តាមការប៉ាន់ប្រមាណ ផលប៉ះពាល់ដោយសារតែកូវីដ១៩ មកលើផែនការបោះផ្សាយលក់មូលបត្រក្រុមហ៊ុនថ្មីៗនៅក្នុងប្រទេសចិន គឺមានតម្លៃដល់ទៅ ៩ពាន់លានដុល្លារអាមេរិក នៅគ្រាដែលទីក្រុងដែលជាសរសៃឈាមសេដ្ឋកិច្ចសំខាន់ៗរបស់ចិនកំពុងប្រឈមនឹងការបិទខ្ទប់ និងវិធានការតឹងរ៉ឹងកាន់តែខ្លាំង ដើម្បីទប់ស្កាត់កូវីដ១៩។ នេះបើតាមការរាយកាណ៍ដោយសារព័ត៌មានរ៉យទ័រ។
យ៉ាងណាមិញ នៅមួយសប្ដាហ៍មកនេះ មានក្រុមហ៊ុនចំនួន១៥ ដែលស្វែងរកការបោះផ្សាយលក់មូលបត្រ (IPO) នៅក្នុងទីផ្សារភាគហ៊ុនសៀហៃ បានផ្អាកដំណើរការស្នើសុំបោះផ្សាយលក់មូលបត្ររបស់ពួកគេ ដោយសារតែផលប៉ះពាល់ដែលបង្កឡើងដោយមេរោគរាតត្បាតកូវីដ១៩ ខណៈដែលទីក្រុងសៀងហៃ បច្ចុប្បន្នក៏បាននិងកំពុងបិទខ្ទប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ផងដែរ។ នេះបើតាមការបញ្ជាក់ពីផ្សារភាគហ៊ុនសៀងហៃ។
នៅទីក្រុងស៊ិនជិនឯណោះវិញ ដែលបានធ្វើតេស្ដរកកូវីដ១៩ទ្រង់ទ្រាយធំ៣ជុំរួចហើយនោះ ក៏មានក្រុមហ៊ុនដាក់ពាក្យស្នើសុំបោះផ្សាយលក់មូលបត្រចំនួន៦៧ក្រុមហ៊ុន បានផ្អាកការស្នើសុំចុះបញ្ជីរបស់ពួកគេនៅក្នុងខែនេះផងដែរ។
តាមការប៉ាន់ប្រមាណការផ្អាកការស្នើសុំចុះបញ្ជីបោះផ្សាយលក់មូលបត្ររបស់ក្រុមហ៊ុនទាំងអស់នេះរួមទាំងនោះទីក្រុងស៊ិនជិន និងសៀងហៃផងនោះ គឺមានទំហំទឹកប្រាក់ដល់ទៅ ជាង៩ពាន់លានដុល្លារអាមេរិក ដែលចំនួននេះ គឺមានប្រហែល១ភាគ១០ នៃមូលនិធិបោះផ្សាយលក់ភាគហ៊ុនក្នុងស្រុកសរុបរបស់ចិនកាលពីឆ្នាំ២០២១ ដែលមានប្រហែល៨៤ពាន់លានដុល្លារអាមេរិក។
បន្ថែមពីនេះ ការរអាក់រអួលនៃការលក់ភាគហ៊ុន ក៏បង្កើនសម្ពាធលើសេដ្ឋកិច្ចចិនផងដែរ ខណៈដែលសេដ្ឋកិច្ចចិនបច្ចុប្បន្នកំពុងតែរងផលប៉ះពាល់រួចទៅហើយ ដែលបណ្ដាលមកពីបញ្ហាបំណុលរបស់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ធំៗ ការប្រើប្រាស់មានការថមថយចុះ និងឥទ្ធិពលនៃវិបត្តិសង្គ្រាមនៅអ៊ុយក្រែនជាដើម៕