ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា ចិនមិនត្រឹមតែជួយដល់ប្រទេសកម្ពុជាក្នុងពេលកន្លងមក ក៏ដូចជាក្នុងពេលបច្ចុប្បន្ននេះ ហើយក៏សង្ឃឹមយ៉ាងមុតមាំថា នឹងបន្តជួយកម្ពុជាលើគ្រប់វិស័យក្នុងពេលអនាគតទៀត ស្របតាមគោលនយោបាយរបស់ប្រមុខដឹកនាំក្នុងការកសាងសហគមជោគវាសនារួម។ និយាយដោយឡែក ប្រទេសចិន បានផ្តល់ជំនួយសាងសង់អគារចំនួន៣រួចមកហើយជូនទីស្តីការគណៈរដ្ឋមន្រ្តី គឺទី១ អគារមិត្តភាព ទី២ អគារបច្ចេកវិទ្យា និងទី៣ អគារអង្គរក្ស ហើយព្រមទាំងផ្តល់ជំនួយបច្ចេកទេសជាច្រើន រួមទាំងការបណ្តុះបណ្តាលមន្រ្តី បច្ចេកទេសកម្ពុជាឱ្យចេះប្រើប្រាស់ ថែទាំ និងជួសជុលអគារទាំង៣នេះផងដែរ។
ឯកឧត្តម វង្សី វិស្សុត បានបន្តថា នៅថ្ងៃនេះ មិត្តដែកថែប បានផ្តល់ហិរញ្ញប្បទានឥតសំណងក្នុងទំហំថវិកាចំនួនជាង ៥៣,២ លានយ័ន ស្មើនឹងប្រមាណជាង ៧លាន៣សែនដុល្លារអាមេរិក) ដើម្បីជួសជុលកែលម្អអគារមិត្តភាព ក្រោយពីបានប្រើប្រាស់អស់រយៈពេល១៥ឆ្នាំហើយ ចាប់តាំងពីចុងឆ្នាំ២០០៨មកម្ល៉េះ ហើយក៏ដល់ពេលវេលាដែលត្រូវជួសជុលឡើងវិញ និងធ្វើការផ្លាស់ប្តូរគ្រឿងបរិក្ខារមួយចំនួន ដើម្បីឱ្យអគារដំណើរបានជាប្រក្រតី មានសោភ័ណភាព ផាសុខភាព និងភាពស្រស់បំព្រងឡើងវិញ ឱ្យដូចនឹងភាពរីកចម្រើនរបស់ប្រទេសចិន រួមចំណែកបង្កលក្ខណៈងាយស្រួលដល់ការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងបុគ្គលិកផ្សេងៗដែលបម្រើការក្នុងអគារមិត្តភាពនេះ។ ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា គម្រោងជួសជុលកែលម្អនេះ មានរយៈពេលមិនលើសពី១២ខែ ដែលនឹងចាប់ផ្តើមអនុវត្តនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៤ ដោយនឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា២០២៥ បន្ទាប់ពីប្រគល់-ទទួលបញ្ចប់គម្រោង ភាគីចិននឹងផ្តល់ការធានាថែទាំគុណភាពរយៈពេល២ឆ្នាំ ព្រមទាំងផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសប្រើប្រាស់ ថែទាំ និងជួសជុលអគារដល់មន្ត្រីបច្ចេកទេសភាគីកម្ពុជាផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានកត់សម្គាល់ឃើញថា ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន បានបន្តចលនា កាន់តែល្អប្រសើរ និងរឹងមាំ ដែលបានក្លាយទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យនៅឆ្នាំ២០១០ និង បានឈានទៅបង្កើត«ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីខ្សែក្រវាត់និងផ្លូវ»នៅឆ្នាំ២០១៧ ដើម្បីជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម វិនិយោគ និងជាពិសេសគឺការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តម វង្សី វិស្សុត បានបញ្ជក់បន្ថែមថា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ, គម្រោងវិនិយោគសំខាន់ៗជាច្រើនបានលេចរូបរាងឡើងដូចជាការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ, ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ខណៈដែលផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ក៏នឹងលេចរូបរាងនាពេលខាងមុខ ដែលនឹងចូលរួមបង្កើនការភ្ជាប់បណ្តាញគមនាគមន៍ ដែលជាកត្តាដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារនិងប្រាក់ចំណូលជូនប្រជាជន។ ទន្ទឹមនេះ ប្រទេសចិនក៏បានជួយកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗទៀត សម្រាប់វិស័យ សង្គម-វប្បធម៌ ជាច្រើន ក្រោមជំនួយអភិវឌ្ឍន៍ រួមមាន ពហុកីឡាដ្ឋានជាតិមរតកតេជោ, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនខេត្តត្បូងឃ្មុំ, អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ និងជំនួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា៕