នាឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានលើកពីបញ្ហាកសិផលរបស់កសិករខ្មែរ ដែលបាននិងកំពុងកើតមាន នាពេលបច្ចុប្បន្ន ដល់ឯកឧត្តម វ៉ាង យី ពិសេសការនាំកសិផលកម្ពុជា ត្រង់ទៅកាន់ប្រទេសចិន ដូចជាផ្លែមៀនប៉ៃលិន ជាដើម។ ឆ្លើយតបនូវបញ្ហានេះ ដើម្បីចូលរួមដោះស្រាយបញ្ហារបស់កសិករខ្មែរ ដែលកំពុងជួបអំឡុងវិបត្តិកូវីដ-១៩ នាពេលបច្ចុប្បន្ន ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានអះអាង ប្រាប់សម្តេចតេជោ ថា ចិននឹងនាំចូលផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យបានកើនតែច្រើន ដើម្បីប្រយោជន៍សម្រាប់កសិករខ្មែរ។
ទន្ទឹមនោះ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ពីលទ្ធផលនៃកិច្ចប្រជុំ ជាមួយទីប្រឹក្សាចិន យ៉ាងដូច្នេះថា៖«ចិនក៏កំពុងបើកទូលាយទីផ្សារហើយ នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា- ចិន ដែលនឹងចូលជាធរមាន នៅពេលខាងមុខ ដែលកម្ពុជា អាចប្រើប្រាស់ទីផ្សាររបស់ចិន និងទទួលបានផលប្រយោជន៍ពីទីផ្សាររបស់ចិន»។
ក្រៅពីសន្យាដោះស្រាយបញ្ហាកសិផលខ្មែរ រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងប្រមាណ ៣លានដូស ថែមទៀត ដល់ប្រទេសកម្ពុជា សម្រាប់ចាក់ដូសទី៣ ជូនប្រជាពលរដ្ឋកម្ពុជា។ គិតមកដល់ពេលនេះ ប្រទេសកម្ពុជា បានទទួលបានវ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន ២៦,៨ លានដូស ហើយ។
សូមបញ្ជាក់ថា ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីការបរទេសចិន ឯកឧត្តម វ៉ាង យី បានមកបំពេញដំណើរទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខារវាងកម្ពុជា-ចិន លើឯកសារសំខាន់ៗ ចំនួន៦ ផងដែរ៕