នេះបើយោងតាមប្រភពសារព័ត៌មានអំពីយានយន្ដដ៏ល្បី Drive របស់អូស្ត្រាលី ដែលបានចេញផ្សាយកាលពីចុងខែកញ្ញាកន្លងទៅ។ លទ្ធផលវាយតម្លៃនេះ ក៏កើតឡើងចំពេលស្ថាប័ន ANCAP បានដាក់ឱ្យប្រើស្តង់ដាវាយតម្លៃសុវត្ថិភាពថ្មីសម្រាប់ឆ្នាំ ២០២៦-២០២៨ ដែលមានលក្ខខណ្ឌតឹងរ៉ឹងជាងមុនផងដែរ។
ចំណាត់ថ្នាក់ ៣ផ្កាយនេះ អនុវត្តចំពោះទាំងម៉ូដែល Sealion 5 Essential និង Premium ដែលលក់នៅទីផ្សារអូស្ត្រាលី និងនូវែលសេឡង់ប៉ុណ្ណោះ។ តាម ANCAP រថយន្ត BYD Sealion 5 ទទួលបានពិន្ទុ ៤៨% សម្រាប់សវុត្ថិភាពកំពុងបើកបរ (Safe Driving) និង ៥១% សម្រាប់សមត្ថភាពបញ្ជៀសការបុក (Crash Avoidance)។
ទោះយ៉ាងណា តាមប្រភពព័ត៌មាន Car Expert របស់អូស្ត្រាលី ក្រុមហ៊ុន BYD អូស្ត្រាលី បានចេញមកការពារផ្នែកសុវត្ថិភាពរបស់រថយន្ដ Sealion 5 ដោយលើកឡើងថា រថយន្តនេះនៅតែជារថយន្តមានសុវត្ថិភាព និងអនុលោមតាមបទដ្ឋានរចនារថយន្ត និងបទប្បញ្ញត្តិសុវត្ថិភាពរបស់អូស្ត្រាលី។ ក្រុមហ៊ុនបានបញ្ជាក់ថា ចំណាត់ថ្នាក់ថ្មីនេះឆ្លុះបញ្ចាំងពី ការផ្លាស់ប្តូរទៅកាន់ស្តង់ដាធ្វើតេស្ត ដែលតឹងរ៉ឹងជាងមុននៅឆ្នាំ ២០២៦ មិនមែនដោយសារការផ្លាស់ប្តូរចំពោះការប្តេជ្ញាចិត្តរបស់ BYD លើសុវត្ថិភាពនោះទេ។
ទោះយ៉ាងណា ក្នុងពេលជាមួយគ្នានេះ ម៉ូដែល BYD M9 Plug-in Hybrid ដែលត្រូវបានធ្វើតេស្តក្រោមស្តង់ដារ ANCAP ឆ្នាំ ២០២៦-២០២៨ ដូចគ្នា ទទួលបានចំណាត់ថ្នាក់ ៥ផ្កាយពេញ។ ANCAP បានបញ្ជាក់ថា លទ្ធផលនេះបង្ហាញថា Sealion 5 មិនអាចផ្តល់កម្រិតបច្ចេកវិទ្យា និងមុខងារសុវត្ថិភាពបានស្មើនឹង M9 នោះទេ។
សូមបញ្ជាក់ថា រថយន្ត BYD Sealion 5 គឺជារថយន្ត SUV គ្រួសារប្រភេទ Plug-in Hybrid ដែលមានតម្លៃ ទាបបំផុតនៅក្នុងទីផ្សារប្រទេសអូស្ត្រាលី ដែលមានតម្លៃចាប់ពី ប្រមាណ ២៣,៧០០ ដុល្លារអាម៉េរិក ដោយមិនទាន់គិតថ្លៃចំណាយលើឯកសារចុះបញ្ជីផ្សេងៗទៀត។