នៅក្នុងជំនួបរវាងលោកស៊ី ជីនពីង និងមន្ត្រីជាន់ខ្ពស់អឺរ៉ុបនេះ ក៏ត្រូវបានអ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិមួយចំនួន មើលឃើញថា វាទំនងជាទីក្រុងប៉េកាំងកំពុងលួងលោមអឺរ៉ុបឲ្យងាកចេញពីសហរដ្ឋអាមេរិក ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន កំពុងតែមានការថ្នាក់ថ្នាក់រឿងផលប្រយោជន៍សេដ្ឋកិច្ចបន្តិចបន្តួចជាមួយអឺរ៉ុបនោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
អំឡុងជំនួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ប្រធានាធិបតីចិន គឺលោក ស៊ី ជីនពីង បាននិយាយថា ប្រទេសចិនទន្ទឹងរង់ចាំសហភាពអឺរ៉ុបចូលរួមចំណែកឱ្យបានច្រើននៅក្នុងឱកាសទីផ្សារដ៏ធំរបស់ប្រទេសចិន។
ក្នុងន័យសំដៅដល់យុទ្ធសាស្ត្ររបស់អាមេរិក ក្នុងការដាក់សម្ពាធមកលើខ្លួន លោកស៊ី ជីនពីង បានស្នើឱ្យអឺរ៉ុប បដិសេធសង្រ្គាមត្រជាក់ថ្មីក្នុងទម្រង់ណាក៏ដោយ។ ដោយឡែក ក្នុងន័យសំដៅដល់សំណុំរឿងកោះតៃវ៉ាន់ លោកស៊ីបានសង្កត់ធ្ងន់លើជម្លោះដែលមិនចាំបាច់ ប៉ះពាល់ដល់ប្រយោជន៍ជាមូលដ្ឋានរវាងទីក្រុងប៉េកាំង និងទីក្រុងព្រុចសែល ហើយបានអំពាវនាវឱ្យភាគីទាំងពីរគោរពផលប្រយោជន៍ស្នូលជារួម។
បើតាមសេចក្តីប្រកាសព័ត៌មានក្រោយកិច្ចប្រជុំ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកMichel បាននិយាយថា EU នឹងធ្វើការជាមួយប្រទេសចិន ដើម្បីឆ្ពោះទៅមុខជាមួយនឹងដំណើរការនៃការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងវិនិយោគរវាងភាគីទាំងពីរ។
បន្ទាប់ពីកិច្ចប្រជុំ លោក Michel បានប្រាប់អ្នកយកព័ត៌មានថា លោកបានជំរុញឱ្យលោក ស៊ី ជីនពីង ប្រើប្រាស់ឥទ្ធិពលរបស់លោក ដើម្បីលើកទឹកចិត្តរុស្ស៊ី ឱ្យបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន។ លោក បន្ថែមថា លោក ស៊ី បានបញ្ជាក់កាន់តែច្បាស់ថា ទីក្រុងប៉េកាំងមិនបានផ្គត់ផ្គង់អាវុធដល់ទីក្រុងម៉ូស្គូទេ។
ចំពោះបញ្ហាសេដ្ឋកិច្ចវិញ ប្រធានក្រុមប្រឹក្សាអឺរ៉ុបរូបនេះ និយាយថា ចិន និង អឺរ៉ុប ត្រូវការទំនាក់ទំនងដែលមានតុល្យភាពជាងមុន ដោយមិនមានការពឹងផ្អែកខ្លាំងពេក។ ប៉ុន្តែលោកបានស្នើឱ្យចៀសវាងការប្រឈមមុខដាក់គ្នាខ្លាំងក្លា ដូចជាមួយសហរដ្ឋអាមេរិក ដោយលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការលើបញ្ហាណា ដែលទាមទារឱ្យមានការឆ្លើយតបជាសកល ដូចជាការប្រែប្រួលអាកាសធាតុ និងសុខភាពសាធារណៈជាដើម។
គួរជម្រាបថា ជំនួបកាលពីថ្ងៃព្រហស្បតិ៍ទី០១វិច្ឆិកា ម្សិលមិញនេះធ្វើឡើងនៅថ្ងៃតែមួយ នៅពេលដែលប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើដំណើរទៅកាន់សេតវិមានអាមេរិក សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង ដែលរៀបចំដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden។ លោក ចូ បៃឌិន រៀបចំទស្សនកិច្ចនេះឡើង ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកការគាំទ្រពីរដ្ឋាភិបាលទីក្រុងប៉ារីសក្នុងការបន្តដាក់សម្ពាធលើប្រទេសចិន ហើយបារាំងខ្លួនឯងក៏ចង់ជជែកជាមួយអាមេរិក ជុំវិញច្បាប់កាត់បន្ថយអតិផរណាថ្មីរបស់អាមេរិកផងដែរ។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងព្រុចសែល និងទីក្រុងប៉េកាំងបានធ្លាក់ចុះគួរកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍លើកិច្ចព្រមព្រៀងវិនិយោគមួយកាលពីខែធ្នូឆ្នាំ២០២០។ ប៉ុន្តែ EU បានដាក់ទណ្ឌកម្មលើមន្ត្រីចិននៅខែមីនា ជុំវិញការចោទប្រកាន់ការរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ Xinjiang ហើយ ទីក្រុងប៉េកាំងបានសងសឹកជាមួយនឹងវិធានការស្រដៀងគ្នា ដែលធ្វើឱ្យការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងវិនិយោគនេះត្រូវបានផ្អាកមកទល់ពេលនេះ៕