មេដឹកនាំចិនដ៏មានឥទ្ធិពលរូបនេះ ក៏បានលើកឡើងពីផែនការធ្វើឲ្យអត្រាអ្នកគ្មានការងារធ្វើនៅក្នុងទីក្រុងឲ្យមាននៅទាបបំផុត និងគ្រោងបង្កើតការងារថ្មីៗក្នុងទីក្រុងឲ្យបានច្រើនជាង ១១លាននាក់ ស្មើនឹងឆ្នាំ២០១៩ ពោលគឺមានការកើនឡើង ៩លាននាក់ បើធៀបនឹងឆ្នាំ២០២០។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន CNBC ។
លោក លី ខឹឈាង បានបញ្ជាក់ទៀតថា ប្រទេសចិនក៏នឹងមានគោលបំណងក្នុងការពង្រីកឲ្យបាន៣% នៃសន្ទស្សន៍ទំនិញប្រើប្រាស់ ដើម្បីគ្រប់គ្រងអតិផរណាក្នុងប្រទេស ។
ប្រទេសចិន ត្រូវបានរាយការណ៍ថា មានកំណើនសេដ្ឋកិច្ច២,៣% នៅឆ្នាំ២០២០ និងជាប្រទេសមានសេដ្ឋកិច្ចធំ តែមួយគត់ដែលបានរក្សាបានកំណើនសេដ្ឋកិច្ចវិជ្ជមាននៅចំពេលនៃមានវិបត្តិកូវីដ-១៩ កើតឡើងនៅទូទាំងពិភពលោក។ យ៉ាងណាក៏ដោយ តួលេខសេដ្ឋកិច្ចផ្លូវការរបស់ប្រទេសនេះ ជារឿយៗក៏តែងតែត្រូវបានគេចោទសួរអំពីភាពត្រឹមត្រូវនៃការធ្វើរបាយការណ៍ផងដែរ។
ថ្មីៗនេះដែរ បើតាមអ្នកជំនាញធនាគារកណ្ដាលរបស់ចិន ក៏ធ្លាប់លើកឡើងដែរថា នៅឆ្នាំ២០២១សេដ្ឋកិច្ចចិនអាចនឹងស្ទុះងើបឡើងដល់ទៅ ៨ ទៅ៩ភាគយ ខណៈដែលស្ថាប័នរូបិយវត្ថុអន្តរជាតិក៏ធ្លាប់បានព្យាករពីកំណើនសេដ្ឋកិច្ចចិននៅឆ្នាំនេះដែរថា នឹងកើនឡើងជាង៨%។
តាមការព្យាករណ៍ របស់ស្ថាប័នអន្តរជាតិធំៗមួយចំនួន ក៏ធ្លាប់បានឲ្យដឹងដែរថា នៅប្រមាណ៧ ទៅ៨ឆ្នាំខាងមុខនេះប៉ុណ្ណោះ ប្រទេសចិនអាចនឹងវ៉ាដាច់អាមេរិកក្លាយទៅជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១ក្នុងលោក។ ការសម្រេចបានគោលដៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ក៏ដោយសារតែសេដ្ឋកិច្ចអាមេរិក ក៏ដូចជាប្រទេសលោកខាងលិចកំពុងប្រឈមកាន់តែខ្លាំងនឹងវិបត្តិនៃជំងឺកូវីដ-១៩ ជាក់ស្ដែងនៅឆ្នាំ២០២០ ប្រទេសទាំងនោះភាគច្រើនបំផុតសុទ្ធតែមានកំណើនសេដ្ឋកិច្ចដក តែចិនវិញបែរជាមានកំណើនសេដ្ឋកិច្ចវិជ្ជមានកើនជាង២% ហើយរំពឹងថានឹងកើនកាន់តែខ្លាំងថែមទៀតនៅឆ្នាំបន្តបន្ទាប់នេះ៕