ប្រជាជន-ទីផ្សារការងារប្រទេសចិន

ស្ថានភាពទីផ្សារការងារនៅក្នុងប្រទេសចិន មានការប្រែប្រួលយ៉ាងណាខ្លះ?


ចិនជាប្រទេសដែលតែងតែផ្តល់អាទិភាព និង គាំទ្រខ្លាំងមែនទែនទៅលើទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ក្រោយពីបានមើលឃើញពីវិស័យការងារថា ជាកត្តាចម្បងក្នុងការផ្តល់ស្ថិរភាព និងភាពរុងរឿងដល់សង្គមជាតិរបស់ចិនទាំងមូល។ លើសពីនេះទៀត ជាមួយនឹងកម្លាំងពលកម្មដែលបានមកពីពលរដ្ឋរាប់រយលាននាក់ បានធ្វើឲ្យវិស័យការងារក្នុងសង្គមចិន ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចចិនឲ្យរីកចម្រើនដូចសព្វថ្ងៃនេះ។
និស្សិតចិនស្វែងរកការងារធ្វើក្រោយបញ្ចប់ការសិក្សានៅសកលវិទ្យា (រូបភាព៖ China Daily)
ដោយ

យ៉ាងណា​ក៏​ដោយ​ចុះ រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​នៅ​តែ​មានការ​ព្រួយបារម្ភ​ជុំវិញ បញ្ហា​ធានា​ឲ្យ​បាន​នូវ​ទីផ្សារ​ការងារ​សម្រាប់​ប្រជាជន​ដ៏​ច្រើន​សម្បើម​របស់​ខ្លួន និង​ជា​ពិសេស​ធានា​ឲ្យ​បាន​ទីផ្សារ​ការងារ​សម្រាប់​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ ដែល​កំពុង​ត្រៀមខ្លួន​ឈាន​ជើង​ចូល​បម្រើ​ការងារ​ក្នុង​ចំនួន​រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ដ៏​ធំ​ដែល​មាន​ស្នាក់​ការ​ក្នុង​ទីក្រុង​ហុងកុង South China Morning Post, ខេ​ម​បូ​ណូ​មី​ស​សូម​ធ្វើការ​លើកយក​នូវ​ចំណុច​គោល​សំខាន់​ៗ​មួយ​ចំនួន ទាក់ទង​នឹង​ស្ថានភាព ទីផ្សារ​ការងារ​ក្នុង​ប្រទេស​ចិន ថា​តើ​វា​មានកា​រវិ​វត្ត​ប្រែប្រួល​យ៉ាងណា​ខ្លះ?

តើ​កម្លាំង​ពលកម្ម​នៅ​ក្នុង​ប្រទេស​ចិន​មាន​ទំហំ​ធំ​ប៉ុនណា?

បើ​តាម​របាយការណ៍​ជំរឿន​រៀង​រាល់​១០​ឆ្នាំ​ម្តង​របស់​ចិន​ចេញផ្សាយ​កាលពី​ឆ្នាំ ២០២០​បាន​បង្ហាញ​ថា ពលរដ្ឋ​ចិន​មាន​អាយុ​ចន្លោះ​ពី ១៥​ឆ្នាំ ដល់ ៥៩​ឆ្នាំ មាន​ចំនួន​ជាង ៨៩៤​លាន​នាក់ តំណាង​ឲ្យ​ជាង ៦៣% នៃ​ពលរដ្ឋ​សរុប ធ្លាក់​ចុះ​ជិត​៧% បើ​ធៀប​នឹង​តួលេខ​ជំរឿន​ក្នុង​ឆ្នាំ​២០១០​។

ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ចិន បាន​គូសបញ្ជាក់​ដែរ​ថា នៅ​ក្នុង​ខែមិថុនា​ឆ្នាំ​២០២១ មាន​ប្រជាជន​ប្រហែល ១៤​លាន​នាក់​កំពុង​ត្រៀមខ្លួន​ចូល​ក្នុង​ទីផ្សារ​ការងារ​សម្រាប់​ឆ្នាំ​២០២១ ដោយ​ក្នុង​នោះ​មាន ៩​លាន​នាក់​ជា​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​។ ប្រការ​នេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន​កំណត់​ចេញ​ទិស​ដៅ ក្នុង​ការ​បង្កើត​ការងារ​នៅ​ក្នុង​ទីក្រុង​ឲ្យ​បាន​ដល់ ១១​លាន​កន្លែង​។

យ៉ាងណាមិញ តួលេខ​ខាងលើ​ជា​តួលេខ​ថយ​ចុះ បើ​ធៀប​នឹង​ឆ្នាំ​កន្លង​មក​។ បើ​តាម​ការ​អះអាង​ពី​រដ្ឋាភិបាល​ចិន កម្លាំង​ពលកម្ម​នឹង​បន្ត​ធ្លាក់​ចុះ​អស់ ៣៥​លាន​នាក់​ទៀត ក្នុង​ពេល​៥​ឆ្នាំ​ខាង​មុខ ហើយ​ប្រកា​រនះ​មិនមែន​ជា​សញ្ញា​ល្អ​នោះ​ទេ សម្រាប់​ប្រទេស​ចិន​។

ការ​ធ្លាក់​ចុះ​កម្លាំង​ពលកម្ម​នឹង​បន្ថែម​សម្ពាធ​លើ​ប្រព័ន្ធ​បើកប្រាក់​ចូល​និវត្តន៍​ដល់​ពលរដ្ឋ​វ័យ​ចំណាស់ និង​អ្នក​ចូល​និវត្តន៍ ហើយ​វា​នឹង​ត្រូវ​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​រៀបចំ​វិធានការ​ថ្មី ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​។ គួរ​ជម្រាប​ថា ប្រាក់​ដែល​គេ​យក​មក​បើក​ឲ្យ​អ្នក​ចូល​និវត្តន៍ ច្បាស់​ណាស់ វា​បាន​មក​ពី​កម្លាំង​ពលកម្ម​ថ្មី​ៗ​ទាំងអស់​នៅ​ក្នុង​ទីផ្សារ​ការងារ​។ ដរាបណា​អ្នក​ចូល​និវត្តន៍​មាន​ច្រើន​ជាង​កម្លាំង​ពលកម្ម​ថ្មី​ៗ​ក្នុង​វិស័យ​ការងារ នោះ​ប្រព័ន្ធ​បើកប្រាក់​ចូល​និវត្តន៍​នឹង​រង​ការ​រង្គោះរង្គើ​ជាក់​ជា​មិន​ខាន​ឡើយ​។

ជុំវិញ​បញ្ហា​នេះ អ្នកជំនាញ​បាន​ព្រមាន​ជា​រឿយ​ៗ​ថា រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​ត្រូវ​តែ​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​ធ្លាក់​ចុះ​កម្លាំង​ពលកម្ម និង​ដោះស្រាយ​បញ្ហា​កំណើន​អ្នក​ចូល​និវត្តន៍​ក៏​ដូច​ជា​មនុស្ស​ចាស់​ឲ្យ​មាន​ប្រសិទ្ធភាព​។

 តើ​បញ្ហា​ភាព​គ្មាន​ការងារ​ធ្វើ​ក្នុង​ប្រទេស​ចិន​ស្ថិត​ក្នុង​សភាព​បែប​ណា?

អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​នៅ​ចិន ពិសេស​ការងារ​នៅ​ក្នុង​ទីក្រុង បាន​ហក់​ឡើង​ខ្លាំង​ក្រោយ​ពី​មាន​រោគរាតត្បាត​កូ​វី​ដ​១៩ ពោល​គឺ​មាន​ប្រមាណ ៦,២% កាលពី​ខែកុម្ភៈ​ឆ្នាំ​២០២០​។ ប៉ុន្តែ​តួលេខ​នេះ​បាន​ថមថយ​បន្តិច​វិញ​ត្រឹម ៥% គ្រា​ដែល​កូ​វី​ដ​-១៩​ត្រូវ​បាន​គេ​គ្រប់គ្រង​បាន​។

ពុំ​មាន​របាយការណ៍​ច្បាស់លាស់​ណាមួយ​ត្រូវ​បាន​ផ្សាយ​ចេញ​នោះ​ទេ ជុំវិញ​អត្រា​ប្រចាំឆ្នាំ​នៃ​ភាព​គ្មាន​ការងារ​ធ្វើ​ក្នុង​ប្រទេស​ចិន ក្រៅ​តែ​ពី​ការ​ស្ទង់​មតិ​ឃើញ​ក្នុង​អត្រា ៥,៥% ដោយ​មិន​បាន​រាប់​បញ្ចូល​អ្នក​ដែល​មាន​អាជីវកម្ម​ផ្ទាល់ខ្លួន និង​ពលករ​នៅ​ក្រៅប្រទេស​។ គេ​គ្រាន់តែ​បានដឹង​ថា រដ្ឋាភិបាល​ចិន​បាន​ដាក់​គោលដៅ​បង្កើត​ការងារ​ក្នុង​ទីប្រជុំជន​ឲ្យ​បាន​ដល់ ១១​លាន​កន្លែង​បន្ថែម​ទៀត​។

យុវជនចិនតម្រង់ជួរចូលសម្ភាសន៍ការងារ

តើ​ការ​ចូល​និវត្តន៍​ក្នុង​ប្រទេស​ចិន គិត​ត្រឹម​អាយុ​ប៉ុន្មាន?

អស់​ពេល​ជា​ច្រើន​ឆ្នាំទៅ​ហើយ អាយុ​ដែល​ត្រូវ​នឹង​កាតព្វកិច្ច​ចូល​និវត្តន៍​នៅ​ក្នុង​ប្រទេស​ចិន​មិន​ធ្លាប់​បាន​ផ្លាស់​ប្តូរ​នោះ​ទេ ក្នុង​នោះ​សម្រាប់​មនុស្ស​ប្រុស​ត្រូវ​ចូល​និវត្តន៍​ត្រឹម​អាយុ ៦០​ឆ្នាំ រីឯ​ស្ត្រី​ចូល​និវត្តន៍​នៅ​អាយុ ៥៥​ឆ្នាំ​។

ក្រោយ​មើលឃើញ​ពី​ទីផ្សារ​ការងារ​ថា មាន​កំណើន​យឺត​ជាង​ពលរដ្ឋ​ដែល​ចូល​និវត្តន៍ លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខើ​ឈាង ធ្លាប់​បាន​បង្ហើប​ពី​ផែនការ​ចង់​បង្កើន​អាយុ​ចូល​និវត្តន៍​របស់​ប្រជាជន ប៉ុន្តែ​ប្រការ​នេះ​ត្រូវ​បាន​រង​ការ​រិះគន់​ពី​អ្នកលេង​បណ្តាញ​សង្គម​នៅ​ចិន ដោយ​ពួក​គេ​បាន​លើក​ឡើង​ថា វា​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ​វ័យ​ចំណាស់​ដែល​ដល់​អាយុ​ត្រូវ​ចូល​និវត្តន៍ ហើយ​អ្នកលេង​បណ្ដាញ​សង្គម​ថែម​ទាំង​បាន​រិះគន់​ចំ​ៗ​ថា បញ្ហា​នេះ​មិនមែន​ជា​កំហុស​របស់​ពលរដ្ឋ​នោះ​ទេ វា​ជា​កំហុស​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​របស់​រដ្ឋ​ចិន ដែល​មិន​អាច​បង្កើត​ទីផ្សារ​ការងារ​ឲ្យ​បាន​ច្រើន​សម្រាប់​កម្លាំង​ពលកម្ម​ដ៏​ច្រើន​សម្បើម​របស់​ចិន​។

សូម​ជម្រាប​ថា ពលរដ្ឋ​ចិន​មានការ​កើន​ឡើងជា​លំដាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ទោះបី ស្ថិតិ​ចុង​ក្រោយ​កំណើន​ពលរដ្ឋ​ចិន​ស្ថិត​ក្នុង​អត្រា​តិចតួច​ក្តី​។ ជំរឿន​ប្រជាជន​ចិន ដែល​ធ្វើ​ឡើង​កាលពី​ចុងឆ្នាំ​មុន​ដោយ ការិយាល័យ​ជាតិ​ស្ថិតិ​ចិន បង្ហាញ​លទ្ធផល​ឲ្យ​ឃើញ​ថា ចំនួន​ពលរដ្ឋ​ចិន​បាន​កើនឡើង​តិចតួច​បំផុត​នៅ​ឆ្នាំ​២០២០​បើ​ធៀប​នឹង​ឆ្នាំ​២០១៩ គិត​ជា​ភាគរយ​មាន​ប្រមាណ​តែ ០,៥%​ប៉ុណ្ណោះ​។ ទន្ទឹម​នឹង​ការ​កើនឡើង​ចំនួន​ប្រជាជន ទីផ្សារ​ការងារ​ក៏​កំពុង​កើនឡើង​ខ្លាំង​ផង​ដែរ ជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន​ត្រូវ​ឈឺក្បាល​មែនទែន ក្នុង​ការ​ដោះស្រាយ​ភាព​គ្មាន​ការងារ​ធ្វើ​របស់​ពលរដ្ឋ​៕

None



អត្ថបទបន្ទាប់


កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មី ឌែលតា (Delta) ចំនួន៣៩ករណីបន្ថែមទៀត

កម្ពុជានៅថ្ងៃទី២២ និងទី២៥ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ឌែលតា ចំនួន ៣៩ករណីបន្ថែមទៀត។ ក្នុងចំណោមអ្នកឆ្លងវ…

ក្រសួងសុខាភិបាល៖ កម្ពុជាកំពុងឈានទៅរកការឆ្លងកូវីដ-១៩ ទ្រង់ទ្រាយធំ និងព្រមានពីវត្តមានមេរោគបំប្លែងថ្មី ឌែលតា

ស្ថានភាពកូវីដ១៩នៅប្រទេសកម្ពុជាសព្វថ្ងៃនេះ កំពុងតែឈានទៅរកការឆ្លងរីករាលដាលជាទ្រង់ទ្រាយធំនៅក្នុងសហគមន៍ ដែលនឹងបង្កជាមហន្តរាយធំដល់ប្រព័ន្ធសុខា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ