រដ្ឋអំណាចចិនកំពុងព្រួយបារម្ភថា វិធានការដូចគ្នានេះអាចនឹងត្រូវបានគេ ដាក់ប្រឆាំងនឹងខ្លួនដែរ ក្នុងករណីមានជម្លោះយោធាក្នុងតំបន់ ឬវិបត្តិផ្សេងទៀត។ ការប្រុងជើងការបែបនេះរបស់ទីក្រុងប៉េកាំងធ្វើឡើងស្របពេលដែល រដ្ឋបាលរបស់លោកប្រធានាធិបតី ស៊ី ជីនពីង បានរក្សាការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះលោក វ្ល៉ាឌីមៀ ពូទីន អស់ពេលជាច្រើនខែមកហើយក្រោយការឈ្លានពានទៅលើអ៊ុយក្រែន ប៉ុន្តែធនាគារ និងក្រុមហ៊ុនចិននៅតែមានការប្រុងប្រយ័ត្នបំផុត ចំពោះប្រតិបត្តិការអាជីវកម្មណាមួយជាមួយអង្គភាពរបស់រុស្ស៊ី ដែលអាចបង្កឱ្យមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក។
ជាក់ស្តែងកាលពីពេលថ្មីនេះ ក្រុមហ៊ុននាំចូលប្រេងក្នុងស្រុករបស់ចិន ហាក់បានបង្ហាញភាពស្ទាក់ស្ទើរក្នុងការនាំចូលប្រេងពីក្រុមហ៊ុនរុស្ស៊ី ទោះបីជាវាមានតម្លៃថោកជាងពេលមុនក៏ដោយ។ នេះក៏ដោយសារតែការភ័យខ្លាច ពីទណ្ឌកម្មរបស់អាមេរិក និងលោកខាងលិចដាក់មកលើក្រុមហ៊ុនរបស់ខ្លួន។ ក្រុមហ៊ុនមួយចំនួនទៀត ថែមទាំងលែងចង់បន្តកុងត្រានាំចូលប្រេងថ្មីៗផងដែរ។
ប្រភពដែលស្និទ្ធនឹងសារព័ត៌មាន Financial Times ឲ្យដឹងទៀតថា កិច្ចប្រជុំផ្ទៃក្នុងដែលបានធ្វើឡើងនៅថ្ងៃទី ២២ ខែមេសា រួមមានមន្ត្រីមកពីធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន ក៏ដូចជានាយកប្រតិបត្តិមកពីធនាគារអ្នកផ្តល់ប្រាក់កម្ចីក្នុងស្រុកធំៗ និងលំដាប់អន្តរជាតិរាប់សិបនាក់ផ្សេងទៀតដូចជាធនាគារ HSBC ជាដើម។
បើតាមប្រភពដដែល មន្ត្រី និងអ្នកចូលរួមប្រជុំ មិនបាននិយាយពីសេណារីយ៉ូជាក់លាក់ណាមួយនៅឡើយទេ ប៉ុន្តែមូលហេតុដែលអាចកើតមានសម្រាប់ការដាក់ទណ្ឌកម្មបែបនេះ ត្រូវបានគេគិតលើករណី ដែលចិនបើកការវាយប្រហារទៅលើកោះតៃវ៉ាន់។ កោះតៃវ៉ាន់ដែលចិនតែងអះអាងថា ជាទឹកដីរបស់ខ្លួន ហើយដែនកោះមួយនេះ គឺចំណុចដ៏សរសើបបំផុតសម្រាប់ទំភាពតានតឹងនៃនាក់ទំនងរវាងចិន និងអាមេរិក។
សូមជម្រាបថា តាមការគូសបញ្ជាក់របស់អ្នកជំនាញ ប្រសិនបើចិនវាយប្រហារតៃវ៉ាន់មែននោះ ការកាត់ផ្តាច់សេដ្ឋកិច្ចរបស់ចិន និងលោកខាងលិច អាចនឹងក្លាយជារឿងធ្ងន់ធ្ងរជាងករណីរបស់រុស្ស៊ីទៅទៀត ពីព្រោះតែសេដ្ឋកិច្ចរបស់ចិន មានជាប់ពាក់ព័ន្ធនៅគ្រប់ផ្នែកទាំងអស់នៃពិភពលោក៕