ក្រុមអ្នកជំនាញបានព្រមានថា ប្រសិនបើស្ថានភាពនេះនៅតែបន្តអូសបន្លាយ វានឹងក្លាយជាសម្ពាធសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរលើជីវភាពពលរដ្ឋរាប់ម៉ឺនគ្រួសារ ដែលពឹងផ្អែកលើវិស័យនេះ ព្រមទាំងជំរុញឱ្យរដ្ឋាភិបាលប្រញាប់ដាក់ចេញនូវវិធានការអន្តរាគមន៍បន្ទាន់ ដើម្បីស្រោចស្រង់ស្ថានភាពឡើងវិញ។ តើអ្នកជំនាញបានផ្តល់យោបល់ និងការព្រមានអ្វីខ្លះ?
លោកបណ្ឌិត ឈឹម ផាន់ណា អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច-ទេសចរណ៍នៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា វិស័យទេសចរណ៍កម្ពុជានៅដើមឆ្នាំ២០២៦ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលពឹងផ្អែកលើវិស័យនេះ តាមរយៈការបាត់បង់ចំណូលប្រចាំថ្ងៃ និងការកើនឡើងនៃសម្ពាធបំណុល។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ប្រសិនបើស្ថានភាពនេះនៅតែបន្តនោះនឹងបង្កសម្ពាធកាន់តែខ្លាំងដល់សេដ្ឋកិច្ច និងប្រតិបត្តិករទេសចរ។ ដើម្បីស្តារវិស័យនេះឱ្យមានភាពល្អប្រសើរឡើងវិញ លោក ស្នើឱ្យរដ្ឋាភិបាលពិចារណាកែលម្អមធ្យោបាយធ្វើដំណើរ ពង្រីកការលើកលែងទិដ្ឋាការដល់ទីផ្សារទេសចរណ៍សំខាន់ៗ បង្កើនជើងហោះហើរត្រង់ និងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗឱ្យកាន់តែទាក់ទាញ។
ជាមួយគ្នានេះលោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជាបានលើកឡើងថា ការស្តារវិស័យទេសចរណ៍ត្រូវការផែនការជាក់លាក់ ដោយផ្តោតលើការពង្រឹងសុវត្ថិភាព និងការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ ជាពិសេសក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមនឹងបញ្ហាឧក្រិដ្ឋកម្មអនឡាញ។ លោកបន្តថា កម្ពុជាមានសក្ដានុពលទេសចរណ៍ចម្រុះ ដូចជាទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងអេកូទេសចរណ៍ ដែលគួររៀបចំជាយុទ្ធសាស្ត្រផ្សព្វផ្សាយឱ្យបានច្បាស់លាស់ទៅតាមទីផ្សារគោលដៅ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលគួរបង្កើនការលើកលែងទិដ្ឋាការ និងសម្រួលការធ្វើដំណើរដល់ភ្ញៀវទេសចរពីប្រទេសសំខាន់ៗបន្ថែមទៀត។ លោកបណ្ឌិតបានព្រមានថា ប្រសិនបើការធ្លាក់ចុះ នៃចំនួនភ្ញៀវទេសចរនៅតែបន្ត នោះផលប៉ះពាល់នឹងរាលដាលកាន់តែខ្លាំងដល់សេដ្ឋកិច្ច ការងារ និងចំណូលរបស់ប្រជាពលរដ្ឋ ដែលពឹងផ្អែកលើវិស័យនេះ។
យោងតាមរបាយការណ៍ផ្លូវការពីក្រសួងទេសចរណ៍ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២,២លាននាក់ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៦ ដែលជាតួលេខធ្លាក់ចុះយ៉ាងគំហុកជិត៤៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ក្រុមអ្នកជំនាញចាត់ទុកការធ្លាក់ចុះយ៉ាងគំហុកនេះថា គឺជាសញ្ញាព្រមានមួយ ដែលទាមទារឱ្យមានការអន្តរាគមន៍ផ្នែកគោលនយោបាយជាប្រញាប់ ដើម្បីជួយសង្គ្រោះជីវភាពពលរដ្ឋ និងស្ថិរភាពសេដ្ឋកិច្ចជាតិ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា