ទីផ្សារប្រេង

ចិន ទាញយកប្រេងពីជម្រៅជាង៦,០០០ម៉ែត្រដើម្បីបង្កើនការផ្គត់ផ្គង់​ចំពេលទីផ្សារប្រេងពិភពលោកកំពុងក្រឡាប់ចាក់


ក្រោមវាលខ្សាច់ដ៏ធំល្វឹងល្វើយក្នុងប្រទេសចិន កំពុងលាក់នូវ​កំណប់ថាមពលដ៏មហាសាលដែល​ត្រូវការបច្ចេកវិទ្យាខួងដ៏ទំនើបដើម្បីអាចទាញយកវាមកប្រើប្រាស់បាន។ នៅតំបន់ស្វយ័តស៊ីនជាំង ​​អាចផលិត​ប្រេង និងឧស្ម័នសរុបរហូតដល់ទៅជាង២៦លានតោនពីស្រទាប់ក្រោមដីដែលមានជម្រៅជាង៦,០០០ម៉ែត្រ ខណៈទីក្រុងប៉េកាំង កំពុងពន្លឿនការរុករកប្រភពថាមពលក្នុងស្រុក ដើម្បីពង្រឹងសន្តិសុខថាមពល ចំពេលទីផ្សារថាមពលពិភពលោកកំពុងប្រឈមភាពមិនប្រាកដប្រជា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post នៅថ្ងៃទី៦ ខែតុលា នេះ។
ទីផ្សារប្រេង
ដោយ

វាលរ៉ែប្រេងហ៊្វូណាន នៅតំបន់ស្វយ័តស៊ីនជាំង គឺជាវាលប្រេងនៅតំបន់វាលខ្សាច់ដ៏ធំបំផុតរបស់ចិន។ វាបានផលិតប្រេង និងឧស្ម័នពីស្រទាប់ក្រោមដីជ្រៅជាង៦,០០០ម៉ែត្រក្នុងបរិមាណសរុបជាង២៦លានតោន។ ក្នុងនោះមានប្រេងឆៅប្រមាណ២០លានតោន និងឧស្ម័នធម្មជាតិជាង៨ពាន់លានម៉ែត្រគូប។ មិនត្រឹមតែប៉ុណ្ណោះ វិស្វករចិន ក៏កំពុងខួងចូលទៅក្នុងតំបន់អាងទឹក ថារីម កាន់តែជ្រៅផងដែរ ដោយថ្មីៗនេះពួកគេបានទាញយកសំណាកថ្មពីជម្រៅ៨,០៨០ម៉ែត្រដែលជាលើកដំបូងចិន ទទួលបានសំណាកថ្មពីជម្រៅលើស៨,០០០ម៉ែត្រនៅតំបន់នេះ។ ថ្មទាំងនោះមានអាយុកាលរហូតដល់ទៅប្រមាណ៥០០លានឆ្នាំ។
បច្ចុប្បន្នវាលរ៉ែប្រេងហ៊្វូណាន មានអណ្តូងជ្រៅចំនួន៤៨៥ ហើយអណ្តូងខ្លះមានជម្រៅលើស៨,៣០០ ម៉ែត្រដែលជម្រៅស្ទើរតែស្មើនឹងកម្ពស់ភ្នំ Everest។ ជាមួយគ្នានេះ ចិន កំពុងពន្លឿនការរុករកប្រេង និងឧស្ម័ននៅតំបន់ជ្រៅៗ ដើម្បីពង្រឹងសន្តិសុខថាមពល។ ប្រទេសចិន មានគោលដៅផលិតប្រេងឱ្យបានដល់ទៅ៤៤០លានតោនក្នុងស្រុកនៅឆ្នាំ២០៣០ និងពង្រីកបណ្តាញបំពង់បញ្ជូនប្រេង និងឧស្ម័ន។
ក្រៅពីតំបន់វាលខ្សាច់ ចិន ក៏កំពុងពង្រីកការផលិតប្រេង និងឧស្ម័ននៅឯនាយសមុទ្រផងដែរ ដើម្បីបង្កើនការផ្គត់ផ្គង់ថាមពលក្នុងស្រុក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកជំនាញស្នើឱ្យរដ្ឋពិចារណាដំឡើងពន្ធលើគ្រឿងស្រវឹង ក្រោយតម្លៃស្រាបៀរធ្លាក់ចុះខ្លាំង បន្ទាប់ពីឈប់ឱ្យដាក់រង្វាន់

តម្លៃស្រាបៀរនៅលើទីផ្សារបានធ្លាក់ចុះយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ក្រោយរាជរដ្ឋាភិបាលតម្រូវឱ្យលុបបំបាត់ការផ្តល់រង្វាន់លើក្រវិលកំប៉ុង ដោយស្រាបៀរខ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ