អ្នកជំនាញខាងស្ថិតិនៃវិទ្យាស្ថានស្ថិតិជាតិរបស់ចិន បានឲ្យដឹងថា ដោយសារតែមានកត្តារួមបញ្ចូលគ្នា ដូចជាស្ថិរភាពតម្រូវការក្នុងស្រុក និងតម្រូវការបរទេស, មូលដ្ឋានសេដ្ឋកិច្ចទាបកាលពីឆ្នាំមុន និងការមានគំនិតផ្ដួចផ្ដើមឲ្យប្រជាជនបន្ដធ្វើការនៅអំឡុងពេលចូលឆ្នាំចិន ព្រោះតែបារម្ភពីការឆ្លងរាលដាលនៃកូវីដ-១៩នោះ វាបានធ្វើឲ្យកំណើនផលិតកម្មក្នុងវិស័យឧស្សាហកម្ម និងនិងការលក់កើនឡើង ហើយប្រាក់ចំណូល និងប្រាក់ចំណេញក៏ត្រូវបានស្ដារបានឡើងវិញយ៉ាងច្រើនដែរ។
មានកម្មកររាប់លាននាក់ ជាទូទៅតែងតែធ្វើដំណើរទៅស្រុកកំណើតនៅអំឡុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីចិន ប៉ុន្ដែដោយសារតែបារម្ភពីការឆ្លងកូវីដ-១៩ ពួកគេមិនបានទៅផ្ទះទេ តែនៅបន្ដធ្វើការ ដែលកត្តានេះហើយបានជួយឲ្យរោងចក្រនៅប្រទេសចិនមានសន្ទុះផលិតកម្មកើនឡើងខ្លាំងនៅ២ខែដើមឆ្នាំ២០២១នេះ។
ទិន្នផលឧស្សាហកម្មចិនបានកើនខ្លាំងនៅ២ខែដំបូងឆ្នាំ២០២១ ខណៈដែលការនាំចេញ ដែលជាកត្តាជំរុញសំខាន់មួយសម្រាប់សេដ្ឋកិច្ចចិននោះក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ដែរ។
ប្រទេសចិន មានការគ្រប់គ្រងការឆ្លងកូវីដ-១៩ បានល្អ និងមុនគេ បើធៀបនឹងបណ្ដាប្រទេសជាដៃគូផ្សេងៗទៀត ដែលធ្វើឲ្យចិនរក្សាបានកំណើនសេដ្ឋកិច្ច២,៣% នៅឆ្នាំ២០២០។
យ៉ាងណាមិញនៅឆ្នាំនេះ រដ្ឋាភិបាលចិនបានដាក់គោលដៅថានឹងសម្រេចកំណើនសេដ្ឋកិច្ចឲ្យបានដល់ ៦% ប៉ុន្ដែបើតាមស្ថាប័នអន្តរជាតិជាច្រើនទៀតដូចជា IMF និង ធនាគារពិភពលោកជាដើមព្យាករថាសេដ្ឋកិច្ចចិននឹងកើនដល់ជាង៨%នៅឆ្នាំនេះ។