វិស័យ ពាណិជ្ជកម្ម

ចិន ម៉ិកស៊ិក និងកាណាដា គំរាមចាត់វិធានការសងសឹកលើអាម៉េរិក ក្រោយលោក ដូណាល់ ត្រាំ


សង្គ្រាមពាណិជ្ជកម្មបានចាប់ផ្ដើមកើនឡើងកម្ដៅកាន់តែខ្លាំង ក្រោយលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាថ្មីក្លាយជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាម៉េរិក ដោយធ្វើឱ្យទីផ្សារនានាទូទាំងពិភពលោករងការរង្គោះរង្គើ ដោយសារតែគោលនយោបាយពន្ធគយដ៏ចម្រូងចម្រាសរបស់លោក។
វិស័យ ពាណិជ្ជកម្ម
ដោយ

លោក ដូណាល់ ត្រាំ បានប្ដេជ្ញាដំឡើងពន្ធបន្ថែមយ៉ាងច្រើនលើទំនិញចិន និងទំនិញពីសហភាពអឺរ៉ុប ហើយពេលនេះបានប្រកាសជាថ្មីថានឹងដំឡើងពន្ធលើទំនិញនាំចូលពីចិន ម៉ិកស៊ិក និងកាណាដា ដែលធ្វើឱ្យប្រទេសទាំង៣នេះមិនសប្បាយចិត្តយ៉ាងខ្លាំង ហើយបានគំរាមចាត់វិធានការសងសឹកលើសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន បានព្រមានថា ផែនការរបស់ប្រធានាធិបតីទើបជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធគយយ៉ាងច្រើនលើទំនិញរបស់ចិន ជុំវិញបញ្ហាថ្នាំហ្វេនតានីល (Fentanyl) អាចនាំឱ្យមានសង្គ្រាមពាណិជ្ជកម្មដ៏គ្រោះថ្នាក់ រវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីរ ហើយថា មហាយក្សចិន នឹងចាត់វិធានការសងសឹកវិញ។

លោក ដូណាល់ ត្រាំ ដែលនឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានប្រកាសកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ថា លោកនឹងដំឡើងពន្ធគយ១០% លើទំនិញនាំចូលរបស់ចិន ប្រសិនបើចិន មិនបង្ក្រាបសារធាតុគីមី ដែលត្រូវបានប្រើសម្រាប់ផលិតថ្នាំហ្វេនតានីល (Fentanyl) ដ៏គ្រោះថ្នាក់ទេនោះ។

សូមបញ្ជាក់ថា ហ្វេនតានីល (Fentanyl) គឺជាថ្នាំអាភៀនសំយោគដែលមានឥទ្ធិពលខ្លាំងជាងគ្រឿងញៀនហេរ៉ូអ៊ីន ដល់ទៅ៥០ដង ដែលត្រូវបានប្រើជាពិសេសសម្រាប់ការវះកាត់ដើម្បីកាត់បន្ថយការឈឺចាប់ខ្លាំង។

ទន្ទឹមនេះ ប្រទេសម៉ិកស៊ិក បានព្រមានកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ថា សហរដ្ឋអាម៉រិក ប្រៀបដូចបំផ្លាញខ្លួនឯងអ៊ីចឹង ប្រសិនបើលោក ដូណាល់ ត្រាំ ដំឡើងពន្ធ២៥% លើទំនិញនាំចូលពីម៉ិកស៊ិក តាមការគំរាមកំហែងរបស់លោកមែននោះ។

ដោយផ្អែកលើទិន្នន័យពីបណ្ដាក្រុមហ៊ុនផលិតរថយន្តអាម៉េរិក ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសម៉ិកស៊ិក រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចម៉ិកស៊ិក លោក ម៉ាសេឡូ អ៊ីប្រាត (Marcelo Ebrard) បានព្រមានថា បណ្ដាក្រុមហ៊ុនអាម៉េរិក នឹងប្រឈមមុខនឹងថ្លៃដើមហក់ឡើងខ្ពស់ខ្លាំងដោយសារតែការដំឡើងពន្ធ២៥% លើទំនិញពីប្រទេសម៉ិកស៊ិក ដែលអាចនាំឱ្យបាត់បង់ការងាររហូតដល់ទៅប្រមាណ៤សែនកន្លែងនៅសហរដ្ឋអាម៉េរិក ហើយថា ពន្ធនេះក៏នឹងជះផលប៉ះពាល់ដល់អ្នកប្រើប្រាស់នៅសហរដ្ឋអាម៉េរិកខ្លាំងផងដែរ។

ងាកទៅកាណាដា ឯណោះវិញឃើញថា ប្រទេសនេះកំពុងពិចារណាចាត់វិធានការសងសឹកតាមរយៈការដំឡើងពន្ធលើទំនិញរបស់សហរដ្ឋអាម៉េរិក ប្រសិនបើលោក ដូណាល់ ត្រាំ ពិតជាដំឡើងពន្ធ២៥%លើទំនិញរបស់កាណាដា តាមការគំរាមរបស់លោកមែននោះ។ នេះបើតាមការទម្លាយឱ្យដឹងពីមន្ត្រីជាន់ខ្ពស់មួយរូបរបស់ប្រទេសកាណាដា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យធនាគារវិនិយោគធំៗព្យាករថា ប្រាក់យន់របស់ចិននឹងធ្លាក់ថ្លៃខ្លាំងដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅឆ្នាំ២០២៥?

ធនាគារវិនិយោគ និងក្រុមហ៊ុនសិក្សាវជ្រាវធំៗលំដាប់ពិភពលោកជាច្រើនបានព្យាករថា ប្រាក់យន់របស់ចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពល…

វិបត្តិអចលនទ្រព្យនៅមហាយក្សចិន អាចបន្តអូសបន្លាយដល់ឆ្នាំ២០២៥

វិបត្តិអចលនទ្រព្យនៅមហាយក្សចិន ដែលបានដាំក្បាលចុះតាំងពីវិបត្តិកូវីដ-១៩ មក ត្រូវគេប៉ាន់ប្រមាណថា នឹងបន្តធ្លាក់ចុះបន្ថែមទៀតនៅក្នុងឆ្នាំ២០២៥ ខា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ