បើយោងតាមអត្ថបតវិភាគរបស់សារព័ត៌មានបរទេសធំៗ មូលហេតុដែលរដ្ឋបាលលោក ដូណាល់ ត្រាំ ពន្យារពេលក្នុងការបើកការវាយប្រហារលើអ៊ីរ៉ង់ជាថ្មី អាចដោយសារតែលោកចង់គេចចេញពីសម្ពាធ នៃច្បាប់អំណាចសង្គ្រាមរបស់សភាអាម៉េរិក។ យោងតាមច្បាប់ឆ្នាំ១៩៧៣ ប្រធានាធិបតីអាម៉េរិកមានសិទ្ធិប្រើប្រាស់កម្លាំងយោធាត្រឹមតែរយៈពេល៦០ថ្ងៃប៉ុណ្ណោះ ហើយបើលើសពីនេះចាំបាច់ត្រូវសុំការអនុញ្ញាតពីសភាជាដាច់ខាត។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន អេភី ដើម្បីជៀសវាងការសុំច្បាប់ពីសភា រដ្ឋបាលលោក ត្រាំបានអះអាងម្តងហើយម្តងទៀតថា សង្គ្រាមជាមួយអ៊ីរ៉ង់ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ បានបញ្ចប់រួចរាល់ហើយតាមរយៈបទឈប់បាញ់កាលពីដើមខែមេសា។ ការបកស្រាយបែបនេះ នឹងអនុញ្ញាតឱ្យសេតវិមានចាត់ទុកថា ប្រសិនបើមានការវាយប្រហារបន្ទាប់ទៀត វានឹងក្លាយជាប្រតិបត្តិការថ្មី ដែលចាប់ផ្តើមរាប់ម៉ោងសូន្យឡើងវិញ។
ពាក់ព័ន្ធបញ្ហានេះលោកស្រី សូសាន ខូលីន(Susan Collins) សមាជិកព្រឹទ្ធសភាអាម៉េរិកបានសង្កត់ធ្ងន់ថា រាល់សកម្មភាពយោធាបន្ថែមប្រឆាំងនឹងអ៊ីរ៉ង់ ត្រូវតែមានបេសកកម្មច្បាស់លាស់ គោលដៅជាក់លាក់ និងយុទ្ធសាស្ត្របញ្ចប់ជម្លោះ ដែលត្រូវឆ្លងកាត់ការសម្រេចពីសភា។
ដោយឡែកលោក រីឆាត ហ្គោលប៊ឺក (Richard Goldberg) អតីតមន្រ្តីជាន់ខ្ពស់ផ្នែកសន្តិសុខនៅក្នុងរដ្ឋបាលលោក ត្រាំ អាណត្តិមុនបានលើកឡើងនូវចំណុចគួរឱ្យចាប់អារម្មណ៍ថា ទោះបីជាប្រតិបត្តិការយោធា របស់លោក ត្រាំ ត្រូវបានចាត់ទុកថាចប់ ប៉ុន្តែអ្វីដែលលោក ត្រាំ កំពុងធ្វើនៅច្រកសមុទ្រ Hormuz អាចជាប្រតិបត្តិការទី២។ លោកបានបន្តថា បេសកកម្មថ្មីនេះអាចនឹងត្រូវធ្វើឡើងក្រោមរូបភាពការការពារខ្លួន ដើម្បីបើកច្រកសមុទ្រឡើងវិញ និងស្តារសេរីភាព នៃការធ្វើនាវាចរណ៍។ យុទ្ធសាស្ត្រនេះ នឹងអនុញ្ញាតឱ្យលោក ត្រាំ អាចវាយប្រហារអ៊ីរ៉ង់ជាថ្មីដោយស្របច្បាប់ ក្រោមហេតុផលការពារផលប្រយោជន៍ និងសន្តិសុខផ្លូវទឹកអន្តរជាតិ៕