និយ័តករចិន បានដាក់ចេញនូវ វិធានការក្តៅៗ ដោយហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះ ការប្តូររូបិយវត្ថុអេឡិចត្រូនិកជាមួយនឹង រូបិយប័ណ្ណស្របច្បាប់, ហាមឃាត់ការផ្តល់ព័ត៌មាន ឬតម្លៃនៃសេវាកម្ម និងហាមឃាត់ការជួញដូរមូលបត្រពាក់ព័ន្ធនឹង រូបិយវត្ថុអេឡិចត្រូនិក។វិធានការក្តៅនេះ ក៏អនុវត្តទៅលើ សេវាកម្មប្តូរប្រាក់ក្រៅប្រទេស ដែលផ្តល់សេវាកម្មអនឡាញ តែមានមូលដ្ឋានក្នុងប្រទេសចិន ដោយអ្នកល្មើសច្បាប់ ប្រឈមមុខនឹងការផ្តន្ទាទោសព្រហ្មទណ្ឌ។
សកម្មភាពរឹតបន្តឹងចុងក្រោយរបស់រដ្ឋាភិបាលចិន សបញ្ជាក់អំពី ការមើលឃើញពីគន្លងនៃមូលធនឌីជីថល និងការប្រកួតប្រជែងជាមួយ រូបិយវត្ថុឌីជីថលយ័ន ដែលចិន គ្រោងនឹងដាក់ចេញនូវដើមឆ្នាំ ២០២២ខាងមុខ។ បន្ទាប់ពីការប្រកាសខាងលើនេះ តម្លៃនៃកាក់ Bitcoin ដែលជារូបិយប័ណ្ណនិម្មិតឈានមុខគេនៅលើសកលលោក បានធ្លាក់ចុះប្រមាណ ៩% មកនៅក្រោម ៤ម៉ឺន ១ពាន់ដុល្លារអាមេរិក។
សេចក្តីប្រកាសនេះ ត្រូវបានចុះហត្ថលេខាដោយ អាជ្ញាធរពាក់ព័ន្ធជាច្រើន រួមមាន ធនាគារកណ្តាលចិន រដ្ឋបាលគ្រប់គ្រងបច្ចេកវិទ្យាអ៊ឺនធឺណេតចិន និងតុលាការកំពូលនៃប្រទេសចិន ដោយអះអាងថា រូបិយប័ណ្ណនិម្មិត បានរំខានដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បង្កជាការលាងលុយកខ្វក់, ការរៃអង្គាសប្រាក់ខុសច្បាប់ និងការក្លែងបន្លំ។
ប្រទេសចិន បានបញ្ជាក់ទៀតថា រូបិយប័ណ្ណនិម្មិត ពុំមានភាពស្របច្បាប់ ដូចទៅនឹង រូបិយប័ណ្ណជាតិនោះទេ ហើយក៏មិនអាចចរាចរ នៅលើទីផ្សារ ដូចជា រូបិយប័ណ្ណស្របច្បាប់ដែរ ឧទាហរណ៍ជាក់ស្តែង ដូចជា កាក់ឌីជីថល Bitcion និង Ethereum ជាដើម។
ធនាគារកណ្តាលចិន ក៏បានបង្ហាញនូវ ផែនការដាក់ឲ្យដំណើរការរូបិយប័ណ្ណឌីជីថល ជាប្រាក់យ័ន នៅក្នុងឆ្នាំ ២០២២ ហើយនឹងធ្វើការកែប្រែច្បាប់ ដើម្បីបញ្ចូលវាទៅក្នុងរូបិយប័ណ្ណស្របច្បាប់ មិនតែប៉ុណ្ណោះ ក៏ហាមឃាត់វិស័យឯកជនពីការបង្កើតរូបិយវត្ថុឌីជីថល ព្រោះវាហួសពីការគ្រប់គ្រងរបស់ និយ័តករចិន។
លើសពីនេះ ការប្រើប្រាស់រូបិយវត្ថុឌីជីថល ធ្លាប់ត្រូវបានគេប្រើប្រាស់ ដើម្បីគេចចេញពី ការគ្រប់គ្រងមូលធនរបស់ រដ្ឋាភិបាលចិន មុនពេលវិបត្តិមេរោគកូវីដ ផ្ទុះឡើង ហើយរដ្ឋាភិបាលចិន បានព្យាយាមបិទចន្លោះប្រហោងនេះ ជាបន្តបន្ទាប់។
សូមជម្រាបដែរថា ផលប៉ះពាល់ដោយផ្ទាល់នៃសេចក្តីប្រកាសហាមឃាត់របស់ចិននេះ គឺមាននៅមានកម្រិត មិនប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដោយសារតែ ឥទ្ធិពលរបស់ប្រទេសចិន ទៅលើទីផ្សាររូបិយប័ណ្ណនិម្មិត បានថយចុះរួចស្រាច់ទៅហើយ៕