ដោយមិនបាននិយាយចំឈ្មោះលើអាមេរិកនោះទេ អ្នកនាំពាក្យយោធាចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការល្បាតនេះគឺសំដៅទៅលើសកម្មភាព និងពាក្យសំដីដែលខុសឆ្គងយ៉ាងធ្ងន់ធ្ងរ របស់ប្រទេសពាក់ព័ន្ធមួយចំនួន លើបញ្ហាកោះតៃវ៉ាន់ ពិសេសការគាំទ្រលើការប្រកាសឯករាជ្យរបស់ដែនកោះមួយនេះ។
ដោយឡែក កងការពារដែនកោះតៃវ៉ាន់វិញ បានរាយការណ៍ថា យ៉ាងហោចណាស់យន្តហោះចម្បាំងចិនចំនួន ៦គ្រឿង បានហោះចូលក្នុងតំបន់ការពារដែនអាកាសភាគនិរតីរបស់ខ្លួនកាលពីថ្ងៃអង្គារសប្តាហ៍នេះ។
គួរជម្រាបថា ប្រតិបត្តិការរបស់ចិនខាងលើនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងវត្តមានរបស់គណៈប្រតិភូសភាអាមេរិកមកកាន់កោះតៃវ៉ាន់ ដែលត្រូវបានព័ត៌មានក្នុងស្រុកតៃវ៉ាន់ ចុះផ្សាយថា ពួកគេបានមកដល់ តាមរយៈយន្តហោះយោធាមួយគ្រឿង។ យ៉ាងណាមិញ គេមិនបានដឹងទេថា តើជាគណៈប្រតិភូសភាអាមេរិករូបណា ដែលបានមកដល់ក្រុងតៃប៉ិ ហើយមកដើម្បីអ្វី?
ក្រសួងការពារជាតិអាមេរិក ក៏មិនបានប្រាប់ឲ្យដឹងដែរថា សមាជិកសភានោះជាបុគ្គលរូបណា ក៏ប៉ុន្តែមន្ទីរបញ្ជកោណអាមេរិក គ្រាន់តែបានអះអាងថា វាជារឿងធម្មតាទេសម្រាប់សមាជិកសភា ដែលធ្វើដំណើរ និងត្រូវបានគេដឹកជញ្ជូនតាម យន្តហោះយោធា។
ភាគីចិនឯណោះវិញ បានបន្តថ្កោលទោស និង រិះគន់ខ្លាំងៗចំពោះការបង្កើន ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ដែលក្រុងប៉េកាំងតែងតែអះអាងថា ជាអាណាខេត្តស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។
សូមរំឭកដែរថា មិនត្រឹមតែអាមេរិកនោះទេ ដែលកំពុងបង្កើនទំនាក់ទំនងទាំងផ្នែកនយោបាយ និងយោធាជាមួយតៃវ៉ាន់ កាលពីសប្តាហ៍មុន គណៈប្រតិភូ សហភាពអឺរ៉ុបមួយក្រុមក៏បានបំពេញទស្សនកិច្ច និងជួបពិភាក្សាជាមួយ ថ្នាក់ដឹកនាំកោះតៃវ៉ាន់ផងដែរ។ ការនេះបានធ្វើឲ្យចិនក្តៅស្លឹកត្រចៀក និងបានព្រមានពីភាពប្រេះឆា នៃទំនាក់ទំនងចិន-អឺរ៉ុបទៀតផង៕