បើទោះបីជា មិនបានបញ្ជាក់ពីទំហំនៃការកាត់បន្ថយការយកពន្ធនៅឆ្នាំនេះ ប៉ុន្ដែ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិន លោកលីវ គុន គូសបញ្ជាក់ថា ការកាត់បន្ថយថ្លៃពន្ធនឹងមានទំហំធំជាងនៅឆ្នាំមុន ដែលកាលនោះក្រុងប៉េកាំងបានកាត់បន្ថយការយកពន្ធតែជាង ១៧៥ពាន់លានដុល្លារប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិន សង្កត់ធ្ងន់ថា នៅឆ្នាំនេះ រដ្ឋាភិបាលប៉េកាំងនឹងបង្កើនទំហំនៃការផ្ទេរប្រាក់ទៅតាមតំបន់ និងមានការអនុគ្រោះដល់តំបន់ដែលមានការលំបាក និងតំបន់ដែលមិនទាន់មានការអភិវឌ្ឍផងដែរ។ មន្ត្រីជាន់ខ្ពស់ប៉េកាំងរូបនេះអះអាងថា ការបង្កើនការផ្ទេរប្រាក់ទៅរដ្ឋាភិបាលក្នុងតំបន់នឹងជួយទូទាត់បានមួយភាគធំ នៃផលប៉ះពាល់ពីគម្រោងកាត់បន្ថយពន្ធ និងប្រាក់ចំណូលរបស់រដ្ឋាភិបាលក្នុងតំបន់។
គួរជម្រាបថា ការស្ទុះងើបឡើងវិញដ៏រឹងមាំរបស់សេដ្ឋកិច្ចចិនកាលពីដើមឆ្នាំ២០២១ បន្ទាប់ការធ្លាក់ចុះយ៉ាងខ្លាំងដែលបណ្តាលមកពីជំងឺរាតត្បាតរាតត្បាតកាលពីឆ្នាំ២០២០ បានចាប់ផ្តើមបាត់បង់សម្ទុះម្តងបន្តិចៗ នៅពាក់កណ្តាលឆ្នាំមុន បណ្តាលមកពីបញ្ហាបំណុលនៅក្នុងទីផ្សារអចលនទ្រព្យ និងវិធានការប្រឆាំងមេរោគកូវីដ១៩ដ៏តឹងរ៉ឹងដែលប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់ និងការចំណាយរបស់ពលរដ្ឋ។
បច្ចុប្បន្ន មន្ត្រីជាន់ខ្ពស់ក្រុងប៉េកាំងបានអះអាងថា សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងប្រឈមមុខនឹងសម្ពាធធ្លាក់ចុះថ្មី ដែលទាមទារឱ្យមានភាពរឹងមាំនៃគោលនយោបាយសារពើពន្ធថ្មីមួយ។
សូមជម្រាបថា កាលពីពេលថ្មីនេះ ក្រុមអ្នកជំនាញជាច្រើននៅក្នុងប្រទេសចិនក៏កំពុងសិក្សាពីរបៀបកែលម្អគោលនយោបាយប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ដ៏តឹងរ៉ឹង ដែលត្រូវបានគេស្គាល់ថា Zero COVID ឬគោលនយោបាយគ្មានកូវីដ១៩របស់ប្រទេសមួយនេះផងដែរ។ ការត្រួតពិនិត្យនិងកែលំអគោលនយោបាយនេះឡើងវិញ ធ្វើឡើងខណៈដែលសម្ពាធសេដ្ឋកិច្ច ដែលបណ្ដាលមកពីគោលនយោបាយដ៏តឹងរ៉ឹងនេះ កំពុងកើនឡើងកាន់តែខ្លាំង៕