សារព័ត៌មាន Asia Nikkei បានរាយការណ៍កាលពីថ្ងៃទី៥ ខែតុលា ថា ប្រធានាធិបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោក ហ្វ្រេឌ្រីក មើស (Friedrich Merz) បានផ្ញើលិខិតរួមគ្នាមួយទៅកាន់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ើស៊ូឡា វ៉ុន ឌើ ឡេយេន (Ursula von der Leyen) ដោយស្នើឱ្យប្លុកនេះបង្កើតខែលការពារពាណិជ្ជកម្ម។ ការដាក់លិខិតនេះធ្វើឡើងនៅ១០ថ្ងៃ មុនពេលមេដឹកនាំ EU ជួបជុំគ្នានៅទីក្រុងប្រ៊ុចសែល ដើម្បីដោះស្រាយវិបត្តិអតុល្យភាពពាណិជ្ជកម្មជាមួយចិន។ មេដឹកនាំទាំងពីរបានព្រមានថា សកម្មភាពបំផ្លាញទីផ្សារជាប្រព័ន្ធ កំពុងគំរាមកំហែងដល់ដង្ហើមសេដ្ឋកិច្ច និងគ្រឹះឧស្សាហកម្មរបស់អឺរ៉ុបទាំងមូល។
គណៈកម្មការអឺរ៉ុបបានស្វាគមន៍លិខិតរួមនេះ និងបានចាត់ទុកថា ជាការរួមចំណែកដ៏មានតម្លៃក្នុងការប្រឈមមុខនឹងហានិភ័យភូមិសាស្ត្រសេដ្ឋកិច្ចសកល។ទោះបីជាវិធានការថ្មីនេះមិនបានប្រកាសឈ្មោះចិនចំៗក្នុងក្រដាសផ្លូវការក៏ដោយ ប៉ុន្តែខ្លឹមសារទាំងមូល គឺតម្រង់ទិសដៅទៅរកល្បិចកលពាណិជ្ជកម្មរបស់ចិនរាប់ចាប់តាំងពីការលក់បង្ខូចតម្លៃលើទីផ្សារ, ការផ្តល់ប្រាក់ឧបត្ថម្ភធនដល់ក្រុមហ៊ុនស្រុក និងការជិះសេះលែងដៃលើការកំណត់អត្រាប្តូរប្រាក់។
ការទាមទារឱ្យមានអាវុធវាយបកផ្នែកពាណិជ្ជកម្មនេះកើតឡើងចំពេលដែល EU និងចិន ត្រៀមបើកកិច្ចប្រជុំកំពូលនៅទីក្រុងប៉េកាំង ដើម្បីទប់ស្កាត់សង្គ្រាមពាណិជ្ជកម្មកុំឱ្យផ្ទុះឡើង។ អឺរ៉ុបបានរៀបចំជញ្ជាំងការពារយ៉ាងរឹងមាំ ដើម្បីការពារអាជីវកម្ម និងឧស្សាហកម្មគន្លឹះរបស់ខ្លួន ជាពិសេសវិស័យរថយន្តអគ្គិសនី ប្រឆាំងនឹងការប្រកួតប្រជែងមិនស្មោះត្រង់ពីសំណាក់ប្រទេសចិន។
តាមផែនការលោក ម៉ាកូស សេហ្វកូវិច (Maros Sefcovic) ប្រធានផ្នែកពាណិជ្ជកម្មរបស់ EU នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃទី៨ ខែតុលា ដើម្បីចូលរួមកិច្ចប្រជុំបន្ទាន់រយៈពេល២ថ្ងៃជាមួយមន្ត្រីជាន់ខ្ពស់ចិន។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគ និងអ្នកជំនាញអន្តរជាតិបានព្រមាន EU ថា កុំសង្ឃឹមខ្ពស់ពេកលើជំនួបមួយនេះ។
មេដឹកនាំ និងអ្នកសង្កេតការណ៍អឺរ៉ុប កំពុងព្រួយបារម្ភយ៉ាងខ្លាំងអំពីរលកជន់លិចលើកទី២របស់ទំនិញចិន ខណៈដែលក្រុមហ៊ុនចិនកំពុងសម្រុកផលិត និងបញ្ចេញទំនិញមានតម្លៃថោកទៅក្នុងទីផ្សារពិភពលោក ដែលកំពុងវាយប្រហារ និងកម្ទេចឧស្សាហកម្មប្រពៃណីរបស់អឺរ៉ុបបន្តិចម្តងៗ៕
អត្ថបទៈ សួន ឡង់ទី