គម្រោងវិនិយោគ

សកម្មភាពសាងសង់ទីក្រុងរណបធំៗនៅកម្ពុជា នៅតែបន្តដំណើរការជាធម្មតា ទោះជាវិស័យសំណង់ និងអចលនទ្រព្យបន្ដនៅទ្រឹងក្ដី


បើទោះបីជាស្ថានភាពវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា នៅរយៈពេលចុងក្រោយនេះ មានសភាពនៅទ្រឹងយ៉ាងណាក្ដី ប៉ុន្ដែ គម្រោងសាងសង់ទីក្រុងរណបធំៗនៅកម្ពុជា នៅតែបន្ដដំណើរការជាធម្មតា។ ជាក់ស្ដែង ថ្នាក់ដឹកនាំក្រុមហ៊ុន OCIC បានអះអាងថា ការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន OCIC ដូចជានៅក្នុង ទីក្រុងរណបជ្រោយចង្វារ, ទីក្រុងកោះពេជ្រ និងកោះនរា ជាដើម នៅតែបន្តសកម្មភាពសាងសង់ជាហូរហែរ មិនមានការផ្អាកការសាងសង់នោះឡើយ។
គម្រោងវិនិយោគ
ដោយ

លោក ទូច សំណាង នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន OCIC បានបញ្ជាក់ប្រាប់ខេមបូណូមីសថា គិតមកដល់ពេលបច្ចុប្បន្ន ទីក្រុងរណបកោះពេជ្រ បច្ចុប្បន្ននៅតែបន្ដមានការអភិវឌ្ឍអគារពាណិជ្ជកម្មបន្ថែម ខណៈហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងរណបមួយនេះវិញ ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរហើយ។ ដោយឡែក ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទីក្រុងរណបជ្រោយចង្វារ សម្រេចបានប្រមាណ៩០%ហើយ រីឯការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់កោះនរា សម្រេចបានចន្លោះពី ៧៥% ទៅ៨០% និងគ្រោងបញ្ចប់នៅអំឡុងឆ្នាំ២០២៥ ខាងមុខនេះ។

ដោយឡែក ទាក់ទងនឹងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាវិញ ត្រូវបានលោក ទូច សំណាង កត់សម្គាល់ឃើញថា ហាក់មិនទាន់វិលមករកភាពល្អប្រសើរនោះទេ ពោលវិស័យនេះ ហាក់នៅមានសភាពទ្រឹងនៅឡើយ។ សម្រាប់ថ្នាក់ដឹកនាំក្រុមហ៊ុន OCIC រូបនេះ លោកមិនទាន់អាចសន្និដ្ឋានបានទេថា វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ឆ្នាំ២០២៤ នឹងល្អប្រសើរជាងឆ្នាំ២០២៣ ឬយ៉ាងណា ដោយលោកបញ្ជាក់ថា បច្ចុប្បន្ន លោកមិនទាន់មើលឃើញថា មានវិនិយោគិនថ្មីៗ ចូលមកវិនិយោគក្នុងវិស័យនេះនៅឡើយដែរ។

ដើម្បីជួយជំរុញកំណើនវិស័យអចលនទ្រព្យកំពុងជួបធ្លាក់ចុះ ក៏ដូចជាដើម្បីជួយសម្រួលដល់អ្នកជាប់ពន្ធទាំងអស់ កន្លងមក រាជរដ្ឋាភិបាលបានសម្រេចពន្យារពេលបង់ពន្ធបន្តបន្ទាប់លើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនប្រើប្រាស់ ជាដើម។ តួយ៉ាងថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារបានសម្រេចបន្តពន្យារពេលបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់រហូតដល់ថ្ងៃដំណាច់ឆ្នាំ២០២៤ បន្ថែមទៀត និងការអនុគ្រោះជាច្រើនទៀត។

សូមបញ្ជាក់ថា គិតក្នុងត្រីមាសទី៣ឆ្នាំ២០២៣ កម្ពុជាបានអនុម័តគម្រោងសំណង់ចំនួន៧៤៩គម្រោង ថយចុះជាង៣៦% ខណៈតម្លៃគម្រោងសាងសង់វិញមានដល់ទៅជាង២ពាន់២រយលានុល្លារ មានការកើនឡើងដល់ទៅជាង ១៩២% បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០២២។ ការកើនឡើងនៃតម្លៃគម្រោងនេះ គឺភាគច្រើនជាប្រភេទសំណង់លំនៅឋាន សំណង់ពាណិជ្ជកម្ម សំណង់ឧស្សាហកម្ម និងសំណង់ទេសចរណ៍។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងកសិកម្មកំពុងជំរុញឲ្យមានការនាំចេញស្បែកក្រពើទៅកាន់ទីផ្សារចិន ខណៈអ្នកចិញ្ចឹមក្រពើកាន់តែច្រើនបោះបង់ការចិញ្ចឹម

ព័ត៌មាន
អ្នកនាំពាក្យក្រសួងកសិកម្មកម្ពុជា បានអះអាងថ្មីៗនេះថា ក្រសួងកំពុងខិតខំជំរុញឲ្យរដ្ឋបាលគយចិនបើកផ្លូវឲ្យកម្ពុជាអាចនាំចេញស្បែកក្រពើទៅកាន់ទីផ្សារច…

សមាគមឧកញ៉ាកម្ពុជារៀបចំកម្មវិធីជួបជុំនៅភោជនីយដ្ឋានចិន ដឹ ព្រេមៀ ដើម្បីហាត់សមត្រៀមចូលគាល់ព្រះមហាក្សត្រ

ព័ត៌មាន
សមាគមឧកញ៉ាកម្ពុជា ដែលមានសមាជិកជាអ្នកឧកញ៉ា និងឧកញ៉ា សរុបចំនួន១៥០រូប បានជួបជុំ និងហាត់សម ដើម្បីត្រៀមខ្លួនចូលគាល់ព្រះមហាក្សត្រនៃព្រះរាជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ