អ្នកការទូតរបស់មហាយក្សចិន កាលពីពេលថ្មីៗ បានព្យាយាមប្រឆាំង និងបដិសេធរាល់ការអំពាវនាវនានារបស់លោកខាងលិចពាក់ព័ន្ធនឹងការផ្តល់សេរីភាពកាន់តែច្រើននៅកោះហុងកុង និងការទាមទារឲ្យមានការគោរពសិទ្ធិមនុស្សសម្រាប់ជនជាតិភាគតិចអ៊ុយហ្គ័រ នៅខេត្តស៊ីនជាំង។
នៅក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ អ្នកការទូតចិន បានទាត់ចោលរាល់ការរិះគន់ពាក់ព័ន្ធនឹងរបាយការណ៍អំពីការរំលោភសិទ្ធិមនុស្ស ដែលលើកឡើងនៅក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិ ឆ្នាំ២០២២ ដែលបានចោទថា ខ្លួនបានឃុំឃាំងជនជាតិអ៊ុយហ្គ័រ នៅក្នុងតំបន់ស៊ីនជាំង។
លោក អូម៉ា ស្នីប័រ ( Omar Zniber ) ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសចិន បានទទួលយកជិត៧០% នៃអនុសាសន៍កំណែទម្រង់ជាង៤០០ ដែលជាផ្នែកការត្រូតពិនិត្យរបស់អង្គការសហប្រជាជាតិ។
លោក ចេន ស៊ូ ( Chen Xu) ឯកអគ្គរដ្ឋទូតចិន បានប្រាប់អង្គប្រជុំរួមជាមួយនឹងគណៈប្រតិភូធំៗនៃអ្នកការទូតប្រទេសសមាជិកថា វឌ្ឍនភាព និងការអភិវឌ្ឍន៍លើសិទ្ធិមនុស្សនៅក្នុងប្រទេសចិន ត្រូវតែកំណត់ដោយប្រទេសចិន។ លោកបាននិយាយថា ចិនមានសិទ្ធិច្រានចោលនូវអនុសាសន៍ដែលមានលក្ខណៈនយោបាយដោយផ្អែកលើព័ត៌មានមិនពិត លម្អៀង និងបង្កមនោគមវិជ្ជា ឬការជ្រៀតជ្រែកក្នុងអធិបតេយ្យភាពរបស់ប្រទេសចិន ហើយបានថ្កោលទោសនូវអ្វីដែលលោកបានហៅថា ជាការប៉ុនប៉ង លាបពណ៌ និងវាយប្រហារលើចិន។
ជាមួយគ្នានេះនៅក្នុងកិច្ចប្រជុំនោះ អ្នកការទូតប្រទេសផ្សេងដែលគេចាត់ទុកថា ជាសម្ព័ន្ធភាពនឹងប្រទេសចិន ដូចជារុស្ស៊ី និងប្រទេសមួយចំនួន គឺបានសំដែងនូវការគាំទ្រចំពោះការប្រែប្រួលនៃស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសចិន៕