ថៃដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជាស្រូបទាញភ្ញៀវបរទេសបានជាង១៧លាននាក់ នៅឆមាសទី១ឆ្នាំនេះ ខណៈវៀតណាម ទទួលបានភ្ញៀវទេសចរបរទេសចំនួន៨,៨លាននាក់ ក្នុងរយៈពេលដូចគ្នានេះ តិចជាងពាក់កណ្ដាលនៃតួលេខរបស់ថៃ។ កាលពីឆ្នាំមុន ភ្ញៀវទេសចរម៉ាឡេស៊ី បានយកឈ្នះចិន ក្លាយជាទីផ្សារទេសចរណ៍ធំជាងគេរបស់ថៃ ប៉ុន្តែនៅឆ្នាំនេះ ចិនបានវ៉ាដាច់ម៉ាឡេស៊ីក្លាយជាប្រភពភ្ញៀវទេសចរធំជាងគេរបស់ថៃ វិញម្តង។
ទិន្នន័យរបស់ក្រសួងទេសចរណ៍ និងកីឡាថៃ បានបង្ហាញថា នៅ៦ខែឆ្នាំនេះមានភ្ញៀវទេសចរចិនជាង៣លាន៤សែននាក់ បានទៅដើរលេខកម្សាន្តនៅប្រទេសថៃ ចំណែកភ្ញៀវទេសចរម៉ាឡេស៊ី មានចំនួនតែជាង២លាន៤សែននាក់ ប៉ុណ្ណោះ។
ការវ៉ាដាច់ម៉ាឡេស៊ី ក្លាយជាប្រភពទេសចរធំបំផុតនេះ គឺបន្ទាប់ពីប្រទេសថៃ បានលើកលែងទិដ្ឋាការជាអចិន្ត្រៃយ៍សម្រាប់ភ្ញៀវទេសចរចិន កាលពីខែមីនាកន្លងមកទៅ ហើយចាប់តាំងពីខែមិថុនា ប្រទេសថៃបានបង្កើនចំនួនប្រទេស ដែលអាចចូលទៅលេងប្រទេសនេះពី៥៧ប្រទេសឡើងដល់៩៣ប្រទេសដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់រយៈពេលរហូតដល់៦០ថ្ងៃ។
កាលពីឆ្នាំ២០១៩ ប្រទេសថៃ ដែលពឹងផ្អែកកំណើនសេដ្ឋកិច្ចខ្លាំងលើវិស័យទេសចរណ៍បានស្វាគមន៍ភ្ញៀវទេសចរបរទេសជិត៤០លាននាក់ ដោយបង្កើតចំណូលបានចំនួនជិត៥២ពាន់លានដុល្លារ៕
អត្ថបទ៖ សុខ មង្គល