កិច្ចព្រមព្រៀង សន្តិសុខដែលដឹកនាំដោយសហរដ្ឋអាមេរិកនេះ បានធ្វើឲ្យភាគីចិនប្រតិកម្មយ៉ាងខ្លាំង ដោយបានចោទប្រកាន់ប្រទេសទាំងបីថា កំពុងធ្វើសង្គ្រាមត្រជាក់ ផ្នែកចិត្តសាស្ត្រ ជាមួយប្រទេសដទៃ។ ក្រុងប៉េកាំង តាមរយៈស្ថានទូតរបស់ខ្លួននៅក្រុងវ៉ាស៊ីនតោន បានប្រតិកម្មរិះគន់ថា គេមិនគួរបង្កើតក្រុមប្រទេសសម្ព័ន្ធភាពមួយ ដើម្បីសំដៅវាយប្រហារផលប្រយោជន៍របស់ប្រទេសទីបីនោះទេ។ ប្រទេសទីបីដែលចិនទំនងជាចង់សំដៅលើខ្លួនឯងផ្ទាល់តែម្តង។
តាមរយៈកិច្ចប្រជុំតាមប្រព័ន្ធអនឡាញកាលពីថ្ងៃពុធ ទី១៥ កញ្ញា សម្ព័ន្ធមិត្តទាំងបីរួមមានអាមេរិក អូស្ត្រាលី និងអង់គ្លេស នឹងឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមឲ្យកាន់តែរឹងមាំ មិនធ្លាប់មានពីមុននោះទេ ក្នុងសតវត្សន៍ទី២១នេះ នៅក្នុងការការពារជាតិ ដែលរួមបញ្ចូលវិស័យជាច្រើនដូចជា បញ្ញាសិប្បនិម្មិត(A.I.) បច្ចេកវិទ្យា អិនធឺណែត និង ប្រព័ន្ធអុបទិចក្រោមបាតុសមុទ្រជាដើម។
កិច្ចសហប្រតិបត្តិការថ្មីដែលត្រូវបានគេឲ្យឈ្មោះថា អូកឺស (AUKUS) និង ចាប់ផ្តើម អនុវត្តតាមរយៈជំនួយដល់ប្រទេសអូស្ត្រាលី ក្នុងការទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដំបូងគេរបស់ខ្លួន។ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលមានសំឡេងស្ងាត់ជាង មានល្បឿនលឿនជាង មុជទៅក្នុងជំរៅទឹកជ្រៅជាង និង បានយូរជាង នាវាធម្មតា។ នាវានេះទំនងជាត្រូវទទួលបានជំនួយផ្នែកបច្ចេកទេសពីសហរដ្ឋអាមេរិក និង អង់គ្លេសសម្រាប់ការផលិតថ្មីតែម្តង។
យ៉ាងណាមិញ ភាគីទាំងបី បានបញ្ជាក់ហើយថា ទោះបីនាវាខាងលើដំណើរការដោយថាមពលនុយក្លេអ៊ែរមែន ប៉ុន្តែនាវានេះនឹងមិនមានបំពាក់មកជាមួយនូវអាវុធ នុយក្លេអ៊ែរនោះទេ។
មិនត្រឹមតែប្រទេសចិននោះទេដែលបានបរិហារ និងរិះគន់កិច្ចព្រមព្រៀងខាងលើ ជុំវិញបញ្ហានាវាមុជទឹកនេះដែរ បារាំងបានសម្តែងការខឹងសម្បាយ៉ាងខ្លាំង និងបានរិះគន់កិច្ចព្រមព្រៀង AUKUS ថាបានសម្លាប់កិច្ចសន្យាលក់នាវាមុជទឹកបារាំង។
បារាំងខឹងសម្បាគឺដោយសារ បារាំងបានបាត់បង់ប្រយោជន៍ដែលមានតម្លៃទឹកប្រាក់ដ៏ច្រើនមហាសាល។ នៅបន្ទាប់ពីបានបង្កើតកិច្ចព្រមព្រៀងសន្តិសុខ ជាមួយអាមេរិក និងអង់គ្លេស លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត មូរីសុន បានប្រកាស លុបចោលកិច្ចសន្យាទិញនាវាមុជទឹកតម្លៃ ៥០ពាន់លានដុល្លារអូស្ត្រាលី ដែលអូស្ត្រាលីបានចុះហត្ថលេខាជាមួយ បារាំង កាលពីឆ្នាំ ២០១៦។
គួររំឭកថាកាលពីឆ្នាំ២០១៦ អូស្ត្រាលីធ្លាប់បានចុះកិច្ចសន្យាទិញ នាវាមុជទឹកពីបារាំង ចំនួន ១២គ្រឿង។ តាមកិច្ចសន្យាទិញលក់នាវាមុជទឹកជាមួយបច្ចេកវិទ្យារបស់បារាំងនេះ ការដ្ឋានសាងសង់នាវាក្នុងទឹកដីអូស្ត្រាលី នឹងត្រូវចាប់ផ្តើមនៅឆ្នាំ២០២២ និងដាក់ឲ្យដំណើរការនៅឆ្នាំ ២០៣០ខាងមុខ។
គួរកត់សម្គាល់ឲ្យដឹងថា ការរួមសហការគ្នារវាងប្រទេសធំៗទាំងបីនេះ ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រថ្មី១ របស់ សហរដ្ឋអាមេរិក ដើម្បីប្រមូលផ្តុំកម្លាំងបន្ថែមពីសម្ព័ន្ធមិត្តរបស់ខ្លួន ឲ្យចូលមកក្នុងដែនយុទ្ធសាស្ត្រ នៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សម្រាប់ទប់ទល់នឹងវត្តមានរបស់យោធាជើងទឹកចិន នៅក្នុងតំបន់មួយនេះដែរ ជាពិសេសការប្រមូលផ្តុំកម្លាំងសម្រាប់ទប់ទល់នឹងភាពតានតឹងនៅសមុទ្រចិនខាងត្បូង ដែលចិន កំពុងកើនកំដៅខ្លាំង។
យ៉ាងណាមិញ នាយករដ្ឋមន្ត្រីអង់គ្លេស និងនាយករដ្ឋមន្ត្រីអូស្ត្រាលី បានអះអាងផ្ទាល់ថា តាមរយៈ កិច្ចព្រមព្រៀងលើកនេះ ប្រទេសសម្ព័ន្ធមិត្ត ទាំងបី អូស្ត្រាលី អាមេរិក និងអង់គ្លេស នឹងខិតចូលជិតគ្នាកាន់តែខ្លាំង។ មន្ត្រីរដ្ឋាភិបាលប្រទេសទាំងពីរបញ្ជាក់បន្ថែមថា កិច្ចព្រមព្រៀងសន្តិសុខជាមួយ អាមេរិកគ្មានគោលដៅ ប្រឆាំងនឹងប្រទេសណានោះទេ ប៉ុន្តែ ផ្ទុយទៅវិញ គឺមានគោលដៅធានាសន្តិសុខ ស្ថិរភាពនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក។
សូមជម្រាបដែរថា ក្រុងវ៉ាស៊ីនតោនក៏នឹងបើកកិច្ចប្រជុំដោយឡែកមួយទៀត នៅចុងខែកញ្ញានេះ ជាមួយនឹងសម្ព័ន្ធមិត្តចតុភាគីហៅកាត់ថា ខ្វត (Quad) ដែលមានសមាជិកដូចជា អាមេរិក ជប៉ុន ឥណ្ឌា និង អូស្ត្រាលី។ មេដឹកនាំកំពូលប្រទេសទាំង៤នេះ នឹងជួបពិភាក្សាគ្នាផ្តោតលើការពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ និង ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗ ដូចជាការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការដោះស្រាយវិបត្តិអាកាសធាតុ ភាពជាដៃគូលើបច្ចេកវិទ្យាដែលកំពុងរីកចម្រើន និង ការជំរុញឱ្យមានសេរីភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយគ្មានការគំរាមពីប្រទេសនានា៕