នៅក្នុងបទសម្ភាសន៍ជាមួយ AFP លោក Yellen បានទទួលស្គាល់ថា គំនិតផ្តួចផ្តើមរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ ដើម្បីជួយប្រទេសក្រីក្រដែលកំពុងជាប់ជំពាក់បំណុល មិនទាន់មានដំណើរការរលូននោះទេ ហើយសហរដ្ឋអាមេរិកសង្ឃឹមថា នឹងមានការចូលរួមសកម្មជាងនេះពីប្រទេសចិន។
គួរជម្រាបថា អំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ ក្រុមប្រទេសមានសេដ្ឋកិច្ចជឿលឿនទាំង២០ ឬហៅកាត់ G20បានដាក់ចេញនូវគំនិតផ្តួចផ្តើមស្តីពី ការផ្អាកគិតគូពីបំណុល ដើម្បីទុកលទ្ធភាពដល់ប្រទេសដែលជំពាក់បំណុលយ៉ាងច្រើនទាំងអស់នោះ ដោះស្រាយវិបត្តិសុខាភិបាល និងសេដ្ឋកិច្ចក្នុងពេលតែមួយឲ្យបានងាយស្រួល ប៉ុន្តែកម្មវិធីនោះបានបញ្ចប់ក្នុងខែធ្នូឆ្នាំ២០២១ទៅហើយ។ ធនាគារពិភពលោក និង IMF បានព្រមានអំពីផលវិបាកធ្ងន់ធ្ងរនៅក្នុងបណ្ដាប្រទេសមានជំពាក់បំណុលច្រើន ហើយក៏ស្នើឲ្យមានការចាប់ផ្តើមគិតគូរពីគំនិតផ្តួចផ្តើមលើការសម្រាលបន្ទុកបំណុលនេះឡើងវិញផងដែរ។ ឧបសគ្គសំខាន់មួយដែលពិបាកឲ្យគេដោះស្រាយបញ្ហានេះ គឺកង្វះព័ត៌មានអំពីទំហំនៃបំណុលដែលប្រទេសនានាជំពាក់ប្រទេសចិន និងជំពាក់ប្រទេសដទៃទៀត។
លោក Yellen បានបន្តថា ទោះបីជាប្រទេសចិនធ្លាប់បានយល់ព្រមចូលរួមនៅក្នុងគំនិតផ្តួចផ្តើមរបស់ G20ក៏ដោយ ប៉ុន្តែគេពិតជាត្រូវការ ការចូលរួមឲ្យបានសកម្ម និងប្រកបដោយប្រសទ្ធិភាព។
សូមបញ្ជាក់ថា លោកស្រី Yellen នឹងចូលរួមនៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល G20 នៅទីក្រុងហ្សាកាតានៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ។ ក្នុងនោះ ការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីទស្សនវិស័យសេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍន៍ នឹងក្លាយជារបៀបរីរៈចម្បងសម្រាប់កិច្ចប្រជុំ។ ជាក់ស្តែង អាមេរិកនឹងជួយជំរុញឱ្យសមភាគីក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន G20 ពិសេសប្រទេសចិន ឲ្យខិតខំធ្វើការឆ្ពោះទៅរកការបញ្ចប់ការរាតត្បាតនៃជំងឺរាតត្បាត កូវីដ១៩ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងធានាថា ពួកគេមានធនធានដែលត្រូវការដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញដោយសមធម៌៕