វិស័យសេដ្ឋកិច្ច

អ្នកជំនាញហិរញ្ញវត្ថុ១៥,០០០នាក់នឹងមកជួបប្រជុំគ្នានៅទីក្រុងបាងកក ដែលកំពុងជួបវិបត្តិទឹកជំនន់


នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ទីក្រុងបាងកក​នឹងបើកទ្វារទទួលស្វាគមន៍ប្រតិភូជាន់ខ្ពស់រហូតដល់១ម៉ឺន៥ពាន់នាក់មកពី១៩០ប្រទេសទូទាំងពិភពលោក ខណៈទីក្រុងនេះ កំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីវិបត្តិទឹកជំនន់។ តាមការគ្រោងទុកចន្លោះពីថ្ងៃទី១២-១៨ ខែតុលា ប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក។ ប៉ុន្តែសំណួរដ៏ចាក់ដោតនៅពេលនេះ តើទីក្រុងបាងកក អាចរៀបចំផ្ទះទាន់ពេលដែរឬទេ?
វិស័យសេដ្ឋកិច្ច
ដោយ

សារព័ត៌មាន Bloomberg បានរាយការណ៍ថា ស្របពេលដែលប្រតិភូហិរញ្ញវត្ថុជុំវិញពិភពលោករហូតដល់១៥,០០០នាក់នឹងធ្វើដំណើរមកទីក្រុងបាងកក ដើម្បីជួបប្រជុំគ្នាលើបញ្ហាសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែទីក្រុងមួយនេះនៅមិនទាន់អាចដោះស្រាយវិបត្តិទឹកជំនន់បាននៅឡើយទេ ហើយថែមទាំងប្រឈមនឹងព្យុះភ្លៀងថ្មីបន្ថែមទៀត។
កិច្ចប្រជុំកំពូលនេះ គ្រោងប្រព្រឹត្តទៅចន្លោះពីថ្ងៃទី១២-១៨ ខែតុលា ប៉ុន្តែការព្យាករអាកាសធាតុបង្ហាញថា ចាប់ពីថ្ងៃទី១១-១៣ ខែតុលា ដែលជាថ្ងៃចាប់ផ្តើមបើកទ្វារកិច្ចប្រជុំ ទីក្រុងបាងកកនឹងត្រូវរងគ្រោះដោយព្យុះភ្លៀងជាថ្មី។ អ្វីដែលកាន់តែព្រួយបារម្ភនោះ គឺសមត្ថភាពស្តុកទឹក នៃទំនប់ជុំវិញទីក្រុងបាងកក បានកើនឡើងដល់៩១% ទៅហើយ។ កាលពីប៉ុន្មានថ្ងៃមុនភ្លៀងធ្លាក់ជាប់ៗគ្នា៣ថ្ងៃបានបណ្តាលឱ្យទីក្រុងបាងកក លិចលង់យ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់ជីវភាពពលរដ្ឋទូទាំងទីក្រុង និងរំខានដល់ជើងហោះហើរតាមផ្លូវអាកាសទៀតផង។
ស្ថិតក្នុងស្ថានភាពនេះ បានបង្ខំឱ្យលោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) នាយករដ្ឋមន្ត្រីថៃ បញ្ជាឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធប្រញាប់ប្រញាល់ដោះស្រាយគ្រោះធម្មជាតិនេះជាបន្ទាន់ ដើម្បីការពារមុខមាត់ជាតិ។ អាជ្ញាធរថៃ ត្រូវបានណែនាំឱ្យត្រៀមលក្ខណៈទប់ទល់នឹងជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ និងបញ្ចៀសការកកស្ទះចរាចរណ៍ តាមរយៈការត្រៀមរថយន្តធុនធំ និងរថយន្តសារ៉ែនបើកផ្លូវ ដើម្បីត្រៀមដឹកជញ្ជូនប្រតិភូប្រសិនបើផ្លូវថ្នល់ត្រូវបានជន់លិច, ដាក់ពង្រាយម៉ាស៊ីនបូមទឹកនៅជុំវិញទីក្រុង និងត្រៀមការពារធានាសុវត្ថិភាពចរាចរណ៍សម្រាប់ក្បួនរថយន្តប្រតិភូជាង៤០០គ្រឿង។
លោក ហាណារ៉ុង យ៉ាអូវ៉ាល័រ (Hannarong Yaowalers) អ្នកជំនាញធនធានទឹកថៃ បានព្រមានថា ទំនប់ទឹកជាច្រើនជុំវិញទីក្រុងបាងកក បានកើនឡើងលើសសមត្ថភាពផ្ទុកធម្មតារួចទៅហើយ។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលថៃ បានអះអាងថា របាំងការពារទឹកជំនន់នៅតែអាចទ្រាំទ្របាន ដោយកម្រិតទឹកទន្លេបច្ចុប្បន្ននៅទាបជាងរបាំងការពារប្រហែល១ម៉ែត្រ ដែលនៅតែអាចទទួលទឹកបន្ថែមទៀត៕
ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


បារាំង និងអាល្លឺម៉ង់ ជំរុញឱ្យអឺរ៉ុប ប្រញាប់បង្កើតខែលការពារពាណិជ្ជកម្ម ដើម្បីទប់ទល់ជាមួយចិន

មហាអំណាចសេដ្ឋកិច្ចធំៗពីរនៅសហភាពអឺរ៉ុប គឺបារាំង និងអាល្លឺម៉ង់ បានចេញមុខរួមគ្នាជំរុញឱ្យសហភាពអឺរ៉ុប បង្កើតខែលការពារខ្លួន និងអាវុធវាយបក…

ហេតុអ្វីជនជាតិចិន កាន់តែចូលចិត្តទិញអចលនទ្រព្យនៅម៉ាឡេស៊ី ជាងនៅ​សិង្ហបុរី?

វិនិយោគិនមកពីចិនដីគោក និងហុងកុងកាន់តែច្រើនកំពុងងាកទៅ​ទិញ​អចលនទ្រព្យនៅ​ក្នុង​ប្រទេសម៉ាឡេស៊ី ជាង​នៅ​ប្រទេសសិង្ហបុរី។ មូលហេតុចម្បង គឺដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ