ប្រទេសចិនបាននាំមុខសហរដ្ឋអាមេរិកដើម្បីក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សហភាពអឺរ៉ុបនៅក្នុងឆ្នាំ២០២០-២០២១ ដោយសារតម្រូវការខ្លាំងក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩។
ពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនមានតម្លៃជាង ៦៣០ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២០ និងមានតម្លៃជាង ៧០០ពាន់លានដុល្លារក្នុងឆ្នាំ២០២១។ នេះបើយោងតាមស្ថាប័ន Eurostat ដែលជាមូលដ្ឋានទិន្នន័យស្ថិតិរបស់គណៈកម្មការអឺរ៉ុប។
ដោយឡែក បើមើលលើទំហំពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយសហរដ្ឋអាមេរិកវិញ មានតម្លៃ ជាង៦០០ពាន់លានដុល្លារក្នុងឆ្នាំ២០២០ និងមានតម្លៃជាង៦៨០ពាន់លានដុល្លារនៅឆ្នាំ២០២១។
ទោះជាពាណិជ្ជកម្មបានការកើនឡើងក៏ដោយ ប៉ុន្តែទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងចិនបានជាប់គាំងក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ដោយកិច្ចព្រមព្រៀងវិនិយោគដែលបានចរចាជាយូរមកហើយរវាងភាគីទាំង២នេះត្រូវបានផ្អាកតាំងតែពីខែឧសភាឆ្នាំមុនមកម្ល៉េះ។
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈបានធ្វើឱ្យសហភាពអឺរ៉ុបខកចិត្តជាថ្មីជាមួយប្រទេសចិន ដែលបានមិនបានប្រឆាំងនឹងទីក្រុងម៉ូស្គូ ប៉ុន្ដែ បែរជាមានការប្រឆាំងការដាក់ទណ្ឌកម្មរបស់បស្ចឹមលោកទៅលើប្រទេសរុស្ស៊ីទៅវិញ។
ទោះយ៉ាងណា អ្នកស្រី Wang Jue សហការីនៃកម្មវិធីអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមអ្នកវិភាគ Chatham House បាននិយាយថា «ពាណិជ្ជកម្មចិន-សហភាពអឺរ៉ុបនឹងផ្លាស់ប្តូរក្នុងរយៈពេលខ្លីមិនមែនដោយសារតែជំហររបស់ចិនលើអ៊ុយក្រែននោះទេ ប៉ុន្តែដោយសារហេតុផលមួយចំនួនទាក់ទងនឹងសង្គ្រាមនេះដូចជាការរំខានផ្លូវរថភ្លើង បញ្ហាបច្ចេកទេស និងភស្តុភារក៏ដូចជាការផ្គត់ផ្គង់ថាមពលជាដើម។
ជាមួយគ្នានេះ លោក តាង ហេវ៉េ (Tang Heiwai) នាយកស្តីទីនៃវិទ្យាស្ថានអាស៊ីសកលនៃសាកលវិទ្យាល័យហុងកុងបាននិយាយថា សង្គ្រាមអ៊ុយក្រែននឹងមិនប៉ះពាល់ដល់ពាណិជ្ជកម្ម "ក្នុងលក្ខណៈសំខាន់"នោះទេ ដោយសារតែប្រទេសចិននៅតែជាអ្នកផ្គត់ផ្គង់ផលិតផលដ៏សំខាន់ដូចជា កុំព្យូទ័រ គ្រឿងប្រើប្រាស់ក្នុងផ្ទះ និងទូរស័ព្ទចល័តទៅឲ្យសហភាពអឺរ៉ុប។
លោក តាង បាននិយាយថា ពួកគេបានមើលឃើញពីការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិនពីវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺកូវីដ១៩នៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១គឺភាគច្រើនដោយសារកំណើនការនាំចេញដោយប្រទេសចិនកំពុងមានអតិរេកពាណិជ្ជកម្មយ៉ាងខ្លាំងនៅឆ្នាំ២០២១។
ការនាំចូលទំនិញពីប្រទេសចិនទៅកាន់សហភាពអឺរ៉ុបបានកើនឡើងដល់ជាង ៥០០ពាន់លានដុល្លារកាលពីឆ្នាំ២០២១ ពោលគឺបានកើនឡើងពីចំនួនជាង៤០០ ពាន់លានដុល្លារ កាលពីឆ្នាំ២០២០ដោយបានពង្រីកឱនភាពពាណិជ្ជកម្មរបស់ប្លុកនេះ ជាមួយប្រទេសចិនដល់ប្រមាណ២៧០ ពាន់លានដុល្លារ។
អ្នកស្រី ម៉ាតជេ វិចហ្វេឡាស (Maartje Wijffelaars) សេដ្ឋវិទូជាន់ខ្ពស់នៃក្រុមហ៊ុន Rabobank សម្រាប់តំបន់អឺរ៉ូបាននិយាយដែរថា ជាការពិតប្រទេសចិនបាននាំមុខសហរដ្ឋអាមេរិកដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហភាពអឺរ៉ុប ប៉ុន្តែគេគួរតែប្រុងប្រយ័ត្នជាមួយនឹងការបកស្រាយតួលេខនៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ក៏ដូចជាតួលេខនៅឆ្នាំ២០២២នេះ នៅពេលខាងមុខទៀតផងដែរ ដ្បិតលោកស្រី មើលឃើញថា តួលេខនៅរយៈពេល២ឆ្នាំចុងក្រោយនេះ គឺជាឆ្នាំដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ១៩ ជាពេលវេលាដែលសេដ្ឋកិច្ចប្រទេសនានាមានការបិទបើកៗ៕
អត្ថបទ៖ សុខ ជា