វិស័យការពារជាតិ

ក្រោយបញ្ចប់ការសាងសង់ដំណាក់កាលទី១ យោធាថៃ គ្រោងសាងសង់របងព្រំដែនប្រវែងជាង៨ គីឡូម៉ែត្របន្ថែមទៀត ដោយមិនខ្វល់ពីច្បាប់អន្តរជាតិ


ទោះបីជាជម្លោះព្រំដែនមិនទាន់បានដោះស្រាយ និងខុសពីគោលការណ៍ច្បាប់អន្តរជាតិ យ៉ាងណាក៏ដោយ កងទ័ពជើងទឹកថៃ បានប្រកាសក្ដែងៗពីការបញ្ចប់ការសាងសង់របងបេតុងអចិន្ត្រៃយ៍ ដំណាក់កាលទី១ប្រវែង១,៣គីឡូម៉ែត្រ និងត្រៀមបន្តដំណាក់កាលទី២ ប្រវែងជាង៨គីឡូម៉ែត្រទៀតនៅតាមព្រំដែនកម្ពុជា-ថៃ។
វិស័យការពារជាតិ
ដោយ

ទោះជាទីក្រុងបាងកក ព្យាយាមយកលេសទប់ស្កាត់ការរត់ពន្ធមកបិទបាំងសកម្មភាពរបស់ខ្លួនក៏ដោយ ប៉ុន្តែទង្វើឯកតោភាគីនេះ ត្រូវបានគេមើលឃើញថា ជាល្បិចកលបង្កើនភាពតានតឹង ឆក់ឱកាសរំលោភលើកិច្ចព្រមព្រៀងព្រំដែន និងបង្កើតអង្គហេតុនៅលើទឹកដីដែលមានវិវាទ។
កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍នៅថ្ងៃទី២៥ ខែសីហា ថា ក្រោយបញ្ចប់ការសាងសង់របងបេតុងព័ទ្ធបន្លាលួសកម្ពស់៣,៦ម៉ែត្រប្រវែង១,៣គីឡូម៉ែត្រនៅខេត្តចន្ទថាបុរី ក្នុងដំណាក់កាលទី១ កងទ័ពជើងទឹកថៃ បានប្រកាសពីផែនការសាងសង់ជាឯកតោភាគីបន្តទៀតក្នុងដំណាក់កាលទី២ ដែលមានប្រវែងជាង៨គីឡូម៉ែត្រចន្លោះបង្គោលព្រំដែនលេខ៥៤ដល់លេខ៥៨។
ទោះជាអាជ្ញាធរក្រុងបាងកក ខិតខំពន្យល់ប្រាប់មហាជនថា របងថ្មនេះធ្វើឡើងដើម្បីពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើសឆ្លងដែនក៏ដោយ ប៉ុន្តែនៅក្នុងបរិបទភូមិសាស្ត្រនយោបាយ ការសាងសង់សំណង់អចិន្ត្រៃយ៍នៅចំពោះមុខខ្សែបន្ទាត់ព្រំដែនដែលមិនទាន់វាស់វែងដាច់ស្រេច គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើស្មារតី MOU ឆ្នាំ២០០០ និងគោលការណ៍ច្បាប់អន្តរជាតិ ដែលហាមឃាត់ដាច់ខាតមិនឱ្យភាគីណាមួយកែប្រែស្ថានភាពដើមនៅតំបន់ព្រំដែនដោយឯកតោភាគីឡើយ។
សកម្មភាពរបស់ថៃ នាពេលនេះ មិនត្រឹមតែជាការបំផ្លាញទំនុកចិត្តរវាងប្រទេសជិតខាងទាំងពីរ និងបង្កើនហានិភ័យនៃការប៉ះទង្គិចគ្នាសាជាថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្តែងឱ្យឃើញពីចេតនារបស់ថៃ ក្នុងការប្រែក្លាយតំបន់មិនទាន់ឯកភាពឱ្យទៅជាដែនសមត្ថកិច្ចរបស់ខ្លួនតាមអំពើចិត្ត។ ការចរចាដោយផ្អែកលើបច្ចេកទេស ផែនទី និងសន្ធិសញ្ញាផ្លូវការដែលទទួលស្គាល់ដោយអន្តរជាតិ នៅតែជាមធ្យោបាយតែមួយគត់ក្នុងការដោះស្រាយបញ្ហា ខណៈការប្រើប្រាស់ល្បិចសាងសង់របងអចិន្ត្រៃយ៍ របស់ថៃ នឹងមិនអាចផ្លាស់ប្តូរខ្សែព្រំដែនស្របច្បាប់របស់កម្ពុជាបានឡើយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកវិទ្យាសាស្ត្រចិន រកឃើញបច្ចេកវិទ្យាអាចចម្រាញ់ប្រេងឥន្ធនៈចេញពីធ្យូងថ្ម

ធ្យូងថ្ម ដែលធ្លាប់តែជាប្រភពថាមពលចំហេះដ៏សំខាន់សម្រាប់បង្កើតកម្តៅ និងអគ្គិសនី ត្រូវបានអ្នកវិទ្យាសាស្ត្រចិន អភិវឌ្ឍបច្ចេកវិទ្យាចម្រាញ់ឱ្យក្លាយទៅជា…

អាម៉េរិក ព្រមានដាក់ទណ្ឌកម្មលើប្រទេសណា ដែលហ៊ានធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

បន្ទាប់ពីការប្រើប្រាស់កម្លាំងយោធា និងសព្វាវុធទំនើបៗវាយប្រហារលើអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ មិនអាចបំបាក់ស្មារតីតស៊ូ ឬបង្ខំឱ្យទីក្រុងតេអេរ៉ង់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ