សារព័ត៌មានអេសៀស (Axios) បានរាយការណ៍ថា ដោយសម្លឹងឃើញមានបញ្ហាតម្លៃរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក ក្រុមហ៊ុនរថយន្តអគ្គិសនីចិនមួយចំនួនចង់នាំចូលរថយន្តរបស់ពួកគេទៅក្នុងទីផ្សារសហរដ្ឋអាមេរិកដើម្បីស្រូបយកទីផ្សារនៅទីនោះ ក៏ប៉ុន្តែក្រុមហ៊ុនទាំងនេះត្រូវនាំចូល និងលក់ស្របច្បាប់នៅលើទឹកដីអាមេរិកជាមុនសិនទើបអាចលក់ក្នុងតម្លៃថោកបាន។
ចំណុចនេះអាចបង្ហាញពីផលលំបាកសម្រាប់ក្រុមហ៊ុនរបស់ចិនទាំងនេះចំពេលភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិនបានបន្តកើតមានរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ពិសេសការបង្កើតច្បាប់ថ្មីៗរបស់អាមេរិកក្នុងការទប់ស្កាត់ការប្រកួតប្រជែងពាណិជ្ជកម្មជាមួយចិន។ ភាពតានតឹងទាំងនេះ បានដាក់ពន្ធជាង២៧%ទៅលើរថយន្តផលិតដោយប្រទេសចិន ហើយបានជំរុញឱ្យអាមេរិកកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើខ្សែចង្វាក់ផ្គត់ផ្គង់របស់ចិន និងបានលើកទឹកចិត្តដល់រថយន្តអគ្គិសនី ដែលផលិតក្នុងស្រុកតាមរយៈឥណទានពន្ធសហព័ន្ធជាដើម។
ទោះជាយ៉ាងណាតម្លៃជាមធ្យមសម្រាប់រថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកនៅតែខ្ពស់ គឺជាង៥ម៉ឺនដុល្លារក្នុងមួយគ្រឿង។ រថយន្តអគ្គិសនីថ្មី ដែលលក់ថោកបំផុតនៅប្រទេសនេះ គឺរថយន្ត Chevy Bolt របស់ក្រុមហ៊ុន GM ដែលមានតម្លៃត្រឹមតែ ២ម៉ឺន៧ពាន់ដុល្លារ ប៉ុន្តែរថយន្ត Bolt នេះក៏បានបាត់ស្រមោលទៅវិញបន្ទាប់ពីក្រុមហ៊ុន GM បានប្រកាសប្រមូលយកមកវិញដោយសារបញ្ហា បច្ចេកទេស ធ្វើឱ្យក្រុមហ៊ុននេះខាតបង់រាប់ពាន់លានដុល្លារ។
រថយន្ត Bolt នឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះ បើទោះជាគេមិនដឹងច្បាស់ថាតើវានឹងមកវិញនៅពេលណាក៏ដោយ។ មិនថាវាមានតម្លៃប៉ុន្មាននោះទេ គឺវាទំនងជាមិនអាចប្រៀបធៀបទៅនឹងតម្លៃនៃរថយន្តអគ្គិសនីដ៏ពេញនិយមដែលគេបានលក់នៅប្រទេសចិនបានឡើយ។ ការបណ្តាក់ទុនរួមគ្នាផ្ទាល់របស់ក្រុមហ៊ុន GM បានផលិតរថយន្តម៉ាក Wuling Mini EV ដែលថ្មីៗនេះបានកាត់បន្ថយតម្លៃមកត្រឹមតែជិតជាង៤ពាន់ដុល្លារប៉ុណ្ណោះ។
ក្រុមហ៊ុនចិនមួយចំនួនដូចជា BYD, Great Wall Motors និង Geely បានកាន់កាប់ទីផ្សារប្រទេសចិនរួចហើយ ដែលតាមសេចក្តីរាយការណ៍ថា មានចំណែក៦០%នៃការលក់រថយន្ត EV ទូទាំងពិភពលោក។ ឥឡូវនេះក្រុមហ៊ុនទាំងនេះកំពុងព្យាយាមពង្រីកចូលទៅក្នុងទីផ្សារអឺរ៉ុប។ ទីភ្នាក់ងារ Axios បញ្ជាក់ទៀតថា ក្រុមហ៊ុនយានយន្ដអគ្គិសនីរបស់ចិននឹងដណ្ដើមទីផ្សារប្រមាណ ២០% នៃការលក់យានយន្ដអគ្គិសនីនៅអឺរ៉ុបត្រឹមតែ ២ ឆ្នាំទៀតប៉ុណ្ណោះ។ ក្រុមហ៊ុនចិន បច្ចុប្បន្ន បានបង្កើតមូលដ្ឋានផលិតរបស់ខ្លួនរួចហើយ នៅក្នុងតំបន់អាមេរិកខាងជើង និងខាងត្បូង សូម្បីតែការវិនិយោគលើការផលិតយានយន្ដអគ្គិនសី នៅប្រទេសម៉ិកស៊ិក និងប្រេស៊ីលជាដើម៕