ការថ្លែងឡើងបែបនេះធ្វើឡើងចំពេលដែល ភាពតានតឹងបាននិងកំពុងកើនឡើងរវាងមហាយក្សចិននិងប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកទាំងពីរនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិCNN។
វេទិកាអន្តរជាតិមួយក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្រីភាគីរវាងចិន កូរ៉េខាងត្បូង និងជប៉ុន ត្រូវបានរៀបចំឡើងនៅទីក្រុងឈិងតាវ ភាគខាងកើត ប្រទេសចិន ដោយមានការចូលរួមពីភ្ញៀវកិត្តិយសមកពីប្រទេសជប៉ុន និងកូរ៉េខាងត្បូងជាច្រើននាក់។ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី (Yoshimasa Hayashi) និងលោក ផាក ជីន (Park Jin) រដ្ឋមន្ត្រីការបរទកូរ៉េខាងត្បូងបានចូលរួមក្នុងព្រឹត្តិការណ៍នេះពីចម្ងាយតាមប្រព័ន្ធវីដេអូ។ កាលពីថ្ងៃចន្ទ លោក វ៉ាង យី បាននិយាយតាមរយៈខ្សែវីដេអូទៅកាន់ភ្ញៀវជប៉ុននិងភ្ញៀវកូរ៉េដែលមកចូលរួមក្នុងវេទិកានោះថា ភាគច្រើននៃជនជាតិអាមេរិកនិងជនជាតិអឺរ៉ុប មិនអាចបែងចែករវាងចិន កូរ៉េខាងត្បូង និងជប៉ុនទេ។
លោកបានបន្ថែមក្នុងសម្ដីដើមថា៖ «មិនថាអ្នកលាបពណ៌សក់របស់អ្នកពណ៌ទុងដែងប៉ុណ្ណា ធ្វើច្រមុះរបស់អ្នកឱ្យស្រួចប៉ុណ្ណាទេ អ្នកមិនអាចក្លាយជាជនជាតិអឺរ៉ុបឬជនជាតិអាមេរិកបានទេ អ្នកមិនអាចប្រែជាជនបស្ចិមប្រទេសបានឡើយ»។ លោក វ៉ាង បានបន្តក្នុងសម្ដីដើមទៀតថា៖ «យើងត្រូវដឹងពីឫសគល់របស់យើងចេញពីណា»។
លោកវ៉ាងបានអំពាវនាវឱ្យជប៉ុន និងកូរ៉េខាងត្បូង ធ្វើការជាមួយចិន ដើម្បីការរីកចម្រើនទាំងអស់គ្នា ធ្វើឱ្យតំបន់អាស៊ីបូព៌ា និងអាស៊ីទាំងមូល មានកម្លាំងឡើងវិញ និងផ្ដល់ផលប្រយោជន៍ឱ្យពិភពលោក។
ការថ្លែងនៅក្នុងព្រឹត្តិការណ៍វេទិកាអន្តរជាតិដោយប្រមុខអ្នកការទូតចិនបែបនេះ វាមិនមែនជារឿងចៃដន្យទេ។ វាបានកើតឡើងចំពេលដែលប្រទេសអាស៊ីបូព៌ាទាំងពីរបាននិងកំពុងចូលជិតសហរដ្ឋអាមេរិកកាន់តែស្អិតល្មួត និងថែមទាំងបានផ្សះផ្សាទំនាក់ទំនងទ្វេភាគីរវាងគ្នានឹងគ្នាទៀតផង។ ការណ៍នេះហើយបានធ្វើឱ្យទីក្រុងប៉េកាំងមានការព្រួយបារម្ភជារួម ចំពោះឥទ្ធិពលបស្ចឹមលោកនៅអាស៊ី ខណៈដែលកូរ៉េនិងជប៉ុនក៏ព្រួយបារម្ភអំពីការកើនឡើងឥទ្ធិពលចិន និងការពង្រីកអំណាចយោធាចិនកាន់តែខ្លាំងដែរនៅក្នុងតំបន់។
យ៉ាងណាមិញ ក្រោយវេទិកានោះ ក្រសួងការបរទេសចិនចេញសេក្តីថ្លែងការណ៍មួយថា ការថ្លែងឡើងរបស់លោក វ៉ាង បានបញ្ជូនសញ្ញាយ៉ាងច្បាស់មួយទៅកាន់ប្រទេសក្បែរខាងទាំងពីរថា «វាដល់ពេលហើយ ដើម្បីរួបរួមគ្នាឡើងវិញ»។ សេចក្តីថ្លែងការណ៍នោះសរសេរបន្ថែមថា លោក វ៉ាង យី ក៏បានអំពាវនាវឱ្យជប៉ុននិងកូរ៉េខាងត្បូង«លើកកម្ពស់គុណតម្លៃអាស៊ីជារួម និងជំរុញឱ្យមានស្វ័យភាពជាយុទ្ធសាស្រ្ត រក្សាឯកភាព និងស្ថិរភាពក្នុងតំបន់ ដើម្បីទប់ទល់នឹងការវិលត្រឡប់មកវិញនៃផ្នត់គំនិតសង្រ្គាមត្រជាក់ និងស្ថិតនៅឆ្ងាយពីការបង្ខិតបង្ខំពីប្រទេសអនុត្តរភាព»។ លោក វ៉ាង បញ្ជាក់ក្នុងសម្ដីផ្ទាល់ថា «ជោគវាសនានៃតំបន់គឺស្ថិតនៅក្នុងដៃរបស់យើងផ្ទាល់»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមរដ្ឋបាលលោក ចូ បៃដិន អាមេរិកបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្រួបបង្រួមសម្ព័ន្ធមិត្ត និងដៃគូដែលមានគំនិតដូចគ្នា ដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងជាមួយកូរ៉េខាងត្បូង និងជប៉ុន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតទាំងពីររបស់ខ្លួននៅអាស៊ី។ ចំណងត្រីភាគីរបស់ពួកគេត្រូវបានពង្រឹងបន្ថែមទៀតដោយសារមានការព្រួយបារម្ភផ្នែកសន្តិសុខដែលបង្កឡើងដោយកូរ៉េខាងជើង។ ម្យ៉ាងវិញទៀត ប្រទេសទាំងបីក៏បានធ្វើសមយុទ្ធយោធារួមគ្នាជាច្រើនដងនៅឆ្នាំនេះ ដើម្បីត្រៀមខ្លួនប្រឆាំងនឹងការគំរាមកំហែងមីស៊ីលរបស់កូរ៉េខាងជើង។ លើសពីនេះទៅទៀត ពួកគេក៏បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ ដែលជាតំបន់មួយដែលទាំងទីក្រុងតូក្យូ ទាំងទីក្រុងសេអ៊ូល បាននិយាយថា មានសារៈសំខាន់ចំពោះសន្តិសុខរៀងៗខ្លួន។ ការណ៍នេះតែងធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារជាប្រចាំ ព្រោះចិនចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសរបស់ខ្លួន ខណៈដែលលោកខាងលិចនិងសម្ព័ន្ធមិត្តហាក់លើកទឹកចិត្តឱ្យតៃវ៉ាន់ជាប្រទេសឯករាជ្យ ទោះបីជាមានគោលនយោបាយចិនតែមួយក្ដី៕