ការចែករំលែកព្រំដែនវែងជាមួយនឹងចិន បានធ្វើឲ្យវៀតណាម មានឱកាសច្រើនក្នុងការអនុវត្តសកម្មភាពនាំចេញ នាំចូលទំនិញជាមួយនឹងប្រទេសចិន ទាក់ទងនឹងផលិតផលកសិកម្ម និងអាហារសមុទ្រ។ តាំងពីមានកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងចិន ត្រូវបានពង្រឹងមក ប្រទេសទាំងពីរ បានអនុវត្តនូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពក្នុងការលប់បំបាត់ការលំបាក ក្នុងដំណើរការផ្នែកពន្ធគយ។ នាយកកំពង់ផែ ឡុងបាង ក្នុងខេត្តគ័ងស៊ី ប្រទេសចិន លោក ជិន វូ បានឲ្យដឹងថា ប្រទេសចិន និងវៀតណាម បាននិងកំពុងជំរុញកិច្ចសហប្រតិបត្ដិការរបស់ពួកគេ លើផ្នែកពាណិជ្ជកម្ម ការនាំចេញ និងនាំចូលវត្ថុធាតុដើម និងហិរញ្ញវត្ថុ។
រដ្ឋាភិបាលចិន ក៏បានផ្ដល់ការគាំទ្រដ៏ធំធេង និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មចិន ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងដៃគូវៀតណាម។
លោក ដៅ វៀត អាញ់ ទីប្រឹក្សាពាណិជ្ជកម្ម បានឲ្យដឹងថា ស្ថានទូតវៀតណាមក្នុងប្រទេសចិន បានបង្កើតយុទ្ធនាការលើកកម្ពស់ពាណិជ្ជកម្ម ដើម្បីណែនាំផលិតផលកសិកម្មដូចជា ផ្លែស្វាយ ផ្លែមៀន និងផ្លែគូលែន ទៅកាន់ទីផ្សារប្រទេសចិន។
តាមរបាយការណ៍ពីគយវៀតណាម បានបង្ហាញថា ការនាំចេញ-នាំចូលទំនិញរបស់វៀតណាមក្នុងរយៈពេល ៨ខែ ឆ្នាំ២០២០នេះ ត្រូវបានប៉ាន់ប្រមាណថា សម្រេចបានដល់ជាង ៣៣៦ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ០,៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញសម្រេច បានជាង ១៧៤ពាន់លានដុល្លារ កើនឡើង១,៦% ខណៈដែលការនាំចូលវិញ សម្រេចបានជាង១៦២ពាន់លានដុល្លារ ធ្លាក់ចុះ ២,២%។
សម្រាប់រយៈពេល ៨ខែមកនេះ អាមេរិកនៅតែជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម ដែលមានតម្លៃនាំចេញជិត ៤៧ពាន់លានដុល្លារ កើន១៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលទីផ្សារនាំចូលដ៏ធំបំផុតរបស់វៀតណាមវិញ គឺប្រទេសចិន ដែលមានតម្លៃនាំចូលជាង ៤៩ពាន់លានដុល្លារអាមេរិក កើនឡើង០,៧% ៕