បាតុកម្មដ៏ហិង្សា

បាតុកម្មដ៏ហិង្សានៅបារាំង! មនុស្សរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន ខណៈហាងលក់ទំនិញរាប់រយត្រូវបានបំផ្លាញ និងលួចប្លន់


ប្រធានាធិបតីបារាំង លោក ម៉ាក្រុង អំពាវនាវឱ្យរក្សាភាពស្ងប់ស្ងាត់ បន្ទាប់ពីបាតុកម្មហិង្សាប្រឆាំងការឡើងថ្លៃទំនិញ ធ្វើឱ្យមនុស្សរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន និងហាងទំនិញរាប់រយត្រូវបានបំផ្លាញ។
បាតុកម្មនៅបារាំង
ដោយ

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃទី១៨ ខែតុលា ថា បាតុកម្មដ៏ហិង្សានៅប្រទេសបារាំង ដែលរាលដាលពេញផ្ទៃប្រទេសបានប្រែក្លាយជាវិនាសកម្មយ៉ាងធ្ងន់ធ្ងរកាលពីល្ងាចថ្ងៃសៅរ៍ ដោយសាលាក្រុងមួយត្រូវបានដុតបំផ្លាញ ហាងទំនិញរាប់រយត្រូវបានបំផ្លិចបំផ្លាញ និងលួចប្លន់ ព្រមទាំងអគារជាច្រើនទៀតបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការប៉ះទង្គិចគ្នាដ៏ហិង្សារវាងក្រុមបាតុករ និងកងកម្លាំងមានសមត្ថកិច្ច។

រលកនៃភាពចលាចលបានកើនឡើងកម្ដៅយ៉ាងខ្លាំងកាលពីចុងសប្ដាហ៍មុន ដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីកំហឹងរបស់មហាជនចំពោះលោក អេម៉ានុយអែល ម៉ាក្រុង ដែលនឹងត្រូវផុតអាណត្តិនៅឆ្នាំ២០២៧ ខាងមុខ បន្ទាប់ពីដឹកនាំប្រទេសអស់រយៈពេលជិត១ទសវត្សរ៍។ វិបត្តិសេដ្ឋកិច្ចធ្លាក់ចុះ និងបំណុលជាតិកើនឡើង បានក្លាយជាដើមចមជំរុញឱ្យកំហឹងរបស់ពលរដ្ឋផ្ទុះឡើងកាន់តែខ្លាំង។

រដ្ឋាភិបាលបារាំងបានចោទប្រកាន់ថា អំពើហិង្សាទាំងនេះជាស្នាដៃរបស់ក្រុមជ្រុលនិយម និងក្រុមឧក្រិដ្ឋជន ដែលបានកេងចំណេញពីស្ថានការណ៍ ដើម្បីញុះញង់ឱ្យមានការលួចប្លន់ និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក ឡូរ៉ង់ នុយនេ (Laurent Nunez) បានគូសបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនក្រុមអ្នកបង្កហិង្សាជាង២,៤០០នាក់ និងមានមន្ត្រីប៉ូលិសជិត១,០០០នាក់បានរងរបួស។ ដោយឡែកក្រុមអ្នកសារព័ត៌មានបានរាយការណ៍ថា មនុស្សជាងកន្លះលាននាក់បានបន្តជួបជុំគ្នាដើរដង្ហែក្បួនតវ៉ានៅតាមទីក្រុងធំៗទូទាំងប្រទេស។

នៅក្នុងសារថ្លែងការណ៍ពិសេសតាមទូរទស្សន៍ជាតិកាលពីល្ងាចថ្ងៃអាទិត្យ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវឱ្យក្រុមបាតុកររក្សាភាពស្ងប់ស្ងាត់ឡើងវិញ ដោយលោកបានថ្កោលទោសសកម្មភាពទាំងនេះថា ជាការប៉ុនប៉ងផ្តួលរំលំរបបសាធារណរដ្ឋពីសំណាក់ក្រុមជ្រុលនិយម។ លោក ម៉ាក្រុង បានព្រមានថា ក្រុមបង្កកុបកម្ម និងក្រុមចោរប្លន់ត្រូវតែប្រឈមមុខច្បាប់ជាដាច់ខាត ដោយរដ្ឋាភិបាលនឹងបំបែកឱ្យច្បាស់រវាងបាតុករ ដែលមានសំណើត្រឹមត្រូវ និងក្រុមឧក្រិដ្ឋជនដែលឆ្លៀតឱកាសបង្កហិង្សា។ ជាមួយគ្នានេះ លោកបានសន្យាបង្កើតអង្គភាពដោះស្រាយវិបត្តិបន្ទាន់ ដើម្បីផ្ដល់ជំនួយសង្គ្រោះដល់ប្រជាពលរដ្ឋ និងអាជីវករដែលរងផលប៉ះពាល់ដោយសារភាពចលាចលនេះ៕




អត្ថបទបន្ទាប់


ចិនព្រមានពលរដ្ឋខ្លួនឱ្យប្រុងប្រយ័ត្នចំពោះការឆបោក និងការចាប់ពង្រត់នៅប្រទេសថៃ

ស្ថានទូតចិនប្រចាំប្រទេសថៃ អំពាវនាវឱ្យពលរដ្ឋចិនប្រុងប្រយ័ត្នចំពោះឱកាសការងារក្លែងក្លាយ និងការចាប់ពង្រត់ បន្ទាប់ពីមានរបាយការណ៍អំពីមនុស្សបាត់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ