ទន្លេមេគង្គ​ខាងក្រោម​ប្រឈមនឹងបញ្ហា​លំហូរ​ទឹក​ទាប

គណៈកម្មការ​ទន្លេ​មេគង្គ៖ ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​គួរតែ​ពិចារណា​សុំ​ឲ្យ​ប្រទេស​ចិន​បង្ហូរ​ទឹក​បន្ថែម


របាយការណ៍​មួយ​របស់​គណៈកម្មការ​ទន្លេ​មេគង្គ ហៅកាត់​ថា MRC ដែល​ចេញ​ផ្សាយ​នា​ថ្ងៃសុក្រ ទី៧ ខែ​សីហា ឆ្នាំ២០២០​នេះ បាន​លើក​ឡើង​ថា ប្រទេស​ទាំង​បួន​នៅ​តាម​ដង​ទន្លេ​មេគង្គ គួរតែ​ពិចារណា​សំណូមពរ​ឲ្យ​ប្រទេស​ចិន​បង្ហូរ​ទឹក​បន្ថែម ដូចដែល​កាល​ពី​ឆ្នាំ​២០១៦ ដើម្បី​ជួយ​សម្រាល​ស្ថានភាព​ក្នុង​អាង​ទន្លេ​មេគង្គ​ក្រោម ជាពិសេស ក្នុង​អំឡុង​រដូវ​ប្រាំង​ខាង​មុខ​នេះ។
អ្នកនេសាទ​ចែវទូក​ នៅ​លើ​ទន្លេមេគង្គ ក្នុង​ទឹកដី​នៃ​ខេត្ត​ក្រចេះ។
ដោយ

លំហូរទឹក​ក្នុង​អាង​ទន្លេមេគង្គ​ក្រោម​បាន​ជួប​ប្រទះ​បញ្ហា​លំហូរ​ទឹក​​ទាប​អស់​រយៈពេល ២​ឆ្នាំ​បន្ត​បន្ទាប់​ជាប់​គ្នា​ ហើយ​របាយការណ៍​ស្ថានការណ៍​របស់ MRC បាន​កំណត់​នូវ​បុព្វហេតុ​បឋម​ជាច្រើន ដែល​អាច​បង្ក​ឲ្យ​មាន​លំហូរ​ទឹក​ទាប និង​គ្រោះ​រាំងស្ងួត​សម្រាប់​ឆ្នាំនេះ។

មូលហេតុ​ទាំង​នេះ រួមមាន បរិមាណ​ភ្លៀង​ធ្លាក់​តិចតួច​ខុស​ប្រក្រតី​ដែល​បង្ក​ដោយ​បាតុភូត​អាកាសធាតុ អែល នីណូ (El Nino) ស្ថានភាព​លំហូរ​ទាប​រយៈពេល​យូរ​ដែល​បន្ត​អូស​បន្លាយ​ចាប់ពីឆ្នាំ​២០១៩ មក និង លំហូរទឹក​កម្រិត​ទាប​ជាងមុន​ពី​ដៃ​ទន្លេ​មេគង្គ។ នេះ​បើ​យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទន្លេ​មេគង្គ។

សេចក្តីប្រកាស​ព័ត៌មាន​លេខាធិការដ្ឋាន MRC បាន​និយាយ​ដូច្នេះ​ថា៖ «ប្រសិន​បើ​លំហូរ​ទាប​នៅ​តែ​បន្ត ប្រទេស​ទាំង​បួន​គួរតែ​ពិចារណា​សំណូមពរ​ឲ្យ​ប្រទេស​ចិន​បង្ហូរ​«ទឹក​បន្ថែម» ដូច​ដែល​បាន​អនុវត្ត​នៅ​ឆ្នាំ​២០១៦ ដើម្បី​ជួយ​សម្រាល​ស្ថានភាព​ក្នុង​អាង​ទន្លេ​មេគង្គ​ក្រោម ជាពិសេស ក្នុង​អំឡុង​រដូវ​ប្រាំង​ខាង​មុខ​នេះ។»

ប្រទេស​ទាំងបួន​ដែល​ស្ថិត​នៅផ្នែក​ខាង​ក្រោម​ទន្លេ​មេគង្គ រួមមាន ប្រទេសថៃ ឡាវ កម្ពុជា និងវៀតណាម។

បើយោងតាម​របាយការណ៍​ដដែល​ លំហូរ​ទាប​បែប​នេះ​បាន​ធ្វើ​ឲ្យ​បឹង​ទន្លេសាប​របស់​កម្ពុជា​ជួបប្រទះ​«ស្ថានភាព​ស្ងួត​ខ្លាំង» ដែល​បង្ក​ឲ្យបរិមាណ​លំហូរ​ត្រឡប់​ចូល​បឹង​វិញ​ធ្លាក់​ដល់​កម្រិតទាបបំផុត​នៅក្នុង​កំណត់ត្រា​គិត​ចាប់​ពី​ឆ្នាំ​១៩៩៧ មក។

លោក អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃ​លេខាធិការដ្ឋាន MRC បាន​អំពាវនាវ​ឲ្យ​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ទាំង​៦ បង្កើន​ការចែករំលែក​ទិន្នន័យ​និងព័ត៌មាន​អំពី​ប្រតិបត្តិការ​ទំនប់​និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ទឹក​របស់​សាមី​ប្រទេស ជាមួយ​នឹង MRC ឲ្យ​បាន​រហ័ស និង​ប្រកប​ដោយ​តម្លាភាព។

លោក អាន ពេជ្រហត្ថដា​ បាន​និយាយ​ដូច្នេះ​ថា៖ «វា​ដល់​ពេល​ហើយ ដែល​ប្រទេស​ទាំងអស់​ត្រូវ​អនុវត្ត​នូវ​អ្វី​ដែល​ខ្លួន​បាន​អះអាង និង​ធ្វើ​សកម្មភាព​ដើម្បី​ប្រយោជន៍​រួម​សម្រាប់​អាង​ទន្លេ​មេគង្គ​ទាំងមូល និង​សម្រាប់​សហគមន៍​ដែល​រង​ផល​ប៉ះពាល់។»

របាយការណ៍​ដែល​មាន​កម្រាស់ ៣២​ទំព័រ បាន​បង្ហាញ​ថា លំហូរ​ទាប​នា​ពេល​បច្ចុប្បន្ន អាច​នឹង​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​លើ​កម្ពុជា ដោយសារ​ការបាត់បង់​នូវ​សក្តានុពល​ជលផល និង​ធារាសាស្ត្រ។ ប្រទេស​វៀតណាម​អាច​នឹង​ជួប​ប្រទះ​ការកាត់បន្ថយ​ផលិតកម្ម​ស្រូវ​លើ​ដី​សណ្ត ហើយ​ផលិតផល​កសិកម្ម​ក្នុង​ប្រទេសឡាវ​និង​ថៃ ក៏អាច​នឹង​រងផលប៉ះពាល់​ផងដែរ។ជាពិសេស របាយការណ៍​នេះ​បាន​បន្ថែម​ថា អតុល្យភាព​​អេកូឡូស៊ី​អាច​នឹង​កើត​មាន​ដោយសារ​​បម្រែបម្រួល​ខ្លាំង​នៃ​ការកំណត់​ពេល ថិរវេលា និង​វិសាលភាព​នៃ​ការជន់​លិច​ក្នុង​បឹង​ទន្លេសាប និង​តំបន់​លិច​ទឹក​ជុំវិញ​បឹង​នេះ។

ស្ថានភាព​បែប​នេះ​អាចនឹង​ធ្វើ​ឲ្យ​ការ​បន្ត​ពូជ​ត្រី​ថយចុះ ដោយសារ​ការបាត់បង់​នូវ​តំបន់​លូត​លាស់​នានា ដែល​ប៉ះពាល់​ដល់​ការលូតលាស់​នៃ​មច្ឆា សត្វ និង​រុក្ខជាតិ​ក្នុង​ទឹក​ដទៃទៀត។ គេព្យាករ​ថា ការធ្លាក់​ចុះ​នៃ​ទិន្នផល​ត្រី​អាច​នឹង​កើត​មាន​ឡើង ដែល​បញ្ហា​នេះ​នឹង​គំរាម​កំហែង​ដល់​សន្តិសុខស្បៀង​សម្រាប់​សហគមន៍​ដែល​ងាយ​រងគ្រោះ​បំផុត​នៅ​ក្នុង​តំបន់៕




អត្ថបទបន្ទាប់


Vietnam Airlines នឹងកាត់ប្រាក់ខែពាក់កណ្ដាលរបស់អ្នកបើកបរយន្ដហោះ និងអ្នកបម្រើតាមយន្ដហោះ

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines គ្រោងនឹងកាត់បន្ថយប្រាក់ខែបុគ្គលិករបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុននេះរងការខាតបង់ប្រាក់អស់ជាច្រើនខែជាប់ៗ…

ចិនអួតថា ការនាំចេញរបស់ខ្លួនក្នុងខែកក្កដាកើនឡើងលើសការរំពឹងទុក

ព័ត៌មាន
មានប្រទេសជាច្រើនលើសកលលោកកំពុងជួបនឹងវិបត្តិសេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្មវិនិយោគធ្លាក់ចុះនៅអំឡុងពេលនៃវិបត្តិកូវីដ-១៩ នេះ ក៏ប៉ុន្ដែបើមើលកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ