ចិននិងឥណ្ឌា កំពុងប្រជែងគ្នាលើការនាំចូលមាស ដោយប្រទេសចិន ត្រូវបានគេដឹងថា បាននាំចូលមាសសម្រាប់ស្តុកបមុ្រងទុក និងដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ប្រជាជន។ តម្រូវការមាសនៅក្នុងប្រទេសចិន បានកើនឡើង១០% ដោយសារតម្រូវការប្រើប្រាស់គ្រឿងអលង្ការក្នុងប្រទេសនេះមានកំណើនខ្ពស់។ រីឯតម្រូវការមាសនៅក្នុងប្រទេសឥណ្ឌា ហាក់មានការថមថយបន្តិច ពោលគឺធ្លាក់ចុះប្រមាណជា៦% ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ឥណ្ឌានៅតែជាប្រទេសដែលនាំចូលមាសច្រើនជាងគេលំដាប់ទីពីរ បន្ទាប់ពីចិន។
អ្នកវិភាគបានលើកឡើងថា ចិននិងឥណ្ឌា គឺជាប្រទេសជាប្រទេសនៅពីក្រោយ ដែលជំរុញឱ្យតម្លៃមាសមានការកើនឡើងខ្ពស់ និងមានស្ថិរភាពនៅក្នុងឆ្នាំ២០២៤។ អ្នកវិភាគបានឲ្យដឹងថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែអាក្រក់ឡើងៗ រួមទាំងសង្រ្គាមនៅមជ្ឈិមបូព៌ា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងបញ្ហាអត្រាការប្រាក់នៅសហរដ្ឋអាមេរិកមិនទាន់ច្បាស់នោះ នៅពេលនេះមាសនៅតែជាទុនបម្រុងដ៏មានស្ថិរភាព។
លោក ហ្វីលីប ក្លេបវិក ( Philip Klapwijk) នាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាមួយ ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បាននិយាយថា ស្របពេលជម្រើសវិនិយោគក្នុងប្រទេសចិននៅមានកម្រិត គួបផ្សំវិបត្តិអូសបន្លាយក្នុងវិស័យអចលនទ្រព្យ ទីផ្សារភាគហ៊ុនមានការប្រែប្រួល និងការធ្លាក់ចុះនៃប្រាក់យន់ បានជំរុញឲ្យពលរដ្ឋចិន មានទំនុកចិត្តខ្ពស់លើមាស។
នៅពេលនេះ ចិន ត្រូវបានគេស្គាល់ថា ជាប្រទេសដែលធ្វើអាជីវកម្មរ៉ែមាសដ៏ធំមួយនៅលើពិភពលោក ហើយនៅ២ឆ្នាំចុងក្រោយ ចិនបានទិញមាសចូលជាទុនបម្រុងដល់ទៅ២ពាន់៨រយតោន ពោលគឺប្រហែលមួយភាគបីនៃមាស ដែលធនាគារកណ្តាលសហរដ្ឋអាម៉េរិកបានស្តុកទុក៕
ដោយៈ សរ សុជាតិ