នៅពេញមួយឆ្នាំ២០២១ ប្រទេសចិនបាននាំចូលចំណីអាហារពីជប៉ុនក្នុងតម្លៃដល់ទៅ ជិត២ពាន់លានដុល្លារ កើនឡើងជាង៣៥% ធៀបនឹងឆ្នាំ២០២០។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia ។
ការនាំចេញអាហារ ផលិតផលកសិកម្ម ឈើ និងផលិតផលសមុទ្ររបស់ជប៉ុន ទៅកាន់ប្រទេសចិនដីគោកបានកើនឡើង ៣៥% ដល់ទៅជិត ២ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១។ ក្នុងនោះ ស្រាជប៉ុន ស្រាវីស្គី និង ប្រភេទអាហារសម្រន់ ស្ថិតក្នុងចំណោមមុខម្ហូបពេញនិយមបំផុត សម្រាប់ការនាំចេញទៅកាន់ទីផ្សារចិន។
កំណើននៃការនាំចេញនេះ បានជួយឲ្យប្រទេសជប៉ុនសម្រេចបាននូវគោលដៅនាំចេញចំណីអាហារសរុបរបស់ខ្លួនដល់ទៅជាង ៨ពាន់លានដុល្លារក្នុងមួយឆ្នាំផងដែរ។ ឧស្សាហកម្មម្ហូបអាហារ កសិកម្ម នេសាទ និងឈើរបស់ប្រទេសជប៉ុន មានតម្លៃនាំចេញដល់ទៅជាង ១០ពាន់លានដុល្លារ កើនឡើងជាង ២៥% ដោយកំណើនប្រចាំឆ្នាំនេះ មានការកើនឡើងមក៩ឆ្នាំជាប់ៗគ្នាមកហើយ។
ប្រទេសជប៉ុនក៏កំពុងស្វែងរកការនាំចេញអាហារកាន់តែច្រើនបន្ថែមទៀត ដើម្បីស្តារឧស្សាហកម្មកសិកម្មឡើងវិញ ដែលកំពុងប្រឈមមុខនឹងការធ្លាក់ចុះទីផ្សារក្នុងស្រុក ក្រោយចំនួនប្រជាជនមានការធ្លាក់ចុះ។ ការនាំចេញអាហារ និងផលិតកសិកម្មមានត្រឹមតែ ២% នៃផលិតកម្មក្នុងស្រុកសរុបរបស់ប្រទេសជប៉ុន។ តាមយើងធ្វើការប្រៀបធៀប ការនាំចេញអាហារ និងផលិតកសិកម្មរបស់អង់គ្លេសមានដល់ទៅ ១៨% នៃផលិតកម្មក្នុងស្រុកសរុប ខណៈសហរដ្ឋអាមេរិកមាន ១២% ។
សូមជម្រាបថា រហូតមកដល់បច្ចុប្បន្នមានប្រទេស និងដែនដីចំនួន ១៤ នៅតែរក្សាការរឹតបន្តឹងលើការនាំចេញរបស់ជប៉ុន ក្រោយជប៉ុនជួបនូវគ្រោះមហន្តរាយផ្ទុះរោងចក្រនុយក្លេអ៊ែរកាលពីឆ្នាំ ២០១១។ ជាមួយគ្នានេះ ប្រទេសចិនក៏បានហាមឃាត់ផលិតផលម្ហូបអាហារពីខេត្តចំនួន ៩ របស់ជប៉ុនផងដែរ។
ទោះយ៉ាងណា កាលពីឆ្នាំមុន សហរដ្ឋអាមេរិក និងសិង្ហបុរីបានលុបចោលការរឹតបន្តឹងលើការនាំចូលរបស់លើផលិតផលចំណីអាហារជប៉ុន ខណៈហុងកុង និងសហភាពអឺរ៉ុបក៏បានបន្ធូរបន្ថយផ្នែកនៃការគ្រប់គ្រងរបស់ពួកគេ ដើម្បីឆ្លើយតបទៅនឹងការចរចា ដែលកំពុងបន្តជាមួយទីក្រុងតូក្យូផងដែរ។
ដើម្បីឆ្លើយតបនូវបញ្ហានេះ រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសជប៉ុនបានឱ្យដឹងថា រាជរដ្ឋាភិបាលនឹងធ្វើសកម្មភាព ដើម្បីជំរុញឱ្យប្រទេសនាំចូល លុបចោលការរឹតបន្តឹងទាំងនេះមកលើផលិតផលចំណីអាហារជប៉ុន ។
យ៉ាងណាក៏ដោយចុះ គោលដៅនៃការនាំចេញជប៉ុនត្រូវបានគេរំពឹងថា នឹងទទួលបានការជំរុញពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងគេដែលមានការចូលរួមពីប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង ក្នុងចំណោមប្រទេសសមាជិកសរុប១៥ប្រទេស៕
អត្ថបទ ស៊ើង និមល់