ប្រទេសដែលដឹកនាំដោយអ្នកនយោបាយក្រឡិចក្រឡុកតាមទម្លាប់ប្រជាភិថុតិ និងល្បិចជាតិនិយមពុករលួយកំពុងខិតខំប្រឹងប្រែងរុញច្រានឱ្យកម្ពុជាទម្លាក់អាវុធការទូត ហើយវិលត្រឡប់ទៅរកការចរចាដោយផ្ទាល់លើជម្លោះព្រំដែនជាមួយខ្លួនវិញ។ រដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាសាក់ ភួងកេតកែវ បានអះអាងទាំងមិនអៀនខ្មាសថា ប្រទេសជិតខាងទាំងពីរត្រូវតែស្វែងរកដំណោះស្រាយរួមគ្នា ជាជាងការយក វិបត្តិផ្ទៃក្នុងរវាងប្រទេសទាំងពីរទៅលាតត្រដាងនៅលើវេទិកាតំបន់។
ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៩នៅទីក្រុងម៉ានីល លោក ស៊ីហាសាក់ បានអះអាងបែបក្រអើតក្រទមថា ថៃបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពន្យល់ពីជំហររបស់ខ្លួននៅពេលណាដែលកម្ពុជាលើកឡើងពីបញ្ហានេះលើឆាកអន្តរជាតិ ប៉ុន្តែប្រមុខការទូតរូបនេះបែរជាបន្ថែមលក្ខខណ្ឌថា វឌ្ឍនភាពយូរអង្វែង គឺទាមទារឱ្យមានភាពស្មោះត្រង់ និងការជឿទុកចិត្តគ្នារវាងទីក្រុងបាងកក និងទីក្រុងភ្នំពេញ ទៅវិញ។ បន្ថែមលើនេះ លោក ថែមទាំងបានរិះគន់ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ចំពោះការបន្តជំរុញ និងបង្ហាញពីការពិតដដែលៗនៅក្នុងកិច្ចប្រជុំអន្តរជាតិនានា។
រដ្ឋមន្ត្រីការបរទេសថៃ ដែលមានសម្តីពិបាកនឹងជឿទុកចិត្តបានរូបនេះ បានថ្លែងបន្តថា ជម្លោះនេះមិនអាចកាត់បន្ថយមកត្រឹមការរៀបរាប់ឯកតោភាគីនោះឡើយ ហើយកម្ពុជាគួរតែចូលរួមជាមួយថៃក្នុងការស្វែងរកមធ្យោបាយទៅមុខជាជាងការអំពាវនាវឱ្យថៃបំពេញតាមការទាមទាររបស់កម្ពុជា។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៅរដ្ឋធានីម៉ានីល ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងជាបន្តបន្ទាប់ពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃទាំងក្នុងកិច្ចប្រជុំពេញអង្គ និងក្នុងជំនួបទ្វេភាគីនានា។ អ្វីដែលតំណាងកម្ពុជាបានលើកឡើងត្រូវបានសហគមន៍អន្តរជាតិមើលឃើញយ៉ាងច្បាស់ថា ជាសេចក្តីពិតជាក់ស្តែង ដែលកើតចេញពីទង្វើឈ្លានពាន និងការរំលោភបំពានដែនអធិបតេយ្យភាពកម្ពុជាយ៉ាងជាក់ស្តែងពីសំណាក់យោធាថៃ។
ពាក់ព័ន្ធនឹងល្បិចកលបង្វែរដានរបស់ភាគីថៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg ក៏បានវាយបក និងទះកំផ្លៀងការទូតទៅលើការលើកឡើងរបស់ភាគីថៃចំៗផងដែរ។ សម្តេចធិបតី បានមានប្រសាសន៍ថា សម្តេច បានឮថ្នាក់ដឹកនាំថៃ ជាពិសេសរដ្ឋមន្ត្រីការបរទេសថៃបានលើកឡើងថា ការដែលកម្ពុជាសម្រេចចិត្តយកបញ្ហាទៅកាន់យន្តការអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ គឺជាការបិទទ្វារចរចាលើព្រំដែនគោក។ សម្តេចបានចាត់ទុកការលើកឡើងនេះជារឿងមិនត្រឹមត្រូវ និងខ្វះភាពយុត្តិធម៌បំផុតចំពោះកម្ពុជា។ សម្តេចធិបតី បានរំឭកថា មូលហេតុដែលកម្ពុជាត្រូវពឹងផ្អែកលើយន្តការ UNCLOS គឺដោយសារតែភាគីថៃខ្លួនឯង ជាអ្នកសម្រេចចិត្តលុបចោលដោយឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ដែលជាកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់សម្រាប់ដោះស្រាយបញ្ហាដែនសមុទ្ររវាងប្រទេសទាំងពីរ។
សម្តេចធិបតី បានបន្ថែមថា អស់រយៈពេលជាង១៥ឆ្នាំមកហើយ ដែលរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃជាច្រើនជំនាន់បានសហការគ្នាក្រោមក្របខណ្ឌ MOU ឆ្នាំ២០០១ នេះ។ ប៉ុន្តែនៅពេលដែលថៃជាអ្នកលុបកិច្ចព្រមព្រៀងនេះចោលដោយខ្លួនឯង ទោះបីជាកម្ពុជាបានស្នើសុំកុំឱ្យលុបយ៉ាងណាក៏ដោយ នោះបានធ្វើឱ្យកម្ពុជាគ្មានជម្រើសអ្វីផ្សេងក្រៅពីការប្រើយន្តការច្បាប់អន្តរជាតិឡើយ។ ជាមួយគ្នានេះលើបញ្ហាព្រំដែនគោក កម្ពុជា ក៏មិនដែលបានដាក់លក្ខខណ្ឌ ឬកិច្ចព្រមព្រៀងណាមួយដែលចែងថា ការអនុវត្តយន្តការ UNCLOS លើដែនសមុទ្រនឹងទៅរារាំងការចរចាលើព្រំដែនគោកនោះដែរ។ ទង្វើរបស់ថៃនៅពេលនេះ គឺគ្មានអ្វីក្រៅពីការដុតផ្ទះខ្លួនឯង ហើយស្រែកចោទប្រកាន់អ្នកជិតខាងនោះឡើយ៕
ដោយៈ សរ សុជាតិ