កត្តានេះ ត្រូវបានមជ្ឈដ្ឋានអ្នកតាមដានស្ថានការណ៍អន្តរជាតិចោទជាសំណួរឡើង អំពី ឥទ្ធិពល និងអំណាចរបស់ចិននៅក្នុងស្ថាប័នអន្តរជាតិធំៗទាំងនោះ ហើយដែលភាគច្រើនចិនត្រូវប្រឈមមុខនិងសម្ព័ន្ធមិត្តលោកខាងលិចដែលជាគូប្រជែងដ៏ធំរបស់ខ្លួនផងដែរ។
វត្តមានរបស់ចិនក្នុងស្ថាប័នអន្តរជាតិធំៗ ចាប់កម្រើកឡើងចាប់ពីឆ្នាំ២០០៦ គ្រាដែលជនជាតិចិនចាប់ផ្តើមមានតួនាទី និងតំណែងមួយចំនួនក្នុងជួរអង្គការ និងស្ថាប័នអន្តរជាតិធំៗទាំងនោះ។ ជាក់ស្តែង គិតពីពេលនោះ២០០៦ រហូតមកទល់នឹងឆ្នាំ២០២១ មានជនជាតិចិនមិនតិចជាង ៣០នាក់ឡើយដែលកំពុងបម្រើការងារក្នុងតំណែងជាគន្លឹះសំខាន់ៗនៃអង្គការស្ថាប័នអន្តរជាតិធំៗ។ នេះបើតាមគណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខអាមេរិក-ចិន ដែលធ្វើការតាមដានលើការប្រកួតប្រជែងរវាងប្រទេសមហាអំណាច។
យ៉ាងណាមិញ បើគេមើលជាទូទៅចំនួនមន្ត្រីជនជាតិចិននៅមានតិចជាងមន្ត្រីរបស់ប្រទេសលោកខាងលិចនៅឡើយទេទស្សនិកជន! ពិសេសនៅក្នុងស្ថាប័នអន្តរជាតិកំពូលៗតែម្តង ដូចជាអង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក និងអង្គការពាណិជ្ជកម្មអន្តរជាតិជាដើម។ ប្រការនេះហើយបានធ្វើឲ្យឥទ្ធិពលរបស់ ចិន នៅក្នុងអង្គការស្ថាប័នសំខាន់ៗ នៅមានកម្រិតទាបនៅឡើយបើធៀបនឹងប្រទេសធំៗមកពីលោកខាងលិច។
ទន្ទឹមនឹងនេះ ចិនកំពុងមានភាពតានតឹងខ្លាំងជាមួយមហាអំណាចលោកខាងលិចផងនោះ ដែលពេលខ្លះបានរារាំង ឬរំខានដល់ការចូលរួមធ្វើការសម្រេចចិត្តរបស់ប្រទេសចិន ក្នុងបញ្ហាសំខាន់ៗ។
សូមជម្រាបថា ចិនកំពុងខិតខំពង្រីកឥទ្ធិពលរបស់ខ្លួន ក្នុងស្ថាប័នអន្តរជាតិសំខាន់ៗទាំងនេះ ធ្វើយ៉ាងណាឲ្យសមាមាត្រទៅនឹងឥទ្ធិពលរបស់ប្រទេសលោកខាងលិច ដើម្បីអាចមានលទ្ធភាពតទល់នឹងគ្នា នៅពេលមានភាពតានតឹងកើនឡើងកាន់តែខ្លាំង។ ជាក់ស្តែង បច្ចុប្បន្នចិនជាអ្នកផ្តល់វិភាគទានច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិកទៅឲ្យអង្គការសហប្រជាជាតិ។ ទន្ទឹមនេះ ចិនក៏កំពុងព្យាយាមបង្កើនឥទ្ធិពលនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោកផងដែរ ដើម្បីអាចងាយស្រួលដោះស្រាយបញ្ហាពាណិជ្ជកម្មដ៏ចម្រូងចម្រាសរវាងខ្លួននឹងប្រទេសលោកខាងលិច ពិសេសជាមួយសហរដ្ឋអាមេរិកតែម្តង៕