ការនាំចេញទុរេន

ចិនខឹងសម្បារយ៉ាងខ្លាំងក្រោយថៃយកទុរេនជ្រុះវេចខ្ចប់បន្លំជាទុរេនមានគុណភាពនាំចេញទៅលក់ឱ្យខ្លួន


បញ្ហាប្រឈមនៃកត្តាអាកាសធាតុ ដូចជាអាកាសធាតុក្តៅខ្លាំង និងការរងឥទ្ធិពលពីព្យុះភ្លៀងកក់ខែយ៉ាងគំហុក បានធ្វើឱ្យដំណាំទុរេនជិតប្រមូលផលរបស់ថៃរងការខូចខាត និងជ្រុះពេញដី។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឱ្យគេភ្ញាក់ផ្អើលនោះ គឺស្រាប់តែមានការលួចលាក់យកទុរេនជ្រុះទាំងនោះមកវេចខ្ចប់បន្លំធ្វើជាទុរេនមានគុណភាពខ្ពស់រួចនាំចេញទៅលក់រហូតដល់ទីក្រុងក្វាងចូវ ប្រទេសចិន។
ការនាំចេញទុរេន
ដោយ

នៅពេលនេះ ខាងភាគីចិនកំពុងផ្ទុះការមិនពេញចិត្ត និងតវ៉ាយ៉ាងខ្លាំង ខណៈដែលក្រសួងកសិកម្មថៃបាននិងកំពុងបើកការស៊ើបអង្កេតជាបន្ទាន់ ព្រោះនេះជាករណីដ៍រសើប ដែលអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនាំចេញរបស់ជាតិ។
សារព័ត៌មាន The Nation បានរាយការណ៍ថា ក្រសួងកសិកម្មថៃកំពុងបើកការស៊ើបអង្កេតជាបន្ទាន់ជុំវិញពាក្យបណ្តឹងពាក់ព័ន្ធនឹងការបន្លំយកទុរេនជ្រុះ ដែលខូចគុណភាពវេចខ្ចប់ជាទុរេនមានគុណភាពល្អនាំចេញទៅលក់នៅទីក្រុងក្វាងចូវ ប្រទេសចិន។ បើតាមសេចក្តីរាយការណ៍ អាជីវករទុរេនម្នាក់នៅក្នុងទីក្រុងក្វាងចូវ បានបង្ហោះសាររិះគន់ និងតវ៉ាយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដោយបានចោទប្រកាន់ចំៗថា ភាគីថៃបានយកទុរេនជ្រុះមកបោកប្រាស់លក់ឱ្យពួកគេ។
យោងតាមការរៀបរាប់របស់ឈ្មួញកណ្តាលចិនរូបនេះ ខ្លួនបានបញ្ជាទិញទុរេនពីថៃចំនួន៦០កេស ប៉ុន្តែនៅពេលបើកមើល ស្រាប់តែឃើញសុទ្ធតែទុរេនមានគុណភាពអន់បំផុត ដោយសំបកមានស្នាមជាំខ្លាំង ហើយសាច់ខាងក្នុងមានដុំខ្មៅៗ ដែលធ្វើឱ្យគេសង្ស័យយ៉ាងមុតមាំថាជាទុរេនជ្រុះពីដើម ដោយសាររងឥទ្ធិពលខ្យល់ព្យុះ។ ទុរេនទាំងនោះ ត្រូវបានគេសង្ស័យថា បាននាំចេញកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ចេញពីសិប្បកម្មវេចខ្ចប់មួយកន្លែងនៅក្នុងខេត្តចន្ថាបុរី។
លោក រ៉ាភីបាត ឆានដារ៉ាស្រីវុង (Rapibhat Chandarasrivongs) អគ្គនាយកកសិកម្ម នៃក្រសួងកសិកម្មថៃបានបញ្ជាទៅមន្ត្រីមូលដ្ឋានភ្លាមៗឱ្យចុះត្រួតពិនិត្យ និងស្វែងរកប្រភពសិប្បកម្មវេចខ្ចប់ខាងលើ។ លោកបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ប្រសិនបើរកឃើញកំហុសឆ្គងពិតប្រាកដមែន ជនដែលទទួលខុសត្រូវទាំងអស់នឹងត្រូវកំណត់អត្តសញ្ញាណ ដើម្បីប្រឈមមុខនឹងទណ្ឌកម្ម និងវិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុត។ ជាមួយគ្នានេះ លោក ក៏បានបង្គាប់ឱ្យក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុននាំចេញដែលពាក់ព័ន្ធចេញមុខមកបកស្រាយជុំវិញបញ្ហានេះជាប្រញាប់ផងដែរ។
រហូតមកទល់ពេលនេះ ប្រទេសចិននៅតែជាទីផ្សារដ៏មានសក្តានុពល និងជាអ្នកបញ្ជាទិញទុរេនធំជាងគេបំផុតរបស់ថៃ។ ជាក់ស្តែងនៅក្នុងរដូវកាលទុរេនឆ្នាំនេះ ថៃបាននាំចេញទុរេនទៅចិនសរុបប្រមាណ៤៥ម៉ឺនតោន ឬស្មើនឹងប្រមាព១៦៨លានផ្លែរួចទៅហើយ។
ក្រុមអ្នកវិភាគបានលើកឡើងថា ប្រសិនបើការចោទប្រកាន់របស់ឈ្មួញចិននៅក្វាងចូវនេះជាការពិតមែន នោះវាអាចនឹងធ្វើឱ្យអនាគតទីផ្សារទុរេនថៃនៅចិនត្រូវរងភាពស្រអាប់ និងបាត់បង់ទំនុកចិត្ត ខណៈដែលបច្ចុប្បន្ន ទីផ្សារចិនកំពុងបើកចំហរទទួលស្វាគមន៍យ៉ាងខ្លាំងនូវការនាំចូលទុរេនពីបណ្តាប្រទេសប្រកួតប្រជែងផ្សេងទៀតដូចជាវៀតណាម ម៉ាឡេស៊ី កម្ពុជា និងឡាវជាដើម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ