊ីតាលីបានបង្ហាញពីការមិនពេញចិត្តរបស់ប្រជាពលរដ្ឋចំពោះស្ថានភាពជីវភាព និងគោលនយោបាយរដ្ឋាភិបាល។
ចលនាបាតុកម្មកំពុងរីករាលដាលនៅតំបន់អឺរ៉ុប​_តើកើតឡើងនៅប្រទេសណាខ្លះ
ដោយ

ស្ថានភាពមិនសមប្រកបនៅតាមគ្រឹះស្ថានសិក្សា តម្លៃលំនៅឋាន ការរឹតត្បិតក្នុងទីផ្សារការងារ និងការកើនឡើងខ្ពស់នៃថ្លៃចំណាយលើការរស់នៅកំពុងរុញច្រានប្រជាពលរដ្ឋអឺរ៉ុប ជាពិសេសក្រុមយុវជន ឱ្យនាំគ្នាចេញមកបះបោរ និងតវ៉ានៅតាមដងផ្លូវក្នុងប្រទេសជាច្រើននៅតំបន់អឺរ៉ុប។ ការតវ៉ាដែលផ្ទុះឡើងយ៉ាងក្តៅគគុកនៅប្រទេសបារាំង បានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់បណ្តាប្រទេសនានានៅអឺរ៉ុប ជាពិសេសអេស្ប៉ាញ និងព័រទុយហ្គាល់ ដោយមានយុវជនជាច្រើនបានដើរហែក្បួនតាមដងផ្លូវ ដើម្បីសម្តែងការខកចិត្ត និងមិនពេញចិត្តចំពោះរដ្ឋាភិបាលរបស់ខ្លួន។

នៅប្រទេសបារាំង សិស្សវិទ្យាល័យបានប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិសនៅក្នុងការតវ៉ា ដែលជារឿយៗស្តែងចេញជាអំពើហិង្សា។ មូលហេតុចម្បង គឺបណ្តាលមកពីបញ្ហាម៉ោងសិក្សាយូរពេក ការខ្វះខាតគ្រូបង្រៀន ស្ថានភាពថ្នាក់រៀនទ្រុឌទ្រោម និងប្រព័ន្ធជ្រើសរើសចូលរៀននៅសាកលវិទ្យាល័យខ្វះតម្លាភាព ដែលធ្វើឱ្យយុវសិស្សជាច្រើនត្រូវខកខានការរៀនសូត្រអស់រយៈពេលរាប់ខែ ដោយសារគ្មានគ្រូមកជំនួស។ ជាមួយគ្នានេះ ក្រុមអ្នកតវ៉ាផ្សេងទៀត ក៏បានរួមប្រកាសគាំទ្រក្រុមយុវសិស្ស ដើម្បីប្រឆាំងនឹងការហក់ឡើងនៃថ្លៃចំណាយប្រចាំថ្ងៃ រួមទាំងតម្លៃប្រេងឥន្ធនៈ បន្ទាប់ពីសហរដ្ឋអាម៉េរិករួមដៃជាមួយអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់ បានបណ្តាលឱ្យច្រកសមុទ្រហ័រមូស ត្រូវបានបិទស្ទើរតែទាំងស្រុង។ មកទល់ពេលនេះ សហជីពការងារធំជាងគេមួយរបស់បារាំង គឺសហព័ន្ធការងារទូទៅ (CGT) បានចេញមុខគាំទ្រចលនាតវ៉ានេះ ដោយទាមទារឱ្យមានការបញ្ចុះតម្លៃទំនិញ ដំឡើងប្រាក់ឈ្នួល និងដំឡើងប្រាក់សោធននិវត្តន៍។

ដោយឡែកនៅប្រទេសអេស្ប៉ាញ ក្រុមសកម្មជនបានសហការគ្នាចេញមកតវ៉ានៅតាមដងផ្លូវជុំវិញវិបត្តិនៃការរស់នៅ។ ការតវ៉ានេះបានផ្ទុះឡើងយ៉ាងខ្លាំង បន្ទាប់ពីស្ត្រីវ័យ៨៧ឆ្នាំម្នាក់ត្រូវបានគេបណ្តេញចេញពីផ្ទះ ក្រោយមូលនិធិវិនិយោគមួយបានដំឡើងថ្លៃជួលផ្ទះរហូតដល់២៣០%។ ក្រុមអ្នកតវ៉ាបានទាមទារដាច់ខាតឱ្យមានការបញ្ចុះថ្លៃជួល បញ្ឈប់សកម្មភាពបណ្តេញពលរដ្ឋចេញពីលំនៅឋាន និងហាមឃាត់មូលនិធិវិនិយោគមិនឱ្យទិញអចលនទ្រព្យបន្តទៀត។

រលកទាមទារស្រដៀងគ្នានេះ ក៏បានកើតឡើងនៅប្រទេសព័រទុយហ្គាល់ផងដែរ ដោយមានប្រជាពលរដ្ឋរាប់រយនាក់បានជួបជុំគ្នានៅកណ្តាលទីក្រុងលីស្បូន (Lisbon)។ យោងតាមទិន្នន័យផ្លូវការ តម្លៃលំនៅឋាននៅព័រទុយហ្គាល់ បានកើនឡើងរហូតដល់១២៤%ចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០២៤ ដែលជាអត្រាកើនឡើងលឿនជាងមធ្យមភាគនៅក្នុងសហភាពអឺរ៉ុបប្រហែលពីរដង។

ក្រៅពីនេះ វិបត្តិជីវភាពគ្រួសារ ដែលកំពុងជួបការលំបាក ក៏ជាដើមហេតុចម្បងនៃការដើរហែក្បួនតវ៉ានៅទីក្រុងមីឡាន ប្រទេសអ៊ីតាលីផងដែរ។ ក្រុមអ្នកតវ៉ាបានលើកឡើងថា ពួកគេមិនអាចទទួលយកបាននូវបញ្ហាអំពើពុករលួយ កង្វះខាតឱកាសការងារ និងកម្រិតគុណភាពអប់រំ ដែលនៅទាបនៅឡើយ។ បន្ថែមលើនេះ ការតវ៉ាជុំវិញបញ្ហាថ្លៃចំណាយសម្រាប់ការរស់នៅ ក៏បានចាប់ផ្តើមផ្ទុះឡើងក្នុងពេលដំណាលគ្នានៅក្នុងប្រទេសអ៊ីតាលី ព័រទុយហ្គាល់ និងបែលហ្ស៊ិកផងដែរ៕




អត្ថបទបន្ទាប់


ស្ថានទូតចិនប្រចាំទីក្រុងបាងកក ព្រមានពលរដ្ឋខ្លួនឱ្យប្រយ័ត្នរឿងចាប់ជំរិត និងការឆបោក ពេលធ្វើដំណើរទៅកាន់ប្រទេសថៃ

ស្ថានទូតចិនប្រចាំទីក្រុងបាងកកបានព្រមានពលរដ្ឋខ្លួនឱ្យបង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរទៅប្រទេសថៃ ដោយសារការព្រួយបារម្ភអំពីករណីចាប់ជំរិត ជួញដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ