ទីផ្សារប្រេង

តម្លៃប្រេងឆៅរអិលធ្លាក់ក្រោម៨០ដុល្លារក្នុង១បារ៉ែល តែនាវាដឹកប្រេងធំៗនៅតែមិនហ៊ានឆ្លងកាត់ច្រកសមុទ្រហ័រម៉ូស


ពន្លឺសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានជះឥទ្ធិពលភ្លាមៗមកលើទីផ្សារថាមពលពិភពលោក ដោយទាញទម្លាក់តម្លៃប្រេងឆៅឱ្យធ្លាក់ចុះមកនៅក្រោម៨០ដុល្លារក្នុងមួយបារ៉ែល។ ទោះជាយ៉ាងណា ភាពធូរស្រាលនេះ នៅមិនទាន់អាចជួយស្រោចស្រង់ខ្សែច្រវាក់ផ្គត់ផ្គង់បានទាំងស្រុងនៅឡើយទេ ខណៈដែលដង្ហើមសេដ្ឋកិច្ចផ្លូវទឹកដ៏សំខាន់ ពោលគឺច្រកសមុទ្រហ័រម៉ូស ដែលគ្រប់គ្រងចរន្តដឹកជញ្ជូនប្រេងរហូតដល់២០% នៃតម្រូវការសកលនៅតែបន្តស្ថិតក្នុងស្ថានភាពគាំងណែន ព្រោះនាវាដឹកប្រេងខ្នាតយក្សភាគច្រើននៅមិនទាន់ហ៊ានប្រថុយប្រថានឆ្លងកាត់នៅឡើយ។
ទីផ្សារប្រេង
ដោយ

សារព័ត៌មាន CNBC បានរាយការណ៍ថា ក្តីរំពឹងជុំវិញកិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ រយៈពេលជិតមួយសប្តាហ៍មកនេះបានក្លាយជាឱសថទិព្វជួយសម្រាលសម្ពាធតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិឱ្យធ្លាក់ចុះជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃទី១៦ ខែមិថុនា តម្លៃប្រេងឆៅប្រភេទ Brent បានរអិលធ្លាក់ចុះយ៉ាងគំហុករហូតដល់៥% ដោយជួញដូរក្នុងតម្លៃត្រឹមតែជាង៧៨ដុល្លារប៉ុណ្ណោះក្នុងមួយបារ៉ែល។ ជាមួយគ្នានេះតម្លៃប្រេងឆៅនៅលើទីផ្សារតិចសាសសហរដ្ឋអាម៉េរិក ក៏បានដាំក្បាលចុះ៥,៧% មកនៅត្រឹមជាង៧៦ដុល្លារក្នុង១បារ៉ែលផងដែរ។

នេះជាដំណឹងដ៏រីករាយ និងជាក្តីសង្ឃឹមថ្មីសម្រាប់អ្នកប្រើប្រាស់ទូទាំងសកលលោក ដែលបានរងទុក្ខវេទនាដោយសារវិបត្តិអតិផរណា ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ មក។ ប៉ុន្តែ មហិច្ឆតាចង់ឱ្យតម្លៃប្រេងធ្លាក់ថ្លៃជាងនេះកំពុងជួបបញ្ហាប្រឈម ដោយសារច្រកសមុទ្រហ័រម៉ូសមិនទាន់មានសុវត្ថិភាពសម្រាប់នាវានៅឡើយទេ។

រហូតមកទល់ពេលនេះនាវាដឹកជញ្ជូន និងនាវាដឹកទំនិញខ្នាតយក្សសរុបប្រមាណ៥៨០គ្រឿង ក្នុងនោះរួមមាននាវាដឹកប្រេងឆៅ២៥០គ្រឿង និងនាវាដឹកទំនិញទូទៅ៣៣០គ្រឿងនៅតែបន្តយឺតយ៉ាវ និងមិនទាន់ហ៊ានបញ្ឆេះម៉ាស៊ីនចាកចេញពីកំពង់ផែនៅឡើយទេ បើទោះបីជាមានការចេញមុខធានាអះអាងពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដោយ។

មូលហេតុចម្បងដែលក្រុមហ៊ុនដឹកជញ្ជូនតាមសមុទ្រមិនហ៊ានប្រថុយប្រថានឆ្លងកាត់ច្រកសមុទ្រមួយនេះ គឺដោយសារតែឧបសគ្គធំៗមួយចំនួនរួមមានខ្លាចរងការវាយប្រហារដោយមិនដឹងខ្លួន, ការគំរាមកំហែងពីគ្រាប់មីនក្រោមបាតសមុទ្រ ដែលត្រូវបានដាក់ពង្រាយពេញផ្ទៃទឹក និងបញ្ហាប្រព័ន្ធធានារ៉ាប់រង និងថ្លៃសេវា ដែលហក់ឡើងកប់ពពក។ ដូច្នេះទោះបីជាក្រដាសកិច្ចព្រមព្រៀងសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់ ត្រូវបានចុះហត្ថលេខាក៏ដោយ ប៉ុន្តែដរាបណាកម្ទេចកំទីសង្រ្គាម និងគ្រាប់មីនមិនទាន់ត្រូវបានបោសសម្អាតចេញពីច្រកហ័រម៉ូសទេនោះ វិបត្តិខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលពិភពលោកនៅតែបន្តស្ថិតក្នុងភាពស្រពិចស្រពិលដដែល៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ចិន ព្រមានថា ផ្លូវចរចាសន្តិភាពអាម៉េរិក និង អ៊ីរ៉ង់ នៅវែងឆ្ងាយ និងស្មុគស្មាញ ខណៈអាម៉េរិក អួតថា ខ្លួនសម្រេចបានសន្តិភាព

ស្របពេលដែលលោក ដូណាល់ ត្រាំ ប្រកាសក្តែងៗពីការសម្រេចបានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ដោយអះអាងទាំងមោទកភាពថា គ្មានមេដឹកនាំណាធ្វើបា…

តើវៀតណាម ធ្វើកំណែទម្រង់ស៊ីជម្រៅអ្វីខ្លះ ដើម្បីឈានទៅសម្រេចមហិច្ឆតាស្រូបទាញការវិនិយោគបរទេសឱ្យបានដល់ ៣០% នៃ GDP នៅត្រឹមឆ្នាំ២០៤៥?

ប្រទេសវៀតណាម ដែលមានប្រជាជនសរុបប្រមាណ១០០លាននាក់កំពុងដាក់ចេញកំណែទម្រង់ទ្រង់ទ្រាយធំជាច្រើន ដើម្បីទាក់ទាញវិនិយោគបរទេស ដែលមានគុណភាពខ្ពស់ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ