ដើម្បីដោះស្រាយវិបត្តិបំណុលលាក់កំបាំងនៅតាមមូលដ្ឋានដែលកំពុងប៉ោងឡើងជិតផ្ទុះ មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោកកំពុងពង្រីក និងបង្កើនការច្របាច់គ្រឹះស្ថានផ្ដល់កម្ចីតូចៗបញ្ចូលគ្នា។ កាលពីមុននៅទូទាំងប្រទេសចិន មានគ្រឹះស្ថានហិរញ្ញវត្ថុរហូតដល់ទៅជាង៤,០០០ស្ថាប័ន ប៉ុន្តែចំនួននេះបានធ្លាក់ចុះខ្លាំងមកនៅត្រឹម២២៥ ស្ថាប័នប៉ុណ្ណោះ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ ដែលភាគច្រើននៅតាមតំបន់ជនបទ។
ធនាគារភូមិ និងធនាគារកសិកម្មជាច្រើនកំពុងជួបការលំបាក ខណៈដែលចំនួនប្រជាជនចិន នៅជនបទធ្លាក់ចុះ ហើយសេដ្ឋកិច្ច ក៏សំយ៉ុងក្បាលចុះ។ ការច្របាច់បញ្ចូលគ្នាស្រដៀងគ្នានេះក៏កំពុងធ្វើឡើងនៅក្នុងខេត្តជីលីន (Jilin) ហើយក៏គ្រោងធ្វើនៅតំបន់ស្វយ័តស៊ីនជាំងផងដែរ។
រដ្ឋាភិបាលថ្នាក់មូលដ្ឋាន ដែលធ្លាប់តែជាអ្នកខ្ចីប្រាក់ ឬ កូនបំណុល ពេលនេះកំពុងជំពាក់បំណុលវ័ណ្ឌក បន្ទាប់ពីប្រាក់ចំណូលដីធ្លីរបស់រដ្ឋបាលមូលដ្ឋានបានធ្លាក់ចុះខ្លាំងរហូតដល់ទៅប្រមាណ៦០% ពីកម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០២១ បន្ទាប់ពីផ្ទុះវិបត្តិកូវីដ-១៩ និងវិបត្តិអចលនទ្រព្យ។
បំណុលលាក់កំបាំងរបស់រដ្ឋាភិបាលថ្នាក់មូលដ្ឋាន ដែលជាប់ពាក់ព័ន្ធនឹងគម្រោងសាធារណៈរួមមាន គម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ ស្ពាន និងសួនឧស្សាហកម្មជាដើម បានកើនឡើងឈានរហូតដល់៨,៤ទ្រីលានដុល្លារអាម៉េរិក ដែលបានជំរុញឱ្យទីក្រុងប៉េកាំង ប្រញាប់ប្រញាល់អន្តរាគមន៍ដាក់ចេញផែនការជួយសង្គ្រោះរយៈពេល៥ឆ្នាំ តាមរយៈការទម្លាក់ថវិការរហូតដល់ទៅជាង១,៤ទ្រីលានដុល្លារអាម៉េរិក។
សូមបញ្ជាក់ថា បណ្ដាធនាគារក្នុងតំបន់មានឥណទានមិនដំណើរការ ឬកម្ចីខូចរហូតដល់ទៅ ១៩៧ពាន់លានដុល្លារអាម៉េរិករួចទៅហើយ ទោះបីជាទទួលបានជំនួយសង្គ្រោះពីក្រុងប៉េកាំង យ៉ាងច្រើនក៏ដោយ។ អភិបាលកិច្ចមិនល្អ និងការជ្រៀតជ្រែកនយោបាយបានបង្កបញ្ហាធ្ងន់ធ្ងរក្នុងពេលកន្លងមក។ ក្រុមអ្នកជំនាញព្រមានថា ការច្របាច់បញ្ចូលគ្នានេះអាចបានផល លុះត្រាតែអភិបាលកិច្ចមានភាពប្រសើរឡើង ហើយធនាគារក្នុងតំបន់ទទួលបានឯករាជ្យភាពពិតប្រាកដពីឈ្មួញកណ្តាលដែលមានអំណាច៕
ដោយ: តែម សុខុម