ផែសមុទ្រទឹកជ្រៅពហុគោលបំណងឆាន់កាយ (Chancay Multipurpose Port) តម្លៃ៣,៥ពាន់លានដុល្លារ ដែលជាផ្នែកមួយនៃ“គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ” (BRI) របស់មហាយក្សចិន នៅក្នុងប្រទេសប៉េរូ ដែលមានភូមិសាស្ត្រ ស្ថិតនៅទ្វីបអាម៉េរិកខាងត្បូងនេះ គ្រោងដាក់ឱ្យដំណើរការនៅខែវិច្ឆិកា ចុងឆ្នាំ២០២៤ នេះ ដែលនឹងផ្ដល់ឱ្យចិននូវផ្លូវដឹកជញ្ជូនផ្ទាល់ទៅកាន់តំបន់ដែលសម្បូរដោយធនធានមួយនេះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ក្រុងប៉េកាំង បានផ្ដួលសហរដ្ឋអាម៉េរិក ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតសម្រាប់ទ្វីបអាម៉េរិកខាងត្បូង ដែលសម្បូរដោយធនធានរួមមាន ពោត សណ្ដែក និងរ៉ែស្ពាន់ជាដើម។
ផែសមុទ្រទឹកជ្រៅដែលកាន់កាប់ដោយក្រុមហ៊ុនរដ្ឋចិន Cosco Shipping នេះនឹងមានសមត្ថភាពទទួលកប៉ាល់ដឹកទំនិញធំៗបំផុតដែលអាចធ្វើដំណើរត្រង់មកកាន់ទ្វីបអាស៊ី ហើយវាកាត់បន្ថយពេលធ្វើដំណើរបានរហូតដល់២សប្ដាហ៍សម្រាប់ក្រុមហ៊ុននាំចេញមួយចំនួន។
រដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលនៃប្រទេសប៉េរូ សង្ឃឹមថា ផែសមុទ្រទឹកជ្រៅពហុគោលបំណងនេះ នឹងក្លាយជាមជ្ឈមណ្ឌលកំពង់ផែថ្នាក់តំបន់មួយ ទាំងសម្រាប់ការនាំចេញរ៉ែស្ពាន់ពីប្រទេសប៉េរូ ព្រមទាំងការនាំចេញសណ្ដែកពីប្រទេសប្រេស៊ីល ភាគខាងលិច ដែលបច្ចុប្បន្នត្រូវធ្វើដំណើរឆ្លងកាត់តាមព្រែកជីកប៉ាណាម៉ា (Panama Canal) ឬជាយមហាសមុទ្រអាត្លង់ទិច មុនពេលឆ្ពោះដំណើរទៅកាន់ប្រទេសចិន។
រដ្ឋមន្ត្រីពាណិជ្ជកម្មប៉េរូ លោក ហ្សួន ម៉ាត់ស៊ូ សាឡាហ្សា (Juan Mathews Salazar) បានលើកឡើងថា ផែសមុទ្រទឹកជ្រៅឆាន់កាយ (Chancay) ដ៏ធំសម្បើមនេះមានគោលបំណងប្រែក្លាយប្រទេសប៉េរូ ទៅជាមជ្ឈមណ្ឌលផែពាណិជ្ជកម្មជាយុទ្ធសាស្ត្រសម្រាប់សម្រួលដល់ការដឹកជញ្ជូនទៅមករវាងទ្វីបអាម៉េរិកខាងត្បូង និងតំបន់អាស៊ី។
ផែសមុទ្រទឹកជ្រៅឆាន់កាយ (Chancay) តម្លៃច្រើនពាន់លានដុល្លារនេះ បានចាប់ផ្ដើមដំណើរការសាងសង់ក្នុងឆ្នាំ២០១៨ ហើយវាស្ថិតនៅចម្ងាយប្រមាណ៨០គីឡូម៉ែត្រនៅភាគខាងជើងនៃរដ្ឋធានីលីម៉ា នៃប្រទេសប៉េរូ៕
ដោយ: តែម សុខុម