នៅមុនការដាក់ស្នើចូលរួមក្នុងកិច្ចព្រមព្រៀង CP TPP ជាផ្លូវការ ប្រទេសចិនថ្មីៗនេះ ក៏ទើបតែបាន ព្យាយាមសុំការអន្តរាគមន៍ពីអូស្ត្រាលី ដើម្បីជួយសម្របសម្រួលខ្លួន ក្នុងការទទួលបានសមាជិកភាពសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយនេះផងដែរ។
លោក វ៉ាង វិនតៅ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ក្រុងប៉េកាំងកំពុងស្វែងរកលទ្ធភាពចូលរួមជាសមាជិកទី១២ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថា CPTPP ដោយបានដាក់សំណើ និងឯកសារពាក់ព័ន្ធទៅកាន់ភាគីប្រទេសញូហ្សេលែនរួចហើយ។ នេះក៏ដោយសារតែ ប្រទេសញូហ្សេលែន ក្នុងនាមជាសមាជិកមួយរបស់ CPTPP ហើយមានតួនាទីជាអ្នកគ្រប់គ្រងលើកិច្ចការរដ្ឋបាលនានារបស់កិច្ចព្រមព្រៀង រួមមានការត្រួតពិនិត្យលើសំណើសុំចូលរួមជាសមាជិកពីប្រទេសនានាជាដើម។
កិច្ចខិតខំប្រឹងប្រែងរបស់ក្រុងប៉េកាំង ដើម្បីក្លាយជាផ្នែកមួយនៃ CPTPP ធ្វើឡើងស្របពេលដែលចិនក៏កំពុងស្វះស្វែងធ្វើយ៉ាងណា ឲ្យកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថា RCEP ដែលខ្លួនបានផ្ដួចផ្ដើម នឹងបានចូលជាធរមានជាស្ថាពរនៅត្រឹមដើមឆ្នាំ ២០២២ខាងមុខនេះផងដែរ។ ទាំងអស់នេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋអំណាចក្រុងប៉េកាំង ក្នុងការឈានទៅពង្រីកឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួន ក្នុងប្រព័ន្ធសណ្តាប់ធ្នាប់ពិភពលោក។
យ៉ាងណាមិញ ការប៉ុនប៉ងចូលរួមក្នុងកិច្ចព្រមព្រៀង CP TPP អាចជាការលំបាកមួយសម្រាប់ចិន។ លំបាក ក៏ ដោយសារតែ ភាគីចិនអាចប្រឈមមុខនឹងការខ្វែងគំនិតពាណិជ្ជកម្មជាមួយប្រទេសសមាជិកCPTPP ដទៃទៀត ដែលខ្លួនកំពុងមានជម្លោះដែនដី និងជម្លោះនយោបាយជាមួយ រួមមានប្រទេសអូស្ត្រាលី វៀតណាម និងប្រទេសសមាជិកមួយចំនួនទៀត ដែលពាក់ព័ន្ធក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង។ មួយវិញទៀតចិនអាចនឹងពិបាកក្នុងការក្លាយជាសមាជិករបស់កិច្ចព្រមព្រៀងខាងលើ ដោយហេតុថា វាទាមទារឲ្យមានការយល់ព្រមពីប្រទេសសមាជិកទាំងអស់ ពោលគឺសមាជិកទាំង១១ប្រទេស ដែលគេហៅថា កុងសង់ស៊ីស (consensus)។
សូមជម្រាបថា បច្ចុប្បន្នកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក CPTPP មានសមាជិកចំនួន១១ប្រទេសដូចជា ប្រ៊ុយណេ វៀតណាម ម៉ាឡេស៊ី សឹង្ហបុរី ជប៉ុន កាណាដា ឈីលី ម៉ិចស៊ិច ញូហ្សេលែន អូស្ត្រាលី និងប៉េរ៉ូ។
ទន្ទឹមការនឹងសំណើចូលរួមរបស់ចិន ចក្រភពអង់គ្លេសក៏កំពុងចរចាស្វែងរកផ្លូវចូលរួមដូចគ្នាដែរ ខណៈប្រទេសថៃនៅស្ទាក់ស្ទើមិនទាន់សម្រេចចិត្តថាត្រូវចូលរួម ឬអត់នៅឡើយទេ៕