គណៈរដ្ឋមន្ត្រីចិន កាលពីចុងសប្តាហ៍មុន បានចេញបទបញ្ញត្តិថ្មីមួយ ដោយបានកំណត់ថា ធនធានរ៉ែកម្រជាកម្មសិទ្ធិរបស់រដ្ឋ ហើយរដ្ឋាភិបាលនឹងត្រួតពិនិត្យការអភិវឌ្ឍឧស្សាហកម្មជុំវិញរ៉ែកម្រចំនួន១៧ប្រភេទ ដែលបានធ្វើឱ្យចិនក្លាយជាផលិតកររ៉ែដ៏លេចធ្លោនៅក្នុងពិភពលោក ដែលមានចំណែកជិត៩០% នៃទិន្នផលរ៉ែនៅទូទាំងពិភពលោក។
ខ្លឹមសារនៅក្នុងបទបញ្ញត្តិដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែតុលា តទៅនេះ បាននិយាយថា គ្មានអង្គការ ឬបុគ្គលណាមួយអាចរំលោភបំពាន ឬបំផ្លាញធនធានរ៉ែកម្រទាំងនេះបានឡើយ ហើយគោលបំណងរបស់បទបញ្ញត្តិនេះ គឺដើម្បីធានាសន្តិសុខធនធានជាតិ និងសន្តិសុខឧស្សាហកម្មរ៉ែកម្រ។
តាមពិតទៅ ធនធានក្រោមដីទាំងអស់នៅក្នុងប្រទេសចិន គឺជាកម្មសិទ្ធិរបស់រដ្ឋរួចទៅហើយ ប៉ុន្តែច្បាប់ថ្មីនេះសំដៅទប់ស្កាត់សកម្មភាពជីកយករ៉ែខុសច្បាប់ និងការរំលាយសារធាតុកម្រមួយចំនួន ដែលកំពុងបន្តធ្វើដោយក្រុមហ៊ុនឯកជនមួយចំនួន។
ច្បាប់ថ្មីនេះគឺវិធានការចុងក្រោយបំផុតរបស់ប្រទេសចិន ក្នុងការក្ដោបក្ដាប់លោហៈធាតុសំខាន់ៗក្នុងឧស្សាហកម្មរបស់ខ្លួន ដើម្បីឆ្លើយតបនឹងការប្រឹងប្រែងរបស់អាម៉េរិកក្នុងការរឹតបន្តឹងចិនមិនឱ្យចូលប្រើប្រាស់បច្ចេកវិទ្យាបន្ទះឈីបទំនើបៗរបស់អាម៉េរិក។
ច្បាប់ថ្មីរបស់ចិននេះទៀតសោត បានបង្កើតឡើងចំពេលមានការរំពឹងទុកថា សហភាពអឺរ៉ុបអាចនឹងត្រូវការវត្ថុធាតុដើមទាំងនេះកាន់តែខ្លាំងឡើងរហូតដល់៦ដងនៅត្រឹមឆ្នាំ២០៣០ និងកើនឡើង៧ដងនៅត្រឹមឆ្នាំ២០៥០ ដើម្បីសម្រេចគោលដៅក្នុងការងាកទៅរកឧស្សាហកម្មបៃតងនាពេលអនាគត៕
អត្ថបទ៖ សុខ មង្គល